ប្រទេសឡាវ

តើប្រទេសឡាវអាចក្លាយដើរតាមលំនៅវិបត្តិសេដ្ឋកិច្ចដូចស្រីលង្កាដែរ ឬយ៉ាងណា?


ប្រទេសឡាវដែលកំពុងមានទុនបំរុងអន្តរជាតិធ្លាក់ចុះ និងប្រឈមនឹងអតិផរណាកើនឡើងខ្ពស់នោះ នាពេលនេះ ត្រូវបានគេមើលឃើញថា ហាក់កំពុងដើរទៅរកផ្លូវមួយ ស្រដៀងនឹងប្រទេសស្រីលង្កាបាននិងកំពុងឆ្លងកាត់ដែរ នោះគឺវិបត្តិខ្វះខាតប្រេងឥន្ធនៈ ដែលកំពុងបន្ដអូសបន្លាយកាន់តែយូរ ខណៈរូបិយបណ្ណរបស់ខ្លួនក៏កំពុងធ្លាក់ចុះ គួបផ្សំនឹងបន្ទុកបំណុលពូនគរកាន់តែច្រើន ដែលទាំងអស់នេះ គឺជាក្ដីបារម្ភខ្លាំងមែនទែនចំពោះប្រទេសឡាវនាពេលបច្ចុប្បន្ននេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ប្រទេសឡាវអាចក្លាយដើរតាមលំនៅវិបត្តិសេដ្ឋកិច្ចដូចស្រីលង្កា?
ដោយ

កង្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសឡាវ ដែលមានប្រជាជនចំនួន ៧លាន៥សែនលាននាក់នេះ គឺជាវិបត្តិចុងក្រោយមួយ ដែលជាលទ្ធផលវាបានរុញឱ្យតម្លៃប្រេងកើនខ្ពស់ និងតម្លៃរូបិយប័ណ្ណ គីប ធ្លាក់ចុះ។ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺ បន្ទុកបំណុល ដែលតែងជាបញ្ហាប្រឈមមួយសម្រាប់រដ្ឋាភិបាលបក្សកុម្មុយនិស្ដឡាវ ដែលបានកាន់អំណាចតាំងពីឆ្នាំ ១៩៧៥មក។

លោក អានុកា សា (Anushka Shah) អនុប្រធាននិងជាមន្ត្រីឥណទានជាន់ខ្ពស់នៅក្រុមហ៊ុន Moody's Investors Service ដែលបានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសឡាវកាលពីពេលថ្មីៗនេះ បានកត់សម្គាល់ពីអភិបាលកិច្ចទន់ខ្សោយរបស់រដ្ឋាភិបាលក្រុងវៀងចន្ទន៍ ជាមួយបន្ទុកបំណុលខ្ពស់ និងទុនបំរុង ប្តូរប្រាក់បរទេសមិនគ្រប់គ្រាន់ ជាកត្តាធ្វើឱ្យបញ្ហាអូសបន្លាយមកដល់ពេលនេះ។

យោងតាមធនាគារពិភពលោក គិតត្រឹមខែធ្នូឆ្នាំ២០២១ ប្រទេសឡាវមានទុនបំរុងចំនួន ១ពាន់៣រយលានដុល្លារនៅក្នុងដៃ ខណៈដែលការសងបំណុលខាងក្រៅវិញ ឡាវត្រូវសងបំណុលដែលមានចំនួនស្មើនឹងពាក់កណ្តាលនៃចំណូលក្នុងស្រុកសរុប នៅរៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៥។

នៅមានកត្តាខាងក្រៅផ្សេងទៀតដែលធ្វើឱ្យឡាវដើរមកដល់ចំណុចនេះ ហើយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតក៏កំពុងជួបប្រឈមដែរនោះ គឺបញ្ហាអត្រាការប្រាក់កម្ចីខ្ពស់របស់សហរដ្ឋអាមេរិក ដែលធ្វើឲ្យរូបិយបណ្ណក្នុងស្រុកធ្លាក់ចុះ ធៀបនឹងប្រាក់ដុល្លារ ធ្វើឱ្យការនាំចូលមានតម្លៃថ្លៃជាងមុន ហើយតម្លៃប្រេងចេះតែកើនឡើងដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនផងនោះ បាននាំធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍ ជួបបន្ទុកបំណុលកាន់តែខ្លាំង ប្រាក់ចំណូលខ្សោយ និងសាច់ប្រាក់ទុនបម្រុងមិនគ្រប់គ្រាន់។

យ៉ាងណាមិញ បញ្ហាដែលបានរៀបរាប់ខាងលនេះ ក៏ជាផ្នែកមួយចំនួននៃដើមចម ដែលបានរុញច្រានប្រទេសស្រីលង្កាធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយនៅដើមឆ្នាំនេះដែរ ខណៈបច្ចុប្បន្ន ប្រទេសស្រីលង្កានេះ គ្មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ ស្បៀងអាហារ និងថ្នាំពេទ្យបានគ្រប់គ្រាន់នោះឡើយ។

បក្សកុម្មុយនិស្តឡាវដែលកំពុងកាន់អំណាច កំពុងព្យាយាមទប់ទល់នឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដើម្បីកុំឲ្យធ្លាក់ខ្លួនដល់ដំណាក់កាលដូចប្រទេសស្រីលង្កា។ អ្នកជំនាញព្រមានថា ទោះបីជាបច្ចុប្បន្ន មិនមានការធ្វើបាតុកម្មតវ៉ាប្រឆាំងរហូតដល់ទាមទារឲ្យមេដឹកនាំចុះចេញពីតំណែងដូចនៅស្រីលង្កាក៏ពិតមែន ប៉ុន្តែបើស្ថានការណ៍សេដ្ឋកិច្ចបែបនេះនៅតែអូសបន្លាយ និងគ្មានដំណោះស្រាយមានប្រសិទ្ធិភាព ប្រមុខដឹកនាំកំពូល ឬត្រឹមឋានៈរដ្ឋមន្ត្រីទំនងជាត្រូវលះបង់តំណែងខ្លះ ដើម្បីរំងាប់ការមិនពេញចិត្តរបស់ប្រជាជនជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១ ប្រទេសឡាវមានបំណុលសាធារណៈសរុបជាង១៤ពាន់លានដុល្លារ ដោយប្រហែលពាក់កណ្ដាលគឺជំពាក់ប្រទេសចិន។ នេះបើតាមទិន្នន័យដែលសារព័ត៌មាន Bloomberg បានស្រង់ចេញពីធនាគារពិភពលោក។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ធ្លាប់បានព្រមានដែរថា ប្រទេសឡាវ គឺមានបំណុលសាធារណៈខ្ពស់ ហើយហានិភ័យនៃបំណុលក៏នៅតែបន្ដកើនឡើងផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគលើសុខុមាលភាពឌីជីថលរបស់សហគមន៍ TikTok នៅកម្ពុជា

ព័ត៌មាន
ភ្លែតហ្វមវីដេអូខ្លីៗ TikTok ដែលមានបេសកកម្មបំផុសភាពច្នៃប្រឌិដ្ឋ និងនាំមកនូវភាពរីករាយ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីថែរក្សាសុខុមាលភា…

ប្រទេសឥណ្ឌានឹងវិនិយោគប្រាក់ ៣០ពាន់លានដុល្លារទៅក្នុងវិស័យបច្ចេកវិទ្យា និងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីប

ព័ត៌មាន
អ្នកការទូតកំពូលរបស់ប្រទេសឥណ្ឌាប្រចាំនៅកោះតៃវ៉ាន់បានអះអាងថា ប្រទេសឥណ្ឌានឹងចំណាយប្រាក់ចំនួន ៣០ ពាន់លានដុល្លារ ដើម្បីកែលម្អឧស្សាហកម្មបច្ចេកវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ