
ជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចធំមួយនៅអាស៊ី កំពុងពិចារណាពង្រីកការនាំចូលអង្ករពីសហរដ្ឋអាម៉េរិក មកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ដើម្បីបានជាទុនក្នុងការចរចាបញ្ចុះពន្ធបដិការជាមួយលោក ដូណាល់ ត្រាំ សំដៅកាត់បន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ នៅក្នុងកិច្ចចរចាពាណិជ្ជកម្មជុំទីមួយកាលពីថ្ងៃពុធ សប្តាហ៍មុន ភាគីអាម៉េរិក បានរិះគន់របាំងមិនមែនពន្ធលើការនាំចូលអង្ករ និងផលិតផលផ្សេងទៀតរបស់ជប៉ុន ដូច្នេះទីក្រុងតូក្យូ កំពុងស្វែងរកការកំណត់វិស័យអាទិភាពសម្រាប់ធ្វើជាមូលដ្ឋាននៅក្នុងការចរចា។
បន្ថែមលើការទប់ស្កាត់ពន្ធ២៤% របស់លោក ត្រាំ លើប្រទេសជប៉ុន មិនឱ្យចូលជាធរមាន ទីក្រុងតូក្យូ ក៏ចង់ឱ្យទីក្រុងវ៉ាស៊ីនតោន ដកពន្ធផ្សេងទៀតដែលដាក់លើរថយន្ត ក៏ដូចជាដែកថែប និងអាលុយមីញ៉ូម ផងដែរ។ នៅពេលនេះប្រេសិតពាណិជ្ជកម្មជប៉ុន លោក រីយ៉ូស៊ី អាកាហ្សាវ៉ា (Ryosei Akazawa ) កំពុងធ្វើការងារលើបញ្ហានេះ ដើម្បីព្យាយាមធ្វើយ៉ាងណាឲ្យជប៉ុនឈានដល់កិច្ចព្រមព្រៀងជាកញ្ចប់មួយជាមួយសហរដ្ឋអាម៉េរិក។
នៅក្នុងមួយឆ្នាំៗប្រទេសជប៉ុន មានតម្រូវការនាំចូលអង្ករសរុបប្រមាណ៧៧ម៉ឺនតោន ដោយក្នុងនោះ ការផ្គត់ផ្គង់អង្ករពីអាម៉េរិក មានរហូតដល់ទៅ៤៥% ឯណោះ។ ក្រៅពីអង្ករ សហរដ្ឋអាម៉េរិក ក៏បានលើកឡើងពីបញ្ហាការនាំចូលសាច់គោ និងដំឡូងរបស់ជប៉ុន ផងដែរ។ សហរដ្ឋអាម៉េរិក កំពុងទាមទារឱ្យជប៉ុន បន្ធូរបន្ថយការត្រួតពិនិត្យ និងពង្រីកការនាំចូលផលិតផលកសិកម្មទាំងនេះផងដែរ៕
ដោយៈ សរ សុជាតិ