លោក គីស៊ីដា បាននិយាយក្នុងសន្និសីទអន្តរជាតិនៅទីក្រុងតូក្យូស្តីពីការអភិវឌ្ឍអាហ្វ្រិក (TicAD) កាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់ចំនួន ៣០ ពាន់លានដុល្លារដល់តំបន់អាហ្វ្រិក ដែលវាគឺជាការបង្កើនជំនួយពីចំនួន ២០ ពាន់លានដុល្លារ ដែលប្រទេសជប៉ុនបានសន្យាផ្ដល់ដល់ប្រទេសអាហ្វ្រិកមួយចំនួនកាលពីឆ្នាំ២០១៩ ហើយជប៉ុនពិតជាបានសម្រេចវាក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយមកនេះ។
ការសន្យាផ្ដល់ជំនួយចុងក្រោយនេះ ត្រូវគេមើលឃើញថា ជាការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងតូក្យូក្នុងការធ្វើឱ្យមានភាពខុសប្លែកពីប្រទេសចិន ដែលបានរងការរិះគន់ពីអាមេរិក និងប្រទេសបស្ចិមលោកមួយចំនួន ចំពោះការដាក់បន្ទុកលើប្រទេសអាហ្វ្រិកជាមួយប្រាក់កម្ចី។
ប្រទេសជប៉ុនបានបើកដំណើរការសន្និសីទ TICAD នៅឆ្នាំ១៩៩៣ ដើម្បីស្តារចំណាប់អារម្មណ៍របស់ខ្លួនឡើងវិញក្នុងទ្វីបនេះ និងស្វែងរកវត្ថុធាតុដើមសម្រាប់ឧស្សាហកម្ម និងទីផ្សារសម្រាប់ផលិតផលរបស់ខ្លួនផងដែរ។ ក្រោយពីបង្កើតសន្និសីទនេះបានប្រហែល ១ ទសវត្សរ៍មកប្រទេសចិនក៏បានចាប់ផ្តើមបង្កើតព្រឹត្តិការណ៍មួយដែរ ដើម្បីប្រជែងនឹងឥទ្ធិពលជប៉ុន និងលោកខាងលិច នោះគឺវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក។
យ៉ាងណាមិញ បើមើលទៅលើផ្នែកពាណិជ្ជកម្មសរុបរបស់ជប៉ុនជាមួយទ្វីបអាហ្វ្រិក គឺគ្រាន់តែជាផ្នែកតូចមួយនៃពាណិជ្ជកម្មរវាងទ្វីបអាហ្រ្វិកជាមួយប្រទេសចិនតែប៉ុណ្ណោះ។ នេះបើយោងតាមអង្គការពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសជប៉ុនបានឱ្យដឹងថា ក្នុងឆ្នាំ២០២០ការនាំចេញរបស់អាហ្រ្វិកទៅកាន់ប្រទេសជប៉ុនមានចំនួន ៨,៦ ពាន់លានដុល្លារខណៈដែលការនាំចូលរបស់អាហ្វ្រិកពីប្រទេសជប៉ុនមានប្រហែលជិត ៨ពាន់លានដុល្លារ។ ចំណែកពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកវិញគឺបានកើនឡើងដល់ ២៥៤ ពាន់លានដុល្លារកាលពីឆ្នាំ២០២១។
ប្រធានាធិបតីចិនលោក Xi Jinping កាលពីឆ្នាំមុនបានសន្យាផ្តល់ប្រាក់កម្ចី និងការវិនិយោគចំនួន ៤០ ពាន់លានដុល្លារសម្រាប់ទ្វីបអាហ្រ្វិក ហើយបានសន្យាថា នឹងបង្កើនការនាំចូលពីទ្វីបនេះឱ្យដល់ចំនួន៣០០ ពាន់លានដុល្លារក្នុងរយៈពេល៣ឆ្នាំទៀត។
លោក Seifudein Adem សាស្ត្រាចារ្យកិច្ចការសកលនៅសាកលវិទ្យាល័យ Doshisha ក្នុងទីក្រុងក្យូតូប្រទេសជប៉ុនបាននិយាយថា ក្រៅពីកិច្ចប្រជុំ TICAD នេះ ប្រទេសជប៉ុនស្ទើរតែគ្មានទំនាក់ទំនងជាមួយទ្វីបអាហ្រ្វិកទាល់តែសោះ ហើយអាហ្វ្រិកវិញក៏ដូច្នោះដែរ គឺមានតែប្រទេសចិនទេដែលជាអ្នកឈានមុខគេក្នុងការផ្សព្វផ្សាយគំនិត និងតម្លៃរបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិក។
លោកបានបន្ថែមថា អំណាចទំនាក់ទំនងក៏ដូចជាផលប្រយោជន៍ការទូត និងសេដ្ឋកិច្ចរបស់ជប៉ុននៅក្នុងទ្វីបអាហ្រ្វិកបានធ្លាក់ចុះក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ហើយលោកបានកត់សម្គាល់ថា ការលេចមុខមាត់នៃប្រទេសចិនក្នុងនាមជាអនុត្តរភាពពិភពលោក ឬមានឥទ្ធិពលកាន់តែលេចធ្លោខ្លាំងនោះ ហាក់ដូចជាកំពុងជំរុញឱ្យជប៉ុនត្រូវចូលរួមជាមួយទ្វីបអាហ្រ្វិកកាន់តែខ្លាំង និងបន្តធ្វើដូច្នេះជាបន្តបន្ទាប់ទៀតផងដែរ៕
អត្ថបទ៖ សុខ ជា