វិស័យការពារជាតិ

ជប៉ុន និងតៃវ៉ាន់ បង្ហាញក្ដីបារម្ភខ្លាំងជុំវិញការចល័តទ័ពរបស់ចិន តែត្រូវចិនព្រមានវិញធ្ងន់ៗ


ប្រទេសជប៉ុន និងកោះតៃវ៉ាន់ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានការរាយការណ៍ថា ប្រទេសចិន បានបញ្ជូននាវាកងទ័ពជើងទឹក និងនាវាឆ្មាំឆ្នេរសមុទ្ររហូតដល់ទៅជាង១០០គ្រឿងឆ្លងកាត់ដែនសមុទ្ររបស់អាស៊ីបូព៌ានៅសប្តាហ៍នេះ ដែលនេះជាការបង្ហាញសាច់ដុំកងទ័ពជើងទឹកដ៏ធំបំផុតរបស់មហាយក្សចិន។ ជាការឆ្លើយតប មហាយក្សចិន បានព្រមានធ្ងន់ៗប្រឆាំងនឹងការបញ្ចេញប្រតិកម្មហួសហេតុ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ។
វិស័យការពារជាតិ
ដោយ

ប្រទេសជប៉ុន និងកោះតៃវ៉ាន់ បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងជុំវិញការចល័តទ័ពជើងទឹកយ៉ាងសម្បើមរបស់មហាយក្សចិន តែត្រូវមហាយក្សចិន ព្រមានវិញធ្ងន់ៗត្រឡប់មកវិញ។ កោះតៃវ៉ាន់ បានអះអាងថា ការដាក់ពង្រាយទ័ពជើងទឹក និងឆ្មាំសមុទ្រនេះ បានលាតសន្ធឹងហួសច្រកសមុទ្រតៃវ៉ាន់ ឆ្លងចូលទៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រប៉ាស៊ីហ្វិកខាងលិច។

អ្នកនាំពាក្យប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ខារ៉េន គួ (Karen Kuo) បាននិយាយថា ទំហំនៃសកម្មភាពកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រចិននេះគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ហើយបានជំរុញឱ្យប្រទេសចិន បង្ហាញការអត់ធ្មត់។

ចំណែកឯប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងទេ (Lai Ching-te) បានបញ្ជាឱ្យបណ្ដាទីភ្នាក់ងារសន្តិសុខបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត និងរក្សាការសម្របសម្រួលជាមួយបណ្ដា ដៃគូមិត្តភាព។

ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីនរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) បាននិយាយថា ទីក្រុងតូក្យូ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការចល័តទ័ពរបស់​ចិន ប៉ុន្តែបានបដិសេធមិននិយាយលម្អិតនោះទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន រូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិន បានពង្រីកសកម្មភាពយោធាជាលំដាប់នៅជុំវិញប្រទេសជប៉ុន។

សូមបញ្ជាក់ថា ច្រកសមុទ្រតៃវ៉ាន់ លាតសន្ធឹងពីសមុទ្រលឿងទៅហួសប្រជុំកោះមានជម្លោះដែលជប៉ុន ហៅថា សេនកាគុ និងដែលចិន ហៅថា តាវយូ (Diaoyu)។ ថ្វីដ្បិតតែប្រទេសចិន មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ជុំវិញការដាក់ពង្រាយទ័ពជើងទឹក និងកងឆ្មាំសមុទ្រនេះ ក៏ក្រសួងការបរទេសចិន បាននិយាយថា ប្រតិបត្តិការកងទ័ពជើងទឹក និងកងទ័ពឆ្មាំសមុទ្រគោរពតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយបានព្រមានប្រឆាំងនឹងប្រតិកម្មហួសហេតុ ណាមួយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការដោះដូរពាណិជ្ជកម្មរវាងអាម៉េរិក-ចិន ត្រូវបានរំពឹងថា នឹងដាំក្បាលចុះក្នុងរង្វង់២៥% នៅឆ្នាំនេះ

ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងចិន ត្រូវបានគេរំពឹងថានឹងដាំក្បាលចុះក្នុងរង្វង់២៥% នៅឆ្នាំ២០២៥ ចំពេលអាម៉េរិក កំពុងរៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ