វិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិន ដែលបានធ្លាក់ចុះជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានក្រុមហ៊ុន Fitch Ratings ព្យាករថា នឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ឆ្នាំ២០២៥ ដោយសារតម្លៃ និងការលក់នៅតែទន់ខ្សោយ បើទោះបីជាមានការជំរុញពីរដ្ឋាភិបាលក្រុងប៉េកាំងជាបន្តបន្ទាប់ក៏ដោយ។
លោកស្រី វ៉ាង យីង ( Wang Ying) នាយកគ្រប់គ្រងក្រុមហ៊ុន Fitch Rating នៅទីក្រុងសៀងហៃ បានវាយតម្លៃថា តម្លៃលំនៅឋានថ្មីនៅក្នុងប្រទេសចិន នឹងធ្លាក់ចុះ៥%ទៀត នៅឆ្នាំ២០២៥ ដូចទៅនឹងអ្វីដែលបានរំពឹងទុកដោយការិយាល័យស្ថិតិជាតិ របស់ប្រទេសចិន។ លោកស្រីបានអះអាងថា បើទោះបីជាតម្លៃលំនៅឋានថ្មីវាស្រុតចុះមែនក៏ពិតមែន តែអត្រានៃការលក់លំនៅឋានថ្មីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះរហូតដល់១០%ឯណោះ ដូច្នេះចំណុចរបត់ថ្មីនៃកំណើនសម្រាប់វិស័យអចលនទ្រព្យចិននៅមិនទាន់មកដល់នៅឡើយទេ។
ប្រទេសចិន នៅក្នុងរយៈពេលពីរខែចុងក្រោយនេះ បានបញ្ចេញនូវកញ្ចប់គោលនយោបាយដ៏រឹងមាំបំផុតរបស់ខ្លួន ដើម្បីជំរុញទីផ្សារអចលនទ្រព្យ រួមទាំងការកាត់បន្ថយថ្លៃដើមលើកម្ចីទិញលំនៅស្ថានដែលមានស្រាប់ ការបន្ធូរបន្ថយលក្ខខណ្ឌការទិញនៅតាមទីក្រុងធំៗ និងការកាត់បន្ថយពន្ធលើការទិញលំនៅឋានជាដើម។
ពាក់ព័ន្ធនឹងស្ថានភាពវិស័យធនាគារវិញ លោកស្រី វីវៀន ស៊ូ ( Vivian Xue ) នាយកទទួលបន្ទុកហិរញ្ញវត្ថុនៃក្រុមហ៊ុន Fitch Rating បាននិយាយថា បើទោះបីជាធនាគារចិននានា កំពុងប្រយុទ្ធជាមួយនឹងអត្រាប្រាក់ទាប ការធ្លាក់ចុះប្រាក់ចំណេញ និងការកើនឡើងបំណុលអាក្រក់ក៏ដោយ ក៏វិស័យធនាគារចិននៅតែបន្តប្រឹងប្រែងជួយគាំទ្រវិស័យអចលនទ្រព្យ។
លោកស្រី បាននិយាយថា កម្រិតការប្រាក់សុទ្ធនៅធនាគារចិន បានធ្លាក់ចុះមកនៅត្រឹម១,៥% នៅក្នុងត្រីមាសទី៣ឆ្នាំនេះ ដែលជាកម្រិតទាបបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយរំពឹងថា នឹងអាចបន្តទម្លាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ ខាងមុខ៕
ដោយៈ សរ សុជាតិ