លទ្ធផលស្ទង់មតិមួយដែលធ្វើឡើងចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លើមេដឹកនាំក្រុមហ៊ុនជប៉ុនចំនួន១៤៥រូប បានបង្ហាញថា មានថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ជប៉ុន រហូតដល់៤០% បានអះអាងថា ខ្លួនកំពុងគិតគូររៀបចំយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន ឡើងវិញ។ ការគិតគូរលើការរៀបចំយុទ្ធសាស្ត្រវិនិយោគឡើងវិញរបស់ក្រុមហ៊ុនជប៉ុននេះ ធ្វើឡើងក្រោយប្រធានាធិបតីជាប់របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលនឹងឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា ព្រមានដំឡើងពន្ធលើទំនិញនាំចូលពីចិន ៦០% នៅក្នុងអំឡុងយុទ្ធនាកាឃោសនាបោះឆ្នោតកាលពីពេលកន្លងទៅ។ តែយ៉ាងណាក្នុងជំហានដំបូងលោក ត្រាំ មានបំណងបង្កើនពន្ធលើទំនិញចិន ១០% សិន។
លទ្ធផលស្ទង់មតិខាងលើ បានបង្ហាញផងដែរថា មេដឹកនាំក្រុមហ៊ុនជប៉ុនចំនួន៨,៦% បានឆ្លើយថា ពួកគេនឹងពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តរបស់ពួកគេនៅក្នុងវិស័យផលិតកម្មនៅប្រទេសចិន ចំណែក៣២,៤% ផ្សេងទៀតបាននិយាយថា ពួកគេនឹងកំណត់យុទ្ធសាស្រ្តថ្មីដែរ។ បច្ចុប្បន្នក្រៅពីផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២នៅលើពិភពលោក ក្រុមហ៊ុនជប៉ុន ដែលវិនិយោគនៅប្រទេសចិន ក៏បាននាំចេញផលិតផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ផងដែរ។
ក្រៅពីប្រទេសចិន លោក ត្រាំ ក៏បានគំរាមយកពន្ធ២៥% លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា បើទោះបីជាប្រទេសទាំងនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាម៉េរិក ក៏ដោយ ។
លោក មីតស៊ូអូ អូយ៉ា ( Mitsuo Ohya) ប្រធានក្រុមហ៊ុនផលិតសម្ភារ Toray Industries យល់ឃើញថា ក្រុមហ៊ុននានា ត្រូវតែធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រតិបត្តិការអាជីវកម្ម ដែលរៀបចំសម្រាប់ហានិភ័យ ហើយត្រូវបន្ថែមការវិភាគលើភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញផងដែរ៕
ដោយៈ សរ សុជាតិ