លុយយ៉េនរបស់ជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤ នៅលើពិភពលោក ត្រូវបានជួញដូរ១ដុល្លារអាម៉េរិក ស្មើនឹង១៦០យ៉េន នៅក្នុងការជួញដូរលើទីផ្សារអន្តរជាតិ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដែលជាធ្លាក់ថ្លៃទាបបំផុតក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ ពោលគឺតាំងពីឆ្នាំ១៩៩០មក។ អ្នកវិនិយោគកំពុងបង្កើនការប្រុងប្រយ័ត្ន និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការអន្តរាគមន៍ណាមួយពីរដ្ឋាភិបាលជប៉ុន ដ្បិតការធ្លាក់ថ្លៃនេះអាចធ្វើឱ្យអ្នកកាន់កាប់ប្រាក់យ៉េន និងអ្នកបញ្ជាទិញដោយលុយយ៉េនប្រឈមមុខនឹងការខាតបង់។ ទោះបីជាយ៉ាងណាក៏ដោយអ្នកវិភាគខ្លះនៅតែរក្សាជំហរវិជ្ជមានចំពោះលុយយ៉េន។
ការដាំក្បាលចុះរបស់លុយយ៉េននេះ បានធ្វើឲ្យប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុប និងប្រាក់ផោនរបស់អង់គ្លេស ស្ថិតនៅក្នុងស្ថានភាពវិជ្ជមាន បន្ទាប់ពីរូបិយវត្ថុទាំងពីរនេះបានធ្លាក់ថ្លៃកាលពីថ្ងៃសុក្រ កន្លងទៅ។ មកដល់ពេលនេះទីផ្សារជួយដូរលុយយ៉េន កំពុងរក្សាភាពស្ងៀមស្ងាត់យ៉ាងប្រុងប្រយ័ត្ន ដើម្បីរង់ចាំការអន្តរាគមន៍ណាមួយពីអាជ្ញាធរជប៉ុន នៅក្នុងការទប់ស្កាត់ការធ្លាក់ចុះដល់បន្ទាប់ក្រហមជិត១១%។
ទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការបន្តធ្លាក់ចុះនៃប្រាក់យ៉េនក៏ដោយ ក៏ធនាគារកណ្តាលជប៉ុន កាលពីថ្ងៃសុក្រ បានរក្សាទុកគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឱ្យនៅដដែល ដោយរក្សាជំហរមិនច្បាស់លាស់របស់ខ្លួនសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែអ្នកបង្កើតគោលនយោបាយបានព្រមានម្តងហើយម្តងទៀតអំពីបញ្ហានេះ។
នៅក្នុងស្ថានភាពបែបនេះ អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន Goldman Sachs និយាយថា សាវតាម៉ាក្រូសេដ្ឋកិច្ចពិភពលោកបានចង្អុលទៅរកភាពទន់ខ្សោយបន្ថែមទៀតនៃប្រាក់យ៉េន ហើយវាអាចនឹងធ្វើឱ្យមានការពិបាកក្នុងការអន្តរាគមន៍ ដើម្បីទទួលបានជោគជ័យ។
លោក ហ្សក សារ៉ាវេឡូស ( George Saravelos )ប្រធានផ្នែកស្រាវជ្រាវទីផ្សារប្តូរប្រាក់សកលរបស់ធនាគារ Deutsche Bank បានឲ្យដឹងថា ករណីដែលប្រាក់យ៉េនទន់ខ្សោយ មិនមែនជារឿងអាក្រក់សម្រាប់ប្រទេសជប៉ុននោះទេ។ ការធ្លាក់ថ្លៃនេះ មិនបានបង្កឱ្យមានបញ្ហាអតិផរណានោះទេ ហើយវាកំពុងជំរុញឱ្យតម្លៃទ្រព្យសកម្មនៅបរទេស ដែលកាន់កាប់ដោយវិនិយោគិនជប៉ុនកាន់តែស្ថិតនៅក្នុងស្ថានភាពវិជ្ជមាន៕
ដោយៈ សរ សុជាតិ