ជប៉ុន-អង់គ្លេស-ចិន

ជប៉ុន និងអង់គ្លេសចាប់ដៃគ្នារៀបយុទ្ធសាស្ត្រផ្នែកយោធាត្រៀមទប់ទល់នឹងការពង្រីកអំណាចរបស់ចិន


នៅទីបំផុតប្រទេសជប៉ុន និងចក្រភពអង់គ្លេសបានសម្រេចចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិថ្មីមួយរវាងគ្នា ដែលវានឹងអនុញ្ញាតឱ្យកងកម្លាំងនៃប្រទេសទាំងពីរ អាចដាក់ដាក់ពង្រាយយោធារវាងគ្នាទៅវិញទៅមកដូចជាការការហ្វឹកហ្វឺន សមយុទ្ធរួមគ្នា និងសកម្មភាពសង្គ្រោះនៅពេលមានគ្រោះមហន្តរាយ។
ជប៉ុននិងអង់គ្លេសចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារួមគ្នា

ក្រៅពីនេះកិច្ចព្រមព្រៀងដដែល ក៏​នឹង​ផ្សាភ្ជាប់តួនាទី​របស់អង់គ្លេស នៅ​ក្នុងការការពារស​ន្តិសុខ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពិសេសគឺនៅស្របពេល ដែលតំបន់មួយនេះកំពុងប្រឈមគ្រោះថ្នាក់​ ដោយសារតែការពង្រីក​ដែនអំណាច​យោធារបស់ចិន ហើយដែលកំពុងធ្វើ​ឲ្យ​ជប៉ុនព្រួយបារម្ភយ៉ាង​ខ្លាំង​។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វីមីអូ គីស៊ីដា (Fumio Kishida) និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក រ៉ីស៊ី ស៊ូណាក (Rishi Sunak) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការកងទ័ពរវាងជប៉ុន-ចក្រភពអង់គ្លេស កាលពីថ្ងៃពុធទី១១ខែមករាឆ្នាំ២០២៣ អំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំជប៉ុនរួបនេះទៅកាន់ទឹកដី​អង់គ្លេស​ជាលើកដំបូង។

កិច្ចព្រមព្រៀងនេះ នឹងពង្រីកបណ្តាញនៃកតិសញ្ញាការពារជាតិ​សម្រាប់ជប៉ុន ព្រមទាំងធ្វើឱ្យកាន់តែ​ស៊ីជម្រៅ​នូវកិច្ចសហប្រតិបត្តិការ របស់ចក្រភពអង់គ្លេសនៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ពិសេសគឺទប់ទល់នឹងការពង្រីកខ្លួន​របស់ចិន​ក្នុងតំបន់។ ក្រោយចុះហត្ថលេខា កិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចូនទៅសភាជាតិនៃប្រទេសទាំងពីរ រង់ចាំការអនុម័ត និងប្រកាសចូលជាធរមាន។

គួរជម្រាបថា​ នេះជាកិច្ចព្រមព្រៀងការពារជាតិ ដ៏ធំនិងចំបាច់បំផុតសម្រាប់ប្រទេសទាំង​២ ក្នុងពេលមួយសតវត្សរ៍មកនេះ។ សន្ធិសញ្ញាស្រដៀងគ្នានេះ ​ ដែលរដ្ឋាភិបាលក្រុងតូក្យូ និងក្រុងឡុងដ៏ធ្លាប់មាន គឺសន្ធិសញ្ញាសម្ព័ន្ធភាពអង់គ្លេស-ជប៉ុន ឆ្នាំ​១៩០២ ដើម្បីទប់ទល់ជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី​។

នាយករដ្ឋមន្ត្រីអង់គង់គ្លេស លោក ស៊ុនណាក់ បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​នេះ បានពង្រឹងការ​ប្តេជ្ញា​ចិត្ត​​របស់​ចក្រភព​អង់គ្លេស​ចំពោះ​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅក្នុងពិភពលោកដែលប្រកបដោយការប្រកួតប្រជែងកាន់តែខ្លាំងឡើងនេះ វាមានសារៈសំខាន់ជាងពេលណាៗ​ទាំងអស់ ដែលសង្គមប្រជាធិបតេយ្យនៅតែបន្តឈរ​ទន្ទឹមគ្នា ដើម្បីស្វែង​រក​ និងដោះស្រាយបញ្ហាប្រឈមជាសាកល ដែលមិនធ្លាប់មានពីមុនមក។

ដោយឡែក នាយករដ្ឋមន្ត្រីជប៉ុន លោក គីហ្សីដា បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការ​លើវិស័យ​ការពារជាតិ​រវាង​ប្រទេសទាំងពីរ។ ប្រទេសជប៉ុននិងចក្រភពអង់គ្លេស​កំពុងសហការគ្នា ដើម្បីទទួលខុសត្រូវ​ក្នុងការដោះស្រាយបញ្ហា​ជាយុទ្ធសាស្ត្រ​មិនមែនសម្រាប់តែប្រទេសទាំងពីរ​នោះទេ តែគឺដោះស្រាយបញ្ហាសម្រាប់​សហគមន៍​អន្តរជាតិ ដែលកំពុងប្រឈមមុខផងដែរ។

មែនទែនទៅ កិច្ចព្រមព្រៀង​ខាងលើនេះត្រូវបានផ្តួចផ្តើមឡើង ​​ដោយប្រទេសជប៉ុនជាមួយ​ចក្រភព​អង់គ្លេស ជាលើកដំបូងតាំងពីឆ្នាំ២០២១មក ហើយបានឆ្លងកាត់ការជជែកចរចាគ្នា​អស់ពេលជាច្រើនឆ្នាំ ទើបត្រូវបានយល់ព្រម​ជាគោលការណ៍កាលពីខែឧសភាឆ្នាំ២០២២ បន្តរហូតដល់ការចុះហត្ថលេខា​នៅដើមឆ្នាំ២០២៣នេះ។ កិច្ចព្រមព្រៀងនេះគឺជាសញ្ញាមួយនៃការពង្រឹងទំនាក់ទំនង​សន្តិសុខ​រវាងប្រទេស ទាំងពីរ ដែលសុទ្ធសឹងជាសមាជិកនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬហៅកាត់ថា G7។

បើតាមការឱ្យដឹងពីការិយាល័យរដ្ឋាភិបាលអង់គ្លេស Downing Street កិច្ចព្រមព្រៀងសហប្រតិបត្តិការកងទ័ពនេះ នឹងអនុញ្ញាតឲ្យ​កងទ័ពទាំង២ រៀបចំគម្រោងផែនការ ព្រមទាំងដាក់ចុះការអនុវត្ត​ហ្វឹក​ហាត់សមយុទ្ធ និង​ពង្រាយកម្លាំងទ័ព ក្នុងទ្រង់ទ្រាយ​ធំ។ បន្ថែមពីនេះទៀត អង់គ្លេស និងជប៉ុន និងរួមគ្នាជាមួយសម្ព័ន្ធអ៊ីតាលី ដើម្បី​ផលិត​យន្តហោះចម្បាំងទំនើប​មួយ​ប្រភេទថ្មីទៀត ឱ្យបានត្រឹមឆ្នាំ២០៣៥។

សូមជម្រាបថា ក្រៅតែពីបញ្ហាយោធា លោកនាយករដ្ឋមន្ត្រី ស៊ូណាក់ បាននិយាយជាមួយ​លោក​ គីស៊ីដា អំពី​ការរឹតចំណងសហការពាណិជ្ជកម្ម ដោយ​អង់គ្លេសមានបំណងចូលរួម​នៅក្នុង​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា CP TPP។ បន្ថែមពីនេះ ក្នុងនាមជប៉ុនជាប្រធានដឹកនាំកិច្ចប្រជុំ G7 ក្នុងឆ្នាំ២០២៣នេះ អង់គ្លេសមានបំណងជំរុញឲ្យ​ការជជែកគ្នាអំពីផែនការ​ផ្តល់ជំនួយដល់អ៊ុយក្រែន ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី ដែលជិតដល់គម្រប់មួយឆ្នាំទៅហើយ៕




អត្ថបទបន្ទាប់


មានតែ ៩ ផ្ទះទេ សម្រាប់តម្លៃពិសេសក្នុងឱកាសសម្ពោធផ្ទះគំរូថ្មី នៃលំនៅឋាន វើលដ៍ប៊្រីដ ហូមនៅចុងសប្ដាហ៍នេះ

ផ្ទះគំរូថ្មី នៃគម្រោងវើលដ៍ប៊្រីដ ហូម ដែលជាគម្រោងលំនៅឋានតម្លៃសមរម្យ នឹងត្រូវដាក់សម្ពោធនៅចុងសប្ដាហ៍នេះហើយ ជាមួយនឹងប្រូម៉ូសិនតម្លៃពិសេសសម្រា…

WHO ទទូចសុំទិន្នន័យកូវីដ១៩បន្ថែមពីចិន ប៉ុន្ដែបែរមកលើកសសើរទិន្នន័យរបស់អាមេរិកថា មានតម្លាភាព

អង្គការសុខភាពពិភពលោកនៅថ្ងៃពុធទី១១មករា បានរំឭកឡើងវិញម្តងទៀត អំពីតម្រូវការទិន្នន័យកូវីដ១៩ពីប្រទេសចិន ដោយបានទទូចឱ្យក្រុងប៉េកាំងចែករំលែក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ