នៅព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នេះ សន្ទស្សន៍ផ្សារហ៊ុនគោលរបស់ជប៉ុន Nikkei 225 បានធ្លាក់ចុះ១២,៤% បន្ទាប់ពីបានធ្លាក់ចុះជិត៦% កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតរយៈពេល២ថ្ងៃមិនធ្លាប់មានពីមុនមក ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន TOPIX របស់ជប៉ុនបានធ្លាក់ចុះ១២,៨% ប៉ុន្តែការជួញដូរនៅផ្សារហ៊ុនចុងក្រោយនេះបានឡើងមកវិញកាលពីរសៀលថ្ងៃដដែលនេះ។
ការធ្លាក់ចុះរបស់ផ្សារហ៊ុនជប៉ុនទាំងពីរនេះ បានកើតឡើង ក្រោយពីមានរបាយការណ៍ពីការធ្លាក់ចុះច្រើនជាងការរំពឹងទុកនូវការរើសបុគ្គលិកចូលធ្វើការនៅសហរដ្ឋអាម៉េរិក កាលពីខែមុនដែលធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើនៅទូទាំងពិភពលោក និងប៉ះពាល់ដល់ផ្សារហ៊ុន Nikkei ដែលទើបតែបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីប៉ុន្មានសប្តាហ៍មុននេះ។
តម្លៃភាគហ៊ុនបានធ្លាក់ចុះនៅទីក្រុងតូក្យូ ចាប់តាំងពីធនាគារកណ្តាលជប៉ុន បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនកាលពីថ្ងៃពុធសប្ដាហ៍មុន។ សន្ទស្សន៍ផ្សារហ៊ុន Nikkei ឥឡូវនេះបានធ្លាក់ចុះជិត៤% បើធៀបនឹងឆ្នាំមុន។ កត្តាមួយដែលជំរុញឱ្យធនាគារកណ្ដាលជប៉ុន (BOJ) ដំឡើងអត្រាការប្រាក់ គឺដោយសារការធ្លាក់ថ្លៃប្រាក់យ៉េនរបស់ជប៉ុនអូសបន្លាយពេលយូរដែលជំរុញឱ្យអតិផរណាកើនលើសពីគោលដៅកម្រិត២% របស់ធនាគារកណ្តាលនេះ។
នៅដើមសប្តាហ៍នេះ ប្រាក់ដុល្លារបានជួញដូរនៅក្នុងតម្លៃជាង១៤២យ៉េន ក្នុងមួយដុល្លារ ដោយបានធ្លាក់ចុះពីជាង១៤៦យ៉េន ក្នុងមួយដុល្លារ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន និងទាបជាងតម្លៃ១៦០យ៉េនក្នុងមួយដុល្លារកាលពីប៉ុន្មានសប្តាហ៍មុន៕
អត្ថបទ៖ សុខ មង្គល