នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា កិច្ចប្រជុំកំពូលនេះគឺជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ប្រទេសជប៉ុន និងអាស៊ានក្នុងការឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងអាស៊ាន និងដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាព និងអនាគតរួមរបស់តំបន់ បន្ទាប់ពីជប៉ុន និងអាស៊ានមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៥០ឆ្នាំ។
លោក គីស៊ីដា បានបន្ថែមថា កិច្ចប្រជុំនេះបានបង្ហាញផែនទីចង្អុលផ្លូវដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយផ្តោតលើ "ការរួមគ្នា" ដើម្បីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម ព្រមទាំងសន្តិភាព និងស្ថិរភាព។
ពាក់ព័ន្ធនឹងឧស្សាហកម្មរថយន្ត សារព័ត៌មាន Nikkei បានរាយការណ៍ថា មេដឹកនាំជប៉ុន និងអាស៊ានបានដាក់ឱ្យដំណើរការ “គំនិតផ្តួចផ្តើមរួមគ្នាបង្កើតអាស៊ាន-ជប៉ុន សម្រាប់ឧស្សាហកម្មរថយន្តជំនាន់ក្រោយ”។ ប្រភពដដែលបានបន្តថា ក្នុងកិច្ចពិភាក្សានេះមេដឹកនាំជប៉ុន និងអាស៊ាន បានព្រមព្រៀងរួមគ្នាបង្កើត "ផែនការមេ" សម្រាប់ឧស្សាហកម្មនេះ និងសម្របសម្រួលគោលនយោបាយដើម្បី "កាត់បន្ថយការបំភាយកាបូនក្នុងខ្សែសង្វាក់តម្លៃទាំងមូល" និងការកសាង "ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ និងអាចទុកចិត្តបាន"។
ទំនាក់ទំនងរវាងប្រទេសជប៉ុន និងអាស៊ីអាគ្នេយ៍ក្នុងឧស្សាហកម្មរថយន្តមានរយៈពេលជាង៥ទសវត្សរ៍មកហើយ ដោយក្រុមហ៊ុនផលិតរថយន្តជប៉ុន រក្សាបាននូវមូលដ្ឋានផលិតកម្មក្នុងប្រទេសដូចជាថៃ និងឥណ្ឌូនេស៊ីយ៉ាងរឹងមាំ ប៉ុន្តែទោះបីជាយ៉ាងណា ជប៉ុន និងអាស៊ាន ក៏ត្រូវតែរិះគិតអំពីឧស្សាហកម្មតាមបច្ចេកវិទ្យាថ្មីជាពិសេសរថយន្តអគ្គិសនីដែលនៅពេលនេះ ឥណ្ឌូណេស៊ី ថៃ វៀតណាម ម៉ាឡេស៊ី ជាដើមកំពុងតែកំណត់គោលដៅរៀងៗខ្លួន។
ពាក់ព័ន្ធនឹងបញ្ហានេះក្រុមមន្រ្តីជប៉ុនបានអះអាងថា អំឡុងកិច្ចប្រជុំ លោក គីស៊ីដា បានលើកឡើងរួចហើយពីគោលបំណងនៃគំនិតផ្តួចផ្តើមថ្មីនេះ គឺដើម្បីធានាថា អាស៊ាននៅតែជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញរថយន្តដ៏សំខាន់នៅលើពិភពលោក ស្របពេលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់រថយន្តជំនាន់ក្រោយ"។
នៅក្រោមបរិបទថ្មី ទោះបីជាឧស្សាហកម្មរថយន្តជប៉ុននៅមានតួនាទីរឹងមាំក្នុងទីផ្សារអាស៊ាន យ៉ាងណាក្ដី ក៏ចំណែកទីផ្សាររថយន្តជប៉ុន បានថយចុះប្រមាណជា៤%។ សិ្ថតិកាលពីឆ្នាំ២០២២ បានបង្ហាញថា ចំណែកទីផ្សារថយន្តជប៉ុននៅអាស៊ាននៅពេលនេះបានថយមកនៅត្រឹម៧៣% ក្រោយពេលដែលរថយន្តអគ្គិសនីចិនហក់ចូលទីផ្សារនេះ៕
ដោយៈ សរ សុជាតិ