Advertisement
វិស័យការងារ

ក្រសួងការងារ៖ ការងារ ១០ប្រភេទ ដែលថៅកែពិបាករកបុគ្គលិកខ្លាំងបំផុត


កំណើនប្រជាពលរដ្ឋគ្រប់អាយុចូលធ្វើការ បានកើនឡើងរាប់សែននាក់ ក្នុងមួយឆ្នាំៗ ប៉ុន្ដែ តាមលទ្ធផលនៃការអង្កេតថ្មីចុងក្រោយមួយ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា កង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារ ឆ្នាំ២០១៧នេះ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន មានវិស័យសំខាន់ៗចំនួន ១០ប្រភេទ ដែលនិយោជក ពិបាកក្នុងការជ្រើសរើសកម្លាំងពលកម្ម។
រូបកម្មករកម្មការនី បម្រើការងារនៅក្នុងក្រុមហ៊ុនជប៉ុន​ (AKP)
ដោយ

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានឲ្យ​ដឹងថា ក្នុងមួយឆ្នាំៗ​កម្ពុជាមាន​កំណើន​ប្រជាពលរដ្ឋ​គ្រប់អាយុចូល​ធ្វើការ​ប្រមាណ ៣សែននាក់ ប៉ុន្តែអ្នក​ស្វែងរក​ការងារ​ធ្វើមួយ​ចំនួន​​នៅតែ​ជួបការ​លំបាក ឬមិនអាច​រកការងារ​ធ្វើបាន ឬធ្វើការងារ ដែលមិន​ត្រូវនឹង​ជំនាញ ឬខ្លួន​​មិន​ពេញចិត្ត​​ជាដើម។ ទន្ទឹមគ្នានោះ និយោជក​វិញ ក៏ជួប​ប្រទះការរាំង​ស្ទះ មិនអាច​អនុវត្តតាម​ផែនការ​ផលិតកម្ម ការពង្រីក​អាជីវកម្ម ការប្រើប្រាស់​នូវបច្ចេក​វិទ្យាថ្មី ឬផលិត​ភាពទាប​ជាដើម។

Advertisement

ឯកឧត្តម អ៊ិត សំហេង បានគូស​បញ្ជាក់​ថា តាមរយៈ​លទ្ធផល​ពីការ​អង្កេត​និយោជក​ស្តីពី​កង្វះ និងគម្លាតជំនាញ​នៅក្នុង​ទីផ្សារ​ការងារ ឆ្នាំ២០១៧នេះ  ក្រសួងការងារ​ បានកត់​សម្គាល់​ឃើញថា មាន​វិស័យ​សំខាន់ៗ​ចំនួន ១០ នៃសេដ្ឋកិច្ច​កម្ពុជា​នាពេល​បច្ចុប្បន្ន ដែល​និយោជក កំពុង​ប្រឈមការ​លំបាក​ខ្លាំង ក្នុងការជ្រើស​រើស​កម្លាំង​ពលកម្ម ដើម្បី​បំពេញតាម​តម្រូវការ​របស់ខ្លួន ដែលជា​អាទិ៍​រួមមាន៖ ១.វិស័យសណ្ឋាគារ និងការស្នាក់នៅ, ២.ឡូជីស្ទីក និងការដឹកជញ្ជូន, ៣.សុខាភិបាល, ៤.អប់រំ និងបណ្តុះ​បណ្តាល, ៥.កែច្នៃម្ហូបអាហារ និងភេសជ្ជៈ, ៦.ហិរញ្ញវត្ថុ និងធានារ៉ាប់រង, ៧.ព័ត៌មានវិទ្យា, ៨.សំណង់, ៩.វាយនភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និងផលិត​ស្បែកជើង និង១០.ផលិតកម្ម​កៅស៊ូ និងផ្លាស្ទីក។

បើតាមលទ្ធផល​អង្កេត​ខាងលើ បានបញ្ជក់​ឲ្យដឹងដែរ​ថា កត្តាចម្បង​ដែលនាំឲ្យ​និយោជក​ជួបប្រទះ​ការលំបាក​ក្នុងការជ្រើស​រើសកម្លាំង​ពលកម្ម គឺបណ្តាល​មកពី​ហេតុផល​ចម្បងៗ មួយចំនួន​ដូចជា បេក្ខជនគ្មាន​ជំនាញ​បច្ចេកទេស​តាម​តម្រូវការ, មានការ​ប្រកួត​ប្រជែង​ខ្លាំងក្នុង​ចំណោម​និយោជក​ក្នុងការ​ជ្រើសរើស​, កង្វះបទ​ពិសោធន៍​ការងារ, និងបេក្ខជន​ដាក់ពាក្យ​ស្វែងរកការងារ​មាន​ចំនួនតិច។

ជាមួយគ្នានេះដែរ តាមការលើក​ឡើង​ពីឯកឧត្តម អ៊ិត សំហេង ជំនាញ​​សំខាន់ៗ ​ដែលអ្នកស្វែង​រកការងារ​មានការ​ខ្វះខាត រួមមាន៖ ជំនាញ​ភាសា​បរទេស, ជំនាញ​បច្ចេកទេស, ការបម្រើ​សេវា​អតិថិជន, ការនិយាយស្តី, ការបំពេញ​ការងារ​ជាក្រុម, ការដោះស្រាយ​បញ្ហា, ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ជាដើម។

លទ្ធផលនេះ បានបង្ហាញ​ឲ្យឃើញ​ថា ភាពមិនស៊ីគ្នា​នៃជំនាញ​នៅក្នុងទីផ្សារ​ការងារ​កម្ពុជា បច្ចុប្បន្ន បណ្តាល​មកពីកង្វះ​ជំនាញ​របស់អ្នក​ស្វែងរក​ការងារ និងទីផ្សារ​ការងារ​ពុំទាន់ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព។

លើសពីនេះ លទ្ធផលអង្កេត​ក៏បានបង្ហាញ​ឲ្យឃើញ​ទៀតថា កម្មករ​និយោជិត ដែលកំពុង​បំពេញ​ការងារ​បច្ចុប្បន្ន​ក៏ជួបប្រទះ​នូវគម្លាត​ជំនាញ​ដែរ ពោលគឺ​មិនមាន​ជំនាញ​គ្រប់គ្រាន់ សម្រាប់​បំពេញតាម​តម្រូវការ​ការងារ នៃមុខតំណែង​ការងារ​ដែលខ្លួន​កំពុង​ធ្វើ។ ក្នុងចំណោម​បញ្ហាដែលនាំ​ឲ្យកើត​មានឡើង​នូវគម្លាត​ជំនាញនេះ គឺដោយ​សារកម្មករ​និយោជិត ទើបតែ​ចូលកាន់​មុខតំណែង​ការងារ និងការ​បណ្តុះបណ្តាល​មិនត្រូវ​បានបញ្ចប់​ពេញលេញ។

បើតាម ឯកឧត្តម អ៊ិ សំហេង ទស្សន​វិស័យ​ការងារ​កម្ពុជាឆ្នាំ២០១៨ បានបង្ហាញ​អំពី​ការវិវត្ត​របស់​ទីផ្សារការងារ​នៅ​កម្ពុជា ដោយផ្តោត​សំខាន់​ទៅលើឱកាស​ការងារ​តាមប្រភេទ​នៃមុខរបរ រួមមាន៖ វិស្វករ​ឧស្សាហកម្ម​និងផលិតកម្ម, វិស្វករទូរ​គមនាគមន៍, អ្នកឯកទេស​ផ្នែក​វិទ្យុសាស្រ្ត និងថតកាំ​រស្មីអ៊ិច, អ្នកបកប្រែ​អត្ថបទ​និងអ្នកបក​ប្រែផ្ទាល់​មាត់, អ្នកបច្ចេកទេស​ផ្នែកសេវា​គាំទ្រ​ព័ត៌មានវិទ្យា, វិស្វករគីមី, អ្នកបញ្ជា​ម៉ាស៊ីន​ចំហ៊ុយ​ទឹក, ជាងធ្វើកញ្ចក់, ជាងដំឡើង​បំពង់​ទុយោរ និងបំពង់​បង្ហូរ និងអ្នក​តម្លើង​ម៉ាស៊ីន​យានយន្ត។

ទោះយ៉ាងណា ឱកាស​ការងារល្អ​ភាគច្រើន​ទាមទារ​ឲ្យមាន​ជំនាញ​មធ្យម និងខ្ពស់ ពិសេស​អ្នកទទួល​បានការបណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈកម្រិត​សញ្ញាបត្រ​​បច្ចេកទេស និងវិស្វករ។

សូមជម្រាបថា បើតាម​ប្រសាសន៍​របស់ ឯកឧត្តម អ៊ិត សំហេង បានអះអាង​ថា ប្រទេស​កម្ពុជា​នាពេលបច្ចុប្បន្ន​នេះ អត្រា​អ្នកមាន​ការងារ​ធ្វើ គឺមានខ្ពស់​ណាស់ ពោលគឺមាន​រហូតដល់​កម្រិតជាង ៩៩% ស្មើនឹងប្រមាណ​ជិត ១០លាននាក់ ខណៈដែល​អត្រាអ្នកគ្មាន​ការងារ​ធ្វើ​វិញ មានមិន​ដល់​១% ផង៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីចាយលុយជិត ១២ពាន់លានដុល្លារអាមេរិក សម្រាប់ធ្វើជាម្ចាស់ផ្ទះ World Cup 2018 តើ​ចំណាយ​លើ​អ្វីខ្លះ?

ព័ត៌មាន
រដូវកាល World Cup ឆ្នាំ២០១៨ ត្រូវបានចាប់ផ្ដើមឡើងកាលពីយប់​ថ្ងៃទី​១៤ មិថុនា​កន្លង​ទៅនេះ ដោយប្រទេសរុស្ស៊ី ត្រូវបានជ្រើសជាម្ចាស់ផ្ទះ សម្រា...

អាមេរិក​​គំរាម​​បង្កើន​ពន្ធ​១០%​បន្ថែម​ទៀត​លើ​ទំនិញ​ចិន​​តម្លៃ​២០០ពាន់​លាន​ដុល្លារ​

ព័ត៌មាន
ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៨ មិថុនា ២០១៨​នេះ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​អាមេរិក ពិនិត្យ​មើល​ទំនិញ​ចិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ