សារព័ត៌មានបរទេសបានរាយការណ៍ថា ស្ថាប័នធនាគារពាណិជ្ជទាំង៨ខាងលើ ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងដំណើរការដេញថ្លៃប្រាក់ដុល្លារប្រចាំថ្ងៃរបស់ធនាគារកណ្តាលអ៊ីរ៉ាក់ ដែលជាប្រភពសំខាន់នៃរូបិយប័ណ្ណ ដែលពឹងផ្អែកលើការនាំចូល ហើយវាបានក្លាយជាចំណុចស្នូល នៃការបង្រ្កាបរបស់អាម៉េ រិកលើការរត់ពន្ធលុយដុល្លារទៅកាន់ប្រទេសអ៊ីរ៉ង់។
នេះអាចជាការសម្រេចចិត្តដ៏លំបាកមួយរបស់អ៊ីរ៉ាក់ ដោយសារបច្ចុប្បន្ន អ៊ីរ៉ាក់ កំពុងពឹងពាក់ខ្លាំងលើរបបទីក្រុងវ៉ាស៊ីនតោន និងរបបទីក្រុងតេហេរ៉ង់។ ប៉ុន្តែការសម្រេចចិត្តរបស់អ៊ីរ៉ាក់នេះ អាចជាមូលហេតុមួយពាក់ព័ន្ធនឹងទុនបម្រុងតម្លៃជាង១០០ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិក ដែលអ៊ីរ៉ាក់កំពុងត្រូវការ ដើម្បីធានានូវលទ្ធភាពទទួលបានការទូទាត់លើការនាំចេញប្រេង និងហិរញ្ញវត្ថុតាមច្រកអាម៉េរិក។
ជុំវិញបញ្ហានេះអ្នកនាំពាក្យរតនាគារអាម៉េរិក បាននិយាយថា ខ្លួនសូមសរសើរដល់ការបន្តអនុវត្តដោយធនាគារកណ្តាលអ៊ីរ៉ាក់ ដើម្បីការពារប្រព័ន្ធហិរញ្ញវត្ថុអ៊ីរ៉ាក់ពីការរំលោភបំពានលើភាពស្របច្បាប់របស់អ៊ីរ៉ាក់ ប៉ុន្តែប្រធានសមាគមធនាគារឯកជនអ៊ីរ៉ាក់មិនពន្យល់ករណីនេះឡើយ ។ ការដាក់ចេញបម្រាមមិនឱ្យធ្វើប្រតិបត្តិការប្រាក់ដុល្លារលើធនាគារ៨នៅអ៊ីរ៉ាក់នៅពេលនេះ មិនមែនជាករណីដំបូងនោះទេ ពោលគីកាលពីខែកក្កដា ឆ្នាំ២០២៣ អ៊ីរ៉ាក់ ក៏ធ្លាប់ដាក់បម្រាមធនាគារចំនួន១៤លើបញ្ហានេះផងដែរ។
កាលពីសប្តាហ៍មុន លោក ប្រាយអេន ណេលសិន (Brian Nelson) អនុរដ្ឋមន្រ្តីទទួលបន្ទុករតនាគារអាម៉េរិក គឺជាអ្នកដែលបានទៅ ជួបមន្ត្រីកំពូលអ៊ីរ៉ាក់នៅទីក្រុងបាកដាដ ដើម្បីពិភាក្សាអំពីរបៀបការពារប្រព័ន្ធហិរញ្ញវត្ថុអ៊ីរ៉ាក់ និងអន្តរជាតិពីឧក្រិដ្ឋជន ពុករលួយ និងភេរវករ ស្របពេលដែលរតនាគារអាម៉េរិកបានប្រកាសចំណាត់ការប្រឆាំងនឹងធនាគារអ៊ីរ៉ាក់មួយចំនួនថា មានជាប់ពាក់ព័ន្ធក្នុងការបង្វែរប្រាក់រាប់សិបពាន់លានដុល្លារទៅកាន់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់៕
ដោយៈ សរ សុជាតិ