កំពង់ផែស្វយ័តភ្នំពេញ

ថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញអះអាងថា វិបត្តិកូវីដ១៩ មិនបានធ្វើឲ្យរាំងស្ទះខ្លាំងដល់ការនាំចេញទំនិញរបស់កម្ពុជាឡើយ


អគ្គនាយកកំពង់ផែស្វយ័តក្រុងភ្នំពេញបានអះអាងប្រាប់ខេមបូណូមីសថា ថ្វីត្បិតតែវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា និងប៉ះពាល់ដល់វិស័យដឹកជញ្ជូនយ៉ាងណាក៏ដោយចុះ ប៉ុន្ដែ វាមិនបានរាំងស្ទះធ្ងន់ធ្ងរទៅដល់ដំណើរការនៃការនាំចេញទំនិញរបស់កម្ពុជានោះឡើយ។ ជាក់ស្ដែង រយៈពេល ១០ខែ ក្នុងឆ្នាំ២០២១ តាមរយៈការដឹកជញ្ជូនចេញចូលនៅកំពង់ផែស្វ័យ័តក្រុងភ្នំពេញ អាចរកចំណូលបានដល់ទៅជាង ២៧លានដុល្លារ មានការកើនឡើង ១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទូរកុងតឺន័រដាក់ទំនិញ​ នៅកំពង់ផែស្វយ័តភ្នំពេញ

ឯកឧត្តម ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានគូសបញ្ជាក់ថា បើទោះបី កម្ពុជា បាននិងកំពុងស្ថិតក្នុងបរិបទកូវីដ-១៩ និងបានធ្វើឱ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូនមួយចំនួន ដូចជា ខ្វះទូរកុងតឺន័រ និងថ្លៃដឹកជញ្ជូនឡើងថ្លៃក៏ពិតមែន ប៉ុន្ដែវាមិនមែនជាបញ្ហាចម្បង ដែលរាំងស្ទះដល់ដំណើរការនៃនាំចេញទំនិញរបស់កម្ពុជានោះឡើយ។ បើតាមឯកឧត្តម ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២០ ទំនិញដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានការកើនឡើងជាង ២% បើប្រៀបនឹងឆ្នាំ២០១៩។ យ៉ាងណាមិញ នៅឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ មានការប៉ាន់ស្មានថា ប្រាក់ចំណូលកំពង់ផែនឹងមានកើនឡើង ១០% បើប្រៀបធៀបនឹងឆ្នាំ២០២០។

យ៉ាងណាក៏ដោយ ឯកឧត្តម ហ៊ី បាវី បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ មិនបានធ្វើឱ្យថ្លៃដឹកជញ្ជូនរបស់កម្ពុជា ពីភ្នំពេញទៅទិសដៅក្នុងតំបន់កើនឡើងនោះទេ លើកលែងតែចំពោះថ្លៃដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុប ដែលមានការកើនឡើងរហូត ពី៤ ទៅ៨ដង ឯណោះ ហើយរហូតមកដល់ពេលនេះ ថ្លៃដឹកជញ្ជូនតាមផ្លូវទឹក ក៏មិនទាន់មានការប្រែប្រួលអ្វីនោះដែរ។ សូមបញ្ជាក់ថា ទំនិញដែលឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ភាគច្រើន គឺជា ផលិតផលសម្លៀកបំពាក់ និងផលិតផលកសិកម្ម។

ទាក់ទងនឹងការដឹកជញ្ជូននេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ក៏បានអះអាងដែរថា កន្លងមក កូវីដ-១៩ បានធ្វើឱ្យតម្លៃដឹកជញ្ជូនខ្ពស់ក៏ពិតមែន តែមិនបានក្លាយជាឆ្អឹងទទឹងកនៃការនាំចេញឡើយ ពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ បានគូសបញ្ជាក់ទៀតថា ពិតណាស់ វិបត្តិកូវីដ-១៩ ពិតជាបង្កផលរំខាន ក៏ប៉ុន្តែ វាក៏ជាឱកាសសម្រាប់កម្ពុជា ប្ដូរទិសដៅពីការនាំចេញទៅកាន់តំបន់អឹរ៉ុប ងាកមកចាប់ទិសដៅក្នុងតំបន់វិញ។

យ៉ាងណាក៏ដោយចុះ បញ្ហាដឹកជញ្ជូនឡើងថ្លៃខ្ពស់ និងខ្វះទូកុងតឺន័រ ពិសេសទៅកាន់តំបន់អឺរ៉ុប ក៏បានធ្វើឲ្យមានការប៉ះពាល់ទៅដល់ការនាំចេញអង្កររបស់កម្ពុជាផងដែរ ប៉ុន្ដែ កម្ពុជាកំពុងធ្វើពិពិធកម្មនាំចេញអង្កររបស់ខ្លួន ដោយជំរុញការនាំចេញអង្ករកាន់តែច្រើនទៅកាន់ទីផ្សារចិនផងដែរ។ នេះបើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យស្រូវអង្ករនាពេលកន្លងមក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាមានការប្តេជ្ញាចិត្តអ្វីខ្លះ ក្នុងការចូលរួមដោះស្រាយបញ្ហាអាកាសធាតុ ជាមួយពិភពលោក?

ព័ត៌មាន
បើទោះជាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលបានបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ពិតមែន ប៉ុន្ដែកម្ពុជាមានការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងចូលរួ…

រដ្ឋចំនួន១០ ប្ដឹងរដ្ឋបាលលោកចូបៃឌិន ទាក់ទងនឹងការតម្រូវឲ្យបុគ្គលិកសុខាភិបាលត្រូវតែចាក់វ៉ាក់សាំង

ព័ត៌មាន
ប្រធានទីប្រឹក្សាផ្នែកច្បាប់របស់រដ្ឋចំនួន ១០ មកពីគណៈបក្សសាធារណរដ្ឋ បានប្ដឹងរដ្ឋបាលលោកចូបៃឌិន ដែលបានដាក់បទបញ្ជាតម្រូវឲ្យកម្មករសុខាភិបាលរាប់ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ