ការសិក្សារបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា កម្រិតប្រាក់ឈ្នួលអប្បបរមានៅប្រទេសជប៉ុន នៅមិនទាន់ឆ្លើយតបតាមស្ដង់ដារអន្តរជាតិ នៅឡើយទេ បើប្រៀបធៀបនឹងបណ្ដាប្រទេសដែលជាសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចស្មើមុខស្មើមាត់ដទៃទៀត ខណៈដែលកម្រិតប្រាក់ឈ្នួលរបស់ជប៉ុន មានកម្រិតជាង៤៥% នៃប្រាក់ឈ្នួលពេញម៉ោងជាមធ្យមនៅក្នុងឆ្នាំ២០២២។
ក្នុងចំណោមប្រទេសជាសមាជិកនៃអង្គការនេះ ប្រទេសបារាំង និងកូរ៉េខាងត្បូង មានកម្រិតប្រាក់ឈ្នួលខ្ពស់ជាងគេ គឺអត្រាជិត៦១% ចក្រភពអង់គ្លេសមាន៥៨% និងអាល្លឺម៉ង់ មានជាង៥២% ហើយសមាមាត្រនេះត្រូវបានប្រើ ដើម្បីប្រៀបធៀបជាអន្តរជាតិ នៃកម្រិតប្រាក់ឈ្នួលអប្បបរមា។
ប្រាក់ឈ្នួលរបស់កម្មករកំពុងកើនឡើងនៅប្រទេសជប៉ុន ដោយសារនិយោជកបានដំឡើង ដើម្បីឱ្យវាអាចឆ្លើយតបទៅនឹងការកើនឡើងអតិផរណា និងកង្វះកម្លាំងពលកម្ម។ ជាក់ស្ដែងលទ្ធផលនៃការចរចាពីប្រាក់ឈ្នួលនៅជុំទីមួយនៃឆ្នាំ២០២៤ ដែលសហព័ន្ធសហជីពជប៉ុន បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានបង្ហាញថា ប្រាក់ឈ្នួលនៅជប៉ុន បានកើនឡើងជាមធ្យម គឺជាង៥% ដែលជាកម្រិតមួយច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៣៣ឆ្នាំមកនេះ។
នៅក្នុងសហភាពអឺរ៉ុបវិញ សារាចរណែនាំពីប្រាក់ឈ្នួលក្នុងខែតុលា ឆ្នាំ២០២២ បានស្នើសុំឱ្យដំឡើងប្រាក់ឈ្នួលពេញម៉ោងជាមធ្យម៦០% កំណត់ជាស្តង់ដា សម្រាប់សមាជិកសហភាពអឺរ៉ុបនៅពេលដំឡើងប្រាក់ឈ្នួលអប្បបរមារបស់រដ្ឋាភិបាលនីមួយៗ។ ចំណែកនៅចក្រភពអង់គ្លេសវិញ ប្រទេសនេះបានប្រកាសពីផែនការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនឱ្យដល់២ភាគ៣នៃប្រាក់ឈ្នួលជាមធ្យមនៅត្រឹមឆ្នាំ២០២៤នេះ។
ប្រាក់ឈ្នួលអប្បបរមារបស់ជប៉ុន ត្រូវបានកំណត់តាមរយៈកិច្ចពិភាក្សានៅក្រសួងសុខាភិបាល និងការងារ ហើយរដ្ឋាភិបាលជប៉ុន បានប្រកាសនៅក្នុងខែធ្នូ ឆ្នាំ២០២៣ថា ខ្លួននឹងព្យាយាមដំឡើងប្រាក់ឈ្នួលបន្តិចម្តងៗរហូតដល់៦០% នៃប្រាក់ឈ្នួលជាមធ្យម ដើម្បីឆ្លើយតបតាម ស្ដង់ដារបស់សហភាពអឺរ៉ុប។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុន ក៏មានបំណងសម្រេចបានគោលដៅប្រាក់ឈ្នួលជាមធ្យមជាង១០ដុល្លារក្នុងមួយម៉ោងនៅទូទាំងប្រទេសនៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ផងដែរ៕
អត្ថបទ៖ សុខ ជា