រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ណូបុ គីហ្សី (Nobuo Kishi) និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ផាន វ៉ាន់ហ្សាង (Phan Van Giang) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការយោធារួមគ្នាមួយ ដែលនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរអាចផ្ទេរបច្ចេកវិទ្យាយោធា និងការទិញលក់អាវុធឲ្យគ្នាទៅវិញទៅមកបាន។
រដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ភាពជាដៃគូក្នុងវិស័យការពារជាតិរវាងជប៉ុន និងវៀតណាមដល់កម្រិតថ្មីមួយទៀត ហើយជប៉ុននិងវៀតណាមមានគម្រោងធ្វើឱ្យទំនាក់ទំនងការពារជាតិមួយនេះ កាន់តែស៊ីជម្រៅបន្ថែមទៀតតាមរយៈការធ្វើសមយុទ្ធរួមគ្នាផងដែរ។
យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិជប៉ុន រូបនេះមិនបានលម្អិតថា ប្រទេសទាំងពីរនឹងផ្តើមដោះដូរបច្ចេកវិទ្យាយោធាអ្វីខ្លះនោះទេ ដោយលោក ណូបុ គីហ្សី គ្រាន់តែបានបញ្ជាក់ថា ព័ត៌មានលម្អិតអំពីការផ្ទេរឧបករណ៍ ឬបច្ចេកវិទ្យាជាក់លាក់ នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចពិភាក្សាទ្វេភាគីជាបន្តបន្ទាប់។
ដោយមានការព្រួយបារម្ភពីឥទ្ធិលរបស់ចិន ពិសេសឥទ្ធិពលយោធានៅក្នុងតំបន់សមុទ្រចិន ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទំនងជាចង់សំដៅដល់ប្រទេសចិនថា៖ ប្រទេសជប៉ុន និងវៀតណាម បានឯកភាពគ្នាអំពីសារៈសំខាន់នៃការរក្សាសេរីភាពនាវាចរណ៍ដែនសមុទ្រ និង ការហោះហើរក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិផ្សេងៗរួមទាំងសន្តិសុខអ៊ីនធឺណិតផងដែរ។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ជប៉ុននៅវៀតណាម ធ្វើឡើងចំថ្ងៃទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នៅទីក្រុងហាណូយផងដែរ។ លោក វ៉ាង យី បានស្នើឱ្យវៀតណាមបញ្ចៀសការធ្វើសកម្មភាពជាឯកតោភាគីណាមួយ ដែលអាចបង្កបញ្ហាស្មុគស្មាញបន្ថែមទៀតនៅសមុទ្រចិនខាងត្បូង។
សូមជម្រាបថា ទាំងប្រទេសវៀតណាម និង ទាំងប្រទេសជប៉ុន សុទ្ធសឹងតែកំពុងមានជម្លោះដែនទឹកជាមួយប្រទេសចិន ដោយក្នុងនោះវៀតណាមកំពុងរកាំរកូសជាមួយចិនក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈជប៉ុនជារឿយៗតែងប្រឈមមុខដាក់គ្នាជាមួយចិន ក្នុងតំបន់ជម្លោះក្បែរប្រជុំកោះ សេនកាគុ (Senkaku) ដែលចិនហៅថា ដាវយ៉ូ (Diaoyu) ក្នុងតំបន់សមុទ្រចិនខាងកើត៕