
ដើម្បីធានានិរន្តរភាព និងផ្តល់សេវាកម្មដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ប្រជាជននៅក្នុងទីក្រុងតូក្យូ ជប៉ុននឹងធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវដែកបន្ថែមទៀត ដើម្បីរក្សាឱ្យបាននូវមធ្យោបាយដឹកជញ្ជូនសម្រាប់ពលរដ្ឋប្រមាណ៣៧លាននាក់ ដែលរស់នៅក្នុងទីក្រុងមួយនេះ។ តាមផែនការ ជប៉ុន គ្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងថ្មីបន្ថែម និងអភិវឌ្ឍន៍បណ្តាញដឹកជញ្ជូនផ្លូវដែកឡើងវិញ ជាមួយនឹងការគ្រោងបញ្ចប់គម្រោងផ្លូវដែកល្បឿនលឿន ដែលអាចរត់បានក្នុងល្បឿន៥០៥គីឡូម៉ែត្រក្នុង១ម៉ោងនាពេលឆាប់ៗខាងមុខនេះ។
លោក អ៊ីរ៉ូអូ អ៊ីជីកាវ៉ា (Hiroo Ichikawa) សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Meiji បាននិយាយថា បណ្តាញដឹកជញ្ជូនផ្លូវដែកនៅជប៉ុន គឺជាបណ្តាញផ្លូវរថភ្លើងដ៏ធំ និងទំនើបបំផុតនៅលើពិភពលោក ពោលគឺនៅលើពិភពលោកសព្វថ្ងៃនៅមិនទាន់មានបណ្តាញផ្លូវរថភ្លើងណាមានសមត្ថភាពដូចផ្លូវរថភ្លើងនៅជប៉ុននោះទេ។
នៅឆ្នាំ២០២០ ប្រជាជននៅទីក្រុងតូក្យូមានតែជាង១៦លាននាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះវាកើនដល់៣៧ លាននាក់ ដូច្នេះប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនសាធារណៈ ជាពិសេសរថភ្លើង គឺជាជីពចរសម្រាប់ប្រជាជនជប៉ុន។
អ្នកវិភាគបានលើកឡើងថា ដើម្បីរក្សាភាពប្រកួតប្រជែងជាអន្តរជាតិ ទីក្រុងតូក្យូត្រូវបានគេដឹងថា នៅតែបន្តពង្រឹង និងស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសប្រព័ន្ធដឹកជញ្ជូនសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព៕
ដោយៈ សរ សុជាតិ