លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់ខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា សមាជិករបស់សមាគមទាំងអស់ បានជជែកគ្នាច្រើនជុំវិញការបញ្ចុះអត្រាការប្រាក់បញ្ញើនេះ ប៉ុន្តែដោយសារវាពាក់ព័ន្ធនឹងឯកសារផ្លូវច្បាប់ផ្សេងៗច្រើន ដូចនេះ ការបញ្ចុះអត្រាការប្រាក់បញ្ញើរនេះ អាចនឹងធ្វើទៅបានចំពោះតែអតិថិជនដែលមកដាក់ប្រាក់បញ្ញើថ្មីៗប៉ុណ្ណោះ ដោយឡែក សម្រាប់អតិថិជនចាស់ៗដែលបានដាក់ប្រាក់បញ្ញើរួច ពិតជាមិនអាចអនុវត្តបាននោះទេ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងដែរថា ការបញ្ចុះអត្រាការប្រាក់បញ្ញើរបស់អតិថិជន បច្ចុប្បន្នខាងសមាគមនៅតែបន្តពិភាក្សាបន្តទៀត នៅមិនទាន់សម្រេចចុងក្រោយនៅឡើយទេ។
សូមរំលឹកថា កាលពីថ្ងៃទី ១០ ខែមេសា ចុងសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ធនាគារជាតិនៃកម្ពុជា ពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងអនុវត្តការបញ្ចុះអត្រាការប្រាក់បញ្ញើអតិថិជន ដើម្បីអាចជួយសម្រួលដល់អត្រាការប្រាក់កម្ចីឥណទានរបស់ពលរដ្ឋបានខ្លះនៅក្នុងគ្រាដ៏លំបាកនេះ។
សូមជម្រាបថា កន្លងទៅ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្លាប់បានចេញគោលការណ៍ចំនួន ៦ចំណុចម្តងរួចមកហើយ ដែលវិធានការនេះ ក៏មានលក្ខខណ្ឌអនុគ្រោះច្រើនសម្រាប់អ្នកដែលរងគ្រោះជាក់ស្ដែង ដោយសារតែបញ្ហាកូវីដ-១៩ ផងដែរ។ យ៉ាងណាមិញ នៅថ្ងៃទី១២ ខែមេសាម្សិលមិញនេះ សមាគមទាំង២ក៏ចេញគោលបន្ថែមទៀតពីលើគោល៦ចំណុចដែលមានស្រាប់នោះ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់រាជរដ្ឋាភិបាល ដោយបានបន្ថែមនូវគោលការណ៍ខ្លះ ដល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ដោយទទួលបានការលើកលែងការបង់ការប្រាក់រយៈពេល១ខែបន្ថែមទៀតពីលើគោលមុនត្រឹម១ខែ ដូចនេះការលើកលែងការបង់ការប្រាក់សរុប២ខែ ហើយសម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័កនឹងផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល៣ខែផងដែរ។
ដោយឡែក ក្នុងករណីចាំបាច់នានាដែលជាតម្រូវការរបស់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ អតិថិជន អាចធ្វើការពិភាក្សាដោយផ្ទាល់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ សមាគមក៏បញ្ជាក់ជំហរជាថ្មីថា ក្នុងរយៈពេលដ៏លំបាកនេះ រាល់សមាជិករបស់ខ្លួន នឹងមិនមានការផាកពិន័យចំពោះ អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នោះទេ៕
ចុច Like Facebook Page របស់ខេមបូណូមីស និងចូលរួមក្នុង Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗលឿនរហ័សមុនគេ: https://t.me/cambonomist