សួនកសិឧស្សាហកម្មនៅកម្ពុជា

ក្រុមហ៊ុនចិនធំមួយបង្ហាញពីគោលបំណងវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជា


ប្រទេសចិនមិនត្រឹមតែជាទីផ្សារកសិផលដ៏សំខាន់មួយរបស់កម្ពុជានោះទេ ប៉ុន្ដែ ថ្មីៗនេះ វិនិយោគិនចិនកាន់តែច្រើនក៏ចាប់ផ្ដើមមើលឃើញ និងសម្លឹងរកឱកាសវិនិយោគក្នុងវិស័យកសិកម្មកម្ពុជាផងដែរ។ តួយ៉ាង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយក្រុមហ៊ុន Chen’s Sun Trade បានជួបពិភាក្សាការងារគ្នា ដោយក្រុមហ៊ុនចិនដ៏ធំមួយនេះ បានបង្ហាញពីគោលបំណងមកវិនិយោគនៅប្រទេសកម្ពុជាលើការបង្កើតសួនកសិ-ឧស្សាហកម្ម និងមានចក្ខុវិស័យក្នុងការវិនិយោគជាច្រើនផ្សេងទៀតផងដែរ។
ជំនួបពិភាក្សារងារ រវាងឯកឧត្តមបណ្ឌិត ងិន ឆាយ និង ក្រុមហ៊ុនChen’s Sun Trade Co., Ltd នៃប្រទេសចិន

ក្រុមហ៊ុន Chen’s Sun Trade ជា​ក្រុមហ៊ុន​ផ្តោត​លើ​ការ​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់ ដោយ​ក្នុង​នោះ កន្លង​មក​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ផ្គត់ផ្គង់​ផ្លែ​ឈើ​ចំនួន​១០០​មុខ ទៅ​កាន់​ប្រទេស​ចំនួន​៤០ ហើយ​ផ្លែ​ឈើ​ភាគច្រើន គឺ​នាំ​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

នៅ​ក្នុង​ជំនួប​ជាមួយនឹង​ឯកឧត្តម​បណ្ឌិត ងិ​ន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​កាលពី​ពេល​ថ្មី​ៗ​នេះ  លោក Zhu Yonggang អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Chen’s Sun Trade Co., Ltd បាន​បញ្ជាក់​ថា ដោយ​មើលឃើញ​ពី​សក្តានុពល និង​លក្ខខណ្ឌ​អំណោយផល​ច្រើន​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដូច​ជា​លក្ខខណ្ឌ​អាកាសធាតុ ដី​មាន​ជីជាតិ​និង​ទំនេរ​ច្រើន ការ​ដាំ​ដុះ​ភាគច្រើន​ធ្វើ​តាម​បែប​ប្រពៃណី និង​ផ្លែ​ឈើ​របស់​កម្ពុជា​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្ដែ​មិន​មានឱកាស​ច្រើន​ក្នុង​ការ​នាំ​ចេញ​និង​មិន​អាច​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន​បាន​នោះ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​លោក មាន​បំណង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ដោយ​ចង់​បង្កើត​សួ​នក​សិ​-​ឧស្សាហកម្ម និង​មាន​ចក្ខុវិស័យ​ក្នុង​ការ​វិនិយោគ​ដោយ​គិត​ចាប់តាំងពី​ដំណាក់កាល​ផលិត កែ​ច្នៃ រហូត​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន និង​បរទេស​ផ្សេង​ទៀត​។ ហើយ​ក្រុមហ៊ុន​នឹង​នាំ​ចូល​បច្ចេកវិទ្យា និង​បច្ចេកទេស​ដើម្បី​រក្សា​គុណភាព​នៃ​ការ​ដាំ​ដុះ ព្រមទាំង​បណ្តុះបណ្តាល​កសិករ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​អំពី​បច្ចេកវិទ្យា និង​បច្ចេកទេស​ទាំងនេះ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បណ្ឌិត ងិ​ន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន Chen’s Sun Trade Co., Ltd  ដែល​បង្ហាញ​ពី​គោលបំណង​វិនិយោគ​នៅ​កម្ពុជា គួ​ពិចារណា​លើ​យន្តការ​ចំនួន​០៣ គឺ​ទី​១៖ ស្វែងរក​ដី​វិនិយោគ​ដោយ​ខ្លួនឯង​ដើម្បី​ធ្វើ​ផលិតកម្ម​ជា​លក្ខណៈ​ប្រមូលផ្តុំ ពោល​គឺ​មាន​ផ្ទៃដី​ធំ ងាយស្រួល​ក្នុង​ដំណើរការ​ផលិតកម្ម និង​គ្រប់គ្រង​។ ទី​២៖ ក្នុង​ករណី​វិនិយោគ​លើ​ដី​មាន​ស្រាប់​របស់​កសិករ គួរ​រៀបចំ​ជា​កិច្ចសន្យា​ផលិតកម្ម ទិញ​-​លក់ និង​ផ្តល់​បច្ចេកទេស​ដល់​កសិករ​ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​។ និង​ទី​៣៖ ត្រូវ​បង្កើត​រោងចក្រ​កែ​ច្នៃ ជា​ពិសេស​សម្រាប់​កសិផល​លេខ​២ ដែល​ជា​កសិផល​នៅ​សល់ ឬ​មិន​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បាន​។ ឯកឧត្តម​ប្រតិភូ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រសិនបើ​ចំណុច​ដែល​បាន​លើក​ឡើង​ខាងលើ អាច​អនុវត្ត​ទៅ​បាន នោះ​អនុ​វិស័យ​ដំណាំ​ផ្លែ​ឈើ​នឹង​មានការ​រីក​ចម្រើន​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​។

ឯកឧត្តម​បណ្ឌិត ងិ​ន ឆាយ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កម្ពុជា​បាន​នាំ​ចេញ​កសិផល​ទៅ​កាន់​ប្រទេស​ចិន​ចំនួន ៣៣​មុខ ដោយ​ក្នុង​នោះ ផលិតផល​សំខាន់​ៗ​រួម​មាន អង្ករ ចេក ដំឡូង​មី និង​ពោត​ជាដើម​។ ថ្មី​ៗ​នេះ កម្ពុជា​បាន​សម្រេច​ដោយ​ជោគជ័យ​នូវ​ការ​ចរចា​លក្ខខណ្ឌ​ភូតគាម​អនាម័យ​ដើម្បី​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន ហើយ​កម្ពុជា​កំពុង​បន្ត​ការ​ចរចា​ជាមួយ​ប្រទេស​ចិន​ដើម្បី​នាំ​ចេញ​កសិផល​ចំនួន​០៤​មុខ បន្ថែម​ទៀត​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា និង​មាន​តម្រូវការ​ខ្ពស់​នៅ​ប្រទេស​ចិន​គឺ ដូងក្រអូប ម្រេច ទុរេន និង​ទឹកមាត់​ត្រចៀកកាំ​។

ទន្ទឹម​នឹង​សក្តានុពល​លើ​អនុ​វិស័យ​ដំណាំ ប្រទេស​កម្ពុជា​ក៏​នៅ​មាន​ចំណុចខ្សោយ​ពាក់ព័ន្ធ​នឹង​អនុ​វិស័យ​នេះ ដោយ​កម្ពុជា​មិន​មានការ​វិនិយោគ​លើ​ខ្សែ​ចង្វាក់​គ្រប់​ជ្រុងជ្រោយ ដូចនេះ​កម្ពុជា​ត្រូវ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ទាំង​ផ្នែក​ផលិតកម្ម ការ​វេច​ខ្ចប់ ទីផ្សារ និង​ការ​នាំ​ចេញ​កសិផល​ទៅ​ក្រៅប្រទេស និង​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា ការ​ដឹក​ជញ្ជូន និង​អគ្គិសនី​ដែល​មាន​តម្លៃ​ខ្ពស់​ផង​ដែរ​៕

អត្ថបទ សោម ស្រី​ពេជ្រ

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការកកស្ទះការដឹកជញ្ជូនទំនិញតាមព្រំដែនចិន និងវៀតណាម មិនជះឥទ្ធិពលអាក្រក់ខ្លាំងដល់កម្ពុជា ដូចករណីប្រេងឡើងថ្លៃនោះឡើយ

ព័ត៌មាន
ប្រទេសចិន និងវៀតណាម បច្ចុប្បន្នកំពុងប្រឈមមុខនឹងការឆ្លងមេរោគកូវីដ១៩កាន់តែខ្លាំង ខណៈដែលការអនុវត្តវិធានការតឹងរ៉ឹងពិសេសនៅប្រទេសចិន គឺបន្ដធ្…

ក្រុមហ៊ុនយក្ស Apple ប្រកាសកាត់បន្ថយការផលិត ចំពេលមានភាពមិនច្បាស់លាស់នៃសង្គ្រាមអ៊ុយក្រែន

ព័ត៌មាន
ក្រុមហ៊ុនយក្ស Apple ដែលគេស្គាល់ថា ជាក្រុមហ៊ុនដែលមានតម្លៃក្រុមហ៊ុនថ្លៃបំផុតក្នុងពិភពលោកនោះ គ្រោងនឹងកាត់បន្ថយការផលិតផលិតផលរបស់ខ្លួនមួយចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ