តើលោក ម៉ូចតាបា ជានរណា? លោកគឺជាបព្វជិតឋានៈកណ្ដាល ដែលបានសម្រួចចំណេះដឹងសាសនាយ៉ាងស៊ីជម្រៅ ក្រោមការជ្រោមជ្រែងពីក្រុមអភិរក្សនិយមក្នុងទីក្រុង កូម។ មិនត្រឹមតែជាអ្នកប្រកាន់ខ្ជាប់នូវគោលការណ៍សាសនាយ៉ាងតឹងរ៉ឹងប៉ុណ្ណោះទេ លោក ម៉ូចតាបា ក៏ត្រូវបានគេដឹងថា មានទំនាក់ទំនងដែកថែបជាមួយកងកម្លាំងឆ្មាំបដិវត្តន៍ ដែលជាខ្នងបង្អែកដ៏រឹងមាំបំផុតក្នុងការការពាររដ្ឋអ៊ិស្លាម តាំងពីសម័យឪពុករបស់លោកកាន់អំណាចក្នុងឆ្នាំ១៩៨៩។
យោងតាមទីភ្នាក់ងារព័ត៌មាន Irish Examiner បុរសខ្លាំងវ័យ៥៦ឆ្នាំរូបនេះ មិនដែលធ្លាប់កាន់តំណែងផ្លូវការណាមួយក្នុងរដ្ឋាភិបាលឡើយ ប៉ុន្តែលោក គឺជាអ្នកបញ្ជាការក្រោយឆាកដ៏មានឥទ្ធិពលបំផុត ដោយដើរតួជាភ្នែកជាច្រមុះឱ្យឪពុករបស់លោកក្នុងគ្រប់កិច្ចការរដ្ឋ។
ទោះជាយ៉ាងណាការឡើងកាន់តំណែងនេះកំពុងបង្កើតជាព្យុះនៃភាពចម្រូងចម្រាស។ ក្រុមអ្នករិះគន់បានលើកឡើងថា នេះគឺជាការផ្ទេរអំណាចបែបខ្សែស្រឡាយរាជវង្ស ដែលជាអ្វីដែលបដិវត្តន៍ឆ្នាំ១៩៧៩ ធ្លាប់បានប្រឆាំង និងផ្ដួលរំលំរបបព្រះមហាក្សត្រនាពេលនោះ។ សូម្បីតែលោក អាលី ខាមេនី ខ្លួនឯង ក៏ធ្លាប់បានបង្ហាញឥរិយាបថមិនគាំទ្រចំពោះការបន្តអំណាចតាមរបៀបគ្រួសារនិយមបែបនេះដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺលោក ម៉ូចតាបា មានទម្រង់មុខមាត់ស្រដៀងនឹងឪពុករបស់លោកយ៉ាងខ្លាំង។ លោកតែងតែបង្ហាញខ្លួនជាមួយឈ្នួតក្បាលពណ៌ខ្មៅ ដែលជាជានិមិត្តរូបបញ្ជាក់ថា គ្រួសាររបស់លោកមានដើមកំណើតចេញពីខ្សែស្រឡាយរបស់ព្យាការី ម៉ូហាមម៉ាដ ដោយផ្ទាល់៕
អត្ថបទៈ សួន ឡង់ទី