បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia និង Kyodo News ក្នុងចំណោមទីតាំង ដែលត្រូវបានជ្រើសរើសទាំង១៦ រួមមានទាំងអាកាសយានដ្ឋាន គីតាគីយ៉ុស៊ុ (Kitakyushu Airport) នៅភាគនិរតីនៃប្រទេសជប៉ុន និងអាកាសយានដ្ឋាន ណាហា (Naha Airport) នៅកោះអូគីណាវ៉ា (Okinawa) ក៏ដូចជាកំពង់ផែ គូស៊ីរ៉ុ (Kushiro Port) នៅកោះ ហុកកៃដូ (Hokkaido) និងកំពង់ផែ អ៊ីស៊ីហ្គាគិ (Ishigaki Port) នៅកោះ អូគីណាវ៉ា (Okinawa) ដែលស្ថិតនៅចម្ងាយប្រមាណ២៣០គីឡូម៉ែត្រនៅភាគខាងកើតនៃកោះតៃវ៉ាន់។
អាកាសយានដ្ឋាន និងកំពង់ផែទាំងនេះនឹងត្រូវជួសជុលកែលម្អដោយធ្វើផ្លូវរត់សម្រាប់យន្តហោះរត់ឆ្ងាយជាងមុន និងកន្លែងចូលចតបន្ថែមទៀត។ អំឡុងពេលមានគ្រោះអាសន្ន កងកម្លាំងស្វ័យការពារជាតិជប៉ុន និងកងឆ្មាំឆ្នេរសមុទ្រជប៉ុន អាចនឹងប្រើប្រាស់ទីតាំងទាំងនេះសម្រាប់ការដឹកជញ្ជូនសម្ភារផ្គត់ផ្គង់ ឬសម្រាប់ជម្លៀសអ្នកស្រុកទៅកាន់កន្លែងមានសុវត្ថិភាព។ ទន្ទឹមនេះ ទីតាំងទាំងនេះ ក៏អាចត្រូវបានប្រើប្រាស់ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងជួយដល់បេសកកម្មសង្គ្រោះក្នុងករណីមានគ្រោះមហន្តរាយផងដែរ។ បញ្ជីឈ្មោះអាកាសយានដ្ឋាន និងកំពង់ផែដែលត្រូវបានជ្រើសរើសទាំងនេះនឹងត្រូវបានអនុម័តអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពាក់ព័ន្ធក្នុងពេលដ៏ខ្លីខាងមុខ។ រដ្ឋាភិបាលជប៉ុន បានបង្ហាញផែនការជួសជុលកែលម្អអាកាសយានដ្ឋាន និងកំពង់ផែទាំងនេះនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ២០២២។
ក្នុងចំណោមអាកាសយានដ្ឋាន និងកំពង់ផែដែលត្រូវបានជ្រើសរើសទាំង១៦ទីតាំង មានតែអាកាសយានដ្ឋាន ណាហា (Naha Airport) និងកំពង់ផែ អ៊ីស៊ីហ្គាគិ (Ishigaki Port) ប៉ុណ្ណោះ ដែលមានទីតាំងនៅជិតច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ដែលជាចំណុចផ្ទុះជម្លោះប្រដាប់អាវុធមួយនៅអាស៊ីបូព៌ា៕
ដោយ: តែម សុខុម