អតីតទេសាភិបាលធនាគារកណ្តាលជប៉ុន ដែលបច្ចុប្បន្នជាសាស្រ្តាចារ្យកិត្តិយសនៅសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងតូក្យូ គឺលោក ម៉ាសាអាគី ស៊ីរ៉ាកាវ៉ា (Masaaki Shirakawa) បានសរសេរបទអត្ថាធិប្បាយមួយនៅសារព័ត៌មាន Nikkei ដោយលើកឡើងនូវចម្ងល់ទាក់ទងនឹងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជប៉ុន ជាពិសេសទាក់ទងនឹងគោលនយោបាយកាត់បន្ថយពន្ធបុគ្គល។ លោកអះអាងថា នេះគឺជាគោលនយោបាយដែលគួរឱ្យឆ្ងល់បំផុត ដែលបានលេចឡើងនៅក្នុងប្រទេសជប៉ុននៅមួយទសវត្សរ៍កន្លងមកនេះ។
ពាក់ព័ន្ធពន្ធខាងលើ រដ្ឋាភិបាលជប៉ុន បានបង្ហាញពីភាពត្រឹមត្រូវនៃសំណើរបស់ខ្លួនសម្រាប់ការស្នើសុំបញ្ចុះតម្លៃពន្ធ៤ម៉ឺនយ៉េន ឫប្រហែលជា២៧១ដុល្លារក្នុងពលរដ្ឋម្នាក់ ដើម្បីជាការសម្រាលមួយជួយដល់ពលរដ្ឋសម្រាប់ការរួមចំណែកក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។
ជុំវិញបញ្ហានេះ លោក ម៉ាសាអាគី បានលើកឡើងថា តក្កភាពនៃគោលនយោបាយនេះ ហាក់ពិបាកយល់ ពីព្រោះវាកើតឡើងនៅពេលដែលរដ្ឋាភិបាលខ្លួនឯងកំពុងតែប្រកាសអំពីតម្រូវការនៅក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ និងកម្មវិធីដែលមានបំណងជំរុញអត្រាកំណើតនៅក្នុងប្រទេស។ លោកបានបន្តថា ជាការពិតណាស់ រដ្ឋាភិបាលមិនត្រូវបានគេរំពឹងថា នឹងពឹងផ្អែកទាំងស្រុងលើការកំណត់ពន្ធឲ្យខ្ពស់នោះទេ ប៉ុន្តែយ៉ាងហោចណាស់រដ្ឋាភិបាលគួរតែដាក់ចេញនូវការបង្កើនពន្ធមួយចំនួន ដែលត្រូវបានគិតទុកជាមុន។
អ្នកជំនាញរូបនេះមើលឃើញថា តាមរយៈគោលនយោបាយនេះវានឹងធ្វើឱ្យការចំណាយរបស់រដ្ឋាភិបាលនឹងកើនឡើងលឿនជាងចំណូលពន្ធ ដែលជាមូលហេតុនាំឱ្យសមាមាត្រនៃបំណុលរបស់រដ្ឋាភិបាល ធៀបនឹងអត្រាផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនកើនឡើងជាលំដាប់រហូតដល់២៦០%។
ជាមួយគ្នានេះលោក ម៉ាសាអាគី បានសម្តែងការព្រួយបារម្ភទាក់ទងនឹងនិរន្តរភាព និងការខិតខំទប់ស្កាត់អត្រាអតិផរណាដល់កម្រិត២%។ លោកបានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្លៃថាមពល រដ្ឋាភិបាលកំពុងផ្តល់ការឧបត្ថម្ភធន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ប៉ុន្តែផ្ទុយទៅវិញរដ្ឋាភិបាលនៅតែបន្តស្វែងរកការបង្កើនអត្រាអតិផរណា ដូចដែលបានបង្ហាញនៅក្នុងផែនការកាត់បន្ថយពន្ធរបស់ខ្លួន។
តាមផែនការដែលបានគ្រោងទាក់ទងនឹងបញ្ហាពន្ធនេះ ត្រូវបានគេដឹងថា កញ្ចប់នៃការកាត់បន្ថយនេះមានតម្លៃដល់ទៅជាង១៣ទ្រីលានយ៉េន ឫប្រមាណជាង៨៨ពាន់លានដុល្លារអាម៉េរិក។
បើទោះបីជាផែនការនេះមិនសូវមានប្រជាប្រិយភាព ប៉ុន្តែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា នៅតែប្តេជ្ញាបន្តអនុវត្តន៍ ហើយកាលពីពេលថ្មីៗនេះ លោក បានរុះរើមន្រ្តីគោលនយោបាយសំខាន់ៗរហូតដល់ទៅ៥៤រូប ។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានការពារការសម្រេចចិត្តរបស់គាត់ដោយនិយាយថា លោកបានជ្រើសរើសមនុស្សដែលស័ក្តិសមនឹងការងារទាំងនេះ៕
ដោយៈ សរ សុជាតិ