សមាគមភោជនីយដ្ឋានថៃ បានឱ្យដឹងថា វិបត្តិធ្ងន់ធ្ងរដែលបណ្ដាលឱ្យភោជនីយដ្ឋានរហូតដល់ទៅជាង៦០ម៉ឺនកន្លែងបានបិទទ្វារជាបន្តបន្ទាប់នេះ គឺដោយសារកត្តាចម្បងមួយចំនួនរួមមានការធ្លាក់ចុះសេដ្ឋកិច្ច ការប្រកួតប្រជែងដ៏តានតឹង ថ្លៃដើមកើនឡើង ហើយការចាយវាយរបស់អតិថិជនជាអ្នកប្រើប្រាស់ធ្លាក់ចុះ។
នៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ លោកស្រី ថានីវ៉ាន់ គុលមង្គល (Thaniwan Kulmongkol) ប្រធានសមាគមភោជនីយដ្ឋានថៃ បានលើកឡើងថា ភោជនីយដ្ឋាននានា ចាំបាច់ត្រូវផ្លាស់ប្តូរគំរូអាជីវកម្មរបស់ពួកគេជាបន្ទាន់ ដើម្បីអាចបន្តរស់រានបានក្នុងស្ថានភាពដ៏លំបាកនេះ។
ស្ថានភាពនេះកាន់តែគួរឱ្យព្រួយបារម្ភ ជាពិសេសសម្រាប់ភោជនីយដ្ឋានធំៗ និងភោជនីយដ្ឋានដែលពឹងផ្អែកលើកម្មវីធីជួបជុំដូចជាពិធីជប់លៀងចូលនិវត្តន៍ជាដើម។ ការកក់ទុកសម្រាប់កម្មវិធីបែបនេះបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបណ្តាលឱ្យប្រាក់ចំណូលធ្លាក់ចុះខ្លាំងទៅតាមនោះដែរ។
សូម្បីភោជនីយដ្ឋានលំដាប់ខ្ពស់ និងភោជនីដ្ឋានដែលទទួលបានពានរង្វាន់ក៏បានធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួនរហូតដល់ទៅ៤០% ផងដែរ។ កត្តានេះ បានបង្ខំឱ្យម្ចាស់អាជីវកម្មជាច្រើនយកលុយសន្សំផ្ទាល់ខ្លួនមកប្រើប្រាស់ ដើម្បីរក្សាអាជីវកម្មរបស់ពួកគេអាចបន្តដំណើរការតទៅទៀតបាន។
ទោះជាយ៉ាងណា ថ្វីដ្បិតតែមានបញ្ហាប្រឈមទាំងនេះក្ដី ក៏ស្ថាប័នវិភាគ TTB Analytics បានព្យាករថា ទីផ្សារភោជនីយដ្ឋានទាំងមូលនៅក្នុងប្រទេសថៃ មានទំហំមិនក្រោម២០ពាន់លានដុល្លារអាម៉េរិកនោះឡើយនៅក្នុងឆ្នាំ២០២៤ នេះ ដែលនេះ បង្ហាញពីសក្ដានុពលធំធេង ទោះជាមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក្ដី។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ភោជនីយដ្ឋានថ្មីៗជាង១០ម៉ឺនកន្លែងបានបើកដំណើរការនៅក្នុងឆ្នាំ២០២៣ ដោយកើនឡើង១៣,៦% ដែលនាំឱ្យចំនួនភោជនីយដ្ឋានសរុបនៅក្នុងប្រទេសថៃ កើនឡើងដល់ជាង៦៨ម៉ឺនកន្លែង។ ទោះជាយ៉ាងណា ភោជនីយដ្ឋានប្រហែល៥០%បានបិទទ្វារក្នុងរយៈពេល៦ខែដំបូងក្នុងឆ្នាំដដែល៕
ដោយ: តែម សុខុម