
ទិន្នន័យផ្លូវការបានបង្ហាញថា ការលក់អចលនទ្រព្យក្នុងប្រទេសចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ និងដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកនៅតែបន្តដាំក្បាលចុះខ្លាំងក្នុងរយៈពេល៥ខែឆ្នាំ២០២៥ នេះ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនចិន China Real Estate Information Corp ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្ដល់សេវាទិន្នន័យ ការវិភាគ និងពិគ្រោះយោបល់អចលនទ្រព្យបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការលក់សរុបបញ្ចូលគ្នារបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗទាំង១០០នៅក្នុងប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅ៧,១% បើធៀបនឹងឆ្នាំមុនមកនៅត្រឹម១៨០ពាន់លានដុល្លារអាម៉េរិក។ ទិន្នន័យនេះរាប់បញ្ចូលតែគម្រោងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនេះប៉ុណ្ណោះ។
ទន្ទឹមនេះ ក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យចិន មួយផ្សេងទៀត គឺក្រុមហ៊ុន China Index Holdings ក៏បានបង្ហាញពីនិន្នាការស្រដៀងគ្នានេះដែរ។ ក្រុមហ៊ុននេះ បានបញ្ចេញរបាយការណ៍របស់ខ្លួនថា ការលក់អចលនទ្រព្យសរុបបញ្ចូលគ្នារបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលទាំង១០០នៅប្រទេសចិន បានធ្លាក់ចុះ១០,៨% បើធៀបនឹងឆ្នាំមុនមកនៅត្រឹម១៩៥ពាន់លានដុល្លារអាម៉រិក ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។ ខុសពីរបាយការណ៍ផ្សេងៗ របាយការណ៍របស់ក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យ China Index Holdings រួមបញ្ចូលទាំងគម្រោងដែលក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនេះគ្រប់គ្រងផ្ទាល់ និងគម្រោងដែលគ្រប់គ្រងដោយដៃគូសហការ។
អស់រយៈពេលជាយូរមកហើយដែលទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ត្រូវបានជំរុញឱ្យមានសន្ទុះហក់ឡើងខ្លាំងជាលំដាប់ដោយសារកត្តាចម្បងពីររួមមានកត្តាតម្រូវការលំនៅឋានថ្មីៗ និងកត្តាជំនឿថា លំនៅឋានជាការវិនិយោគដ៏មានសុវត្ថិភាព។ ទោះជាយ៉ាងណា ចាប់តាំងពីទីផ្សារអចលនទ្រព្យចិន ដាំក្បាលចុះមក ការទិញលំនៅឋានលែងត្រូវបានគេមើលឃើញថា ជាការវិនិយោគដ៏ល្អទៀតហើយនៅក្នុងទីក្រុងតូចៗជាច្រើន។ ពលរដ្ឋចិន ភាគច្រើននៅក្នុងទីក្រុងតូចទាំងនោះមានលំនៅឋានគ្រប់គ្រាន់ហើយ បូករួមចំនួនប្រជាជនធ្លាក់ចុះ ហើយគ្រួសារជាច្រើនមានផ្ទះពីរ ឬផ្ទះបី ទើបធ្វើឱ្យការលក់ផ្ទះធ្លាក់ចុះខ្លាំង៕
ដោយ: តែម សុខុម