ប្រភពព័ត៌មានដដែលនេះបានអះអាងថា បម្រែបម្រួលនៃតម្លៃថាមពល បានដាក់សម្ពាធដ៏ធ្ងន់ទៅលើក្រុមហ៊ុននានា ឱ្យដំឡើងប្រាក់ឈ្នួល ដើម្បីទូទាត់សំណងសម្រាប់ផលប៉ះពាល់ដល់បុគ្គលិក ។
តាមការអង្កេតដែលគេបានធ្វើការស្ទាបស្ទង់ជាមួយនឹងក្រុមហ៊ុនជប៉ុនធំៗប្រមាណជា ៥០០ គេបានរកឃើញថា ៨២%នៃក្រុមហ៊ុនទាំងនេះ បានអះអាងថា ការបន្តកើនឡើងនៃអត្រាអតិផរណាពិភពលោក គឺជាការព្រួយបារម្ភសម្រាប់ជីវិតអាជីវកម្មរបស់ពួកគេក្នុងឆ្នាំ២០២៣ និង ពេលអនាគត ហើយក្រៅពីនោះ មានក្រុមហ៊ុនរហូតដល់ទៅ ៥៩% បានហៅបញ្ហានេះថា ជាហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល។
អ្នកគ្រប់គ្រងនៅក្រុមហ៊ុនលក់ដុំ ដែលបានអត្ថាធិប្បាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការប្រែប្រួលនូវតម្លៃថាមពលជាបន្តបន្ទាប់ វាបង្កសម្ពាធដល់ការចំណាយរបស់ក្រុមហ៊ុន ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកកាហ្សូ យូអ៊ីដា (Kazuo Ueda) ទេសាភិបាលធនាគារជប៉ុន ដែលទើបចូលកាន់តំណែង បានអះអាងថា ធនាគារនឹងខិតខំធ្វើយ៉ាងណា ដើម្បីធានាទប់អត្រាអតិផរណា នៅក្នុងប្រទេសឲ្យមានត្រឹម២% ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បណ្តាអ្នកគ្រប់គ្រងក្រុមហ៊ុនជប៉ុនធំៗបានព្យាករណ៍ថា សន្ទស្សន៍នៃអត្រាអតិផរណាអាចនឹងខ្ពស់ជាង ២% ដែលបានកំណត់នេះ។
នៅពេលនេះបើនិយាយអំពីសន្ទស្សន៍នៃតម្លៃប្រាក់យេនជប៉ុនវិញ គឺនៅក្នុងចន្លោះពី ១៣១ ទៅ ១៣៥ យេននៅក្នុងមួយដុល្លារ ប៉ុន្តែ ៦៩% នៃអ្នកដែលត្រូវបានស្ទង់មតិបានសន្និដ្ឋានដ្ឋានថា ប្រាក់យេនជប៉ុនអាចនឹងហើមឡើងដល់ ១៣៦ យេននៅក្នុងមួយដុល្លារ៕