ពាក់ព័ន្ធសំណួរនេះអ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមវាយតម្លៃថា ថៃទំនងជាមានប្រទេសមហាអំណាចណាមួយនៅពីក្រោយខ្នង និងបានចាត់ទុកការប្រកាសបន្តធ្វើសង្គ្រាមដោយចំហរជាមួយកម្ពុជាជាយុទ្ធសាស្ត្រអូសទាញកម្ពុជាឱ្យបន្តធ្វើសង្គ្រាមជាមួយខ្លួន ដើម្បីបម្រើនយោបាយក្នុងស្រុក និងបង្កើនប្រជាប្រិយភាពសម្រាប់អ្នកនយោបាយថៃ។
Story: លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គមបានវាយតម្លៃថា ការដែលថៃមិនសូវខ្វល់ជាមួយកិច្ចអន្តរាគមន៍របស់អាម៉េរិកក្នុងការបញ្ចប់សង្គ្រាមប្រដាប់អាវុធជាមួយកម្ពុជា អាចដោយសារតែថៃមានប្រទេសមហាអំណាចណាមួយនៅពីក្រោយធ្វើជាខ្នងបង្អែក ដែលនេះជាជម្លោះភូមិសាស្រ្តនយោបាយ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ថៃមានចេតនាច្បាស់លាស់ក្នុងការឈ្លានពានមកលើកម្ពុជា និងកំពុងរកហេតុផល ដើម្បីបកស្រាយទៅកាន់អន្តរជាតិតាមរយៈការទម្លាក់កំហុសមកលើកម្ពុជាថា ជាប្រទេសចិញ្ចឹមក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីយកលេសវាយប្រហារមកលើកម្ពុជា។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញផងដែរថា ចាប់តាំងពីយោធាថៃបានបើកការវាយប្រហារមកលើកម្ពុជារហូតមកទល់ពេលនេះ មិនទាន់មានសហគមន៍អាស៊ាន និងអន្តរជាតិណាមួយចេញសេចក្ដីប្រកាសថ្កោលទោសលើប្រទេសថៃនៅឡើយទេ បានត្រឹមតែអំពាវនាវឱ្យកម្ពុជា និងថៃអត់ធ្មត់បន្ថយភាពតានតឹង ខណៈថៃនៅតែបន្តវាយប្រហារលើកម្ពុជាមិនរើសទីតាំង។
ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានចាត់ទុកការទាត់ចោលការជួយអន្តរាគមន៍របស់សហរដ្ឋអាម៉េរិក និងម៉ាឡេស៊ីក្នុងបញ្ចប់ជម្លោះជាមួយកម្ពុជាពីសំណាក់ប្រទេសថៃ វាបានបង្ហាញពីភាពក្រអឺតក្រទមរបស់ថៃ ដែលចង់ចាត់ទុកខ្លួនឯងជាបងធំនៅតំបន់អាស៊ាន។ ស្របពេលប្រទេសថៃកាន់តែកៀកដល់ការបោះឆ្នោត អ្នកជំនាញរូបនេះជឿជាក់ថា ថៃនឹងព្យាយាមពង្រីកសង្គ្រាមជាមួយកម្ពុជា ដើម្បីបម្រើនយោបាយ និងតោងប្រជាប្រិយភាព។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ថៃមានចេតនាប្រើប្រាស់សង្គ្រាមជាមួយកម្ពុជា ដើម្បីបំបាក់សេដ្ឋកិច្ច និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ ពាក់ព័ន្ធបញ្ហានេះអ្នកជំនាញរូបនេះស្នើឱ្យសហគមន៍អន្តរជាតិត្រូវកោះប្រជុំជាបន្ទាន់ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងតំបន់ និងបញ្ឈប់ការស្លាប់របស់ជនស៊ីវិល។
សង្គ្រាមឈ្លានពានរបស់យោធាល្មោភសង្គ្រាមថៃបានអូសបន្លាយពេលជាង១សប្តាហ៍ហើយ ហើយមិនទាន់មានសញ្ញាណាមួយបង្ហាញថា សង្គ្រាមនេះនឹងបញ្ចប់ពេលណានៅឡើយទេ ក្រោយប្រទេសថៃបំពាន និងទាត់ចោលការអន្តរាគមន៍ស្វែងរកបទបាញ់ និងកិច្ចព្រមព្រៀងសន្តិភាពពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានជាបន្តបន្ទាប់។ នៅក្នុងរយៈពេលជាង១សប្តាហ៍កន្លងមកនេះ យោធាថៃបានបំពានច្បាប់អន្តរជាតិជាច្រើនតាមរយៈការប្រើប្រាស់អាវុធធុនធំ បាញ់ផ្សែងពុល និងយន្តហោះចម្បាំងបាញ់ស្រោចមកលើកងកម្លាំង និងពលរដ្ឋស៊ីវិល ដែលបណ្តាលពលរដ្ឋស៊ីវិលស្លាប់ និងរបួសជាច្រើននាក់៕
អត្ថបទដោយ៖ ជា ម៉ារ៉ា