អ្នកដំណើរពីបរទេសតាមផ្លូវអាកាសមកកម្ពុជា

អ្នកដំណើរពីបរទេសតាមផ្លូវអាកាសមកកម្ពុជាកើនដល់ជាង៧០០នាក់ក្នុង១ថ្ងៃ និងរំពឹងមានកំណើនកាន់តែខ្ពស់ចាប់ពីខែធ្នូនេះតទៅ


ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានអះអាងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសលើគ្រប់វិស័យឡើងវិញកាលពីអំឡុងខែវិច្ឆិកាបានជំរុញឲ្យលំហូរអ្នកចំណើរពីបរទេសតាមផ្លូវអាកាសចូលមកកម្ពុជាមានកំណើនគួរឲ្យកត់សម្គាល់រហូតដល់ជាង៧រយនាក់ក្នុង១ថ្ងៃ។ កំណើនអ្នកដំណើរទាំងនោះក៏បានជំរុញឲ្យជើងហោះហើរឲ្យមានកំណើនរហូតដល់២៨ជើងក្នុង១ថ្ងៃផងដែរ ដែលកត្តាទាំងនេះជាសញ្ញាវិជ្ជមានក្នុងការឈានទៅស្តារអាជីវកម្ម និងជំរុញកំណើនវិស័យទេសចរណ៍កម្ពុជា ដែលមានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩កន្លងមក។
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រលានយន្តហោះកន្លងទៅ រូបភាព៖ Internet
ដោយ

មន្ត្រី និង​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​សុទ្ធតែ​បង្ហាញ​ក្តី​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​កម្ពុជា ជា​ពិសេស​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​គោលដៅ​ផ្សេង​ៗ​នឹង​មាន​កំណើន​កាន់តែ​ខ្ពស់​ចាប់ពី​ខែធ្នូ ឆ្នាំ​២០២២១ នេះ​តទៅ ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​សុំ​បើក​ជើងហោះហើរ​ឡើង​វិញ​។

នា​អំឡុង​ចុះ​ត្រួតពិនិត្យ​អាជីវកម្ម និង​អាហារ​ដ្ឋា​ន​តាម​តំបន់ឆ្នេរ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​គូសបញ្ជាក់​ថា ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បើក​សកម្មភាព​សង្គម​និង​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឡើង​វិញ លំហូរ​អ្នកដំណើរ​ចូល​មក​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ចំនួន​ជើងហោះហើរ ក៏​មានការ​កើនឡើង​ផង​ដែរ​។ បើ​តាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មាន​អ្នកដំណើរ​និង​ភ្ញៀវ​ទេសចរ​បរទេស​ជាង​៧០០​នាក់​ក្នុង​១​ថ្ងៃ​បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​នានា​ចូល​មក​កម្ពុជា ខណ​ជើងហោះហើរ​បាន​កើនឡើង​ដល់​២៨​ជើង​ក្នុង​១​ថ្ងៃ​។ ជាមួយ​គ្នា​នេះ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​កើន​ជើងហោះហើរ​ចំនួន​៩​ជើង​ក្នុង​១​ថ្ងៃ​។ 

កត្តា​ទាំងនេះ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ថា វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​អាកាសចរណ៍​របស់​កម្ពុជា​បាន​ចាប់ផ្តើម​កម្រើក​ឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​វិស័យ​ទាំងនេះ​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី​វិបត្តិ​កូ​វី​ដ​-១៩ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ជិត​ពីរ​ឆ្នាំ​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​សង្កេត​ឃើញ​ថា តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញ មក​បច្ចុប្បន្ន​ចំនួន​ជើងហោះហើរ​បាន​កើនឡើង​៤៣​ជើង​ក្នុង​១​ស​ប្តា​ហ៍ ខណៈ​កន្លង​មក​មាន​តែ​៣៧​ជើង​ក្នុង​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៦​បន្ថែម​ទៀត​កំពុង​ដាក់​ពាក្យ​ស្នើ​សុំ​បើក​ជើងហោះហើរ​ឡើង​វិញ ដែល​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ដល់​អ្នកដំណើរ​។ តាម​រយៈ​ការ​បន្ថែម​ជើងហោះហើរ​នេះ​លោក​ជំទាវ​ជឿជាក់​ថា ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា នឹង​មាន​កំណើន​កាន់តែ​ច្រើន​ថែម​ទៀត ជា​ពិសេស​ចាប់ពី​ខែធ្នូ នេះ​តែ​ម្តង​។ 

ដោយឡែក លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​ប្រទេស​ឡើង​វិញ​ក៏​ដោយ តែ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​នៅ​មាន​ចំនួន​តិច​តួន​នៅឡើយ​ទេ​។ តែ​លោក​សង្កេត​ឃើញ​ថា ចំនួន​ជើងហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង​ហាក់​មានការ​កើនឡើង​បន្តិច ដែល​ភាគច្រើន​ជា​ជើងហោះហើរ​លក្ខណៈ​ឯកជន​។ តែ​យ៉ាងណា​លោក​សង្ឃឹមថា ភ្ញៀវ​ទេសចរ​បរទេស​មក​កម​ម្សា​ន្ត​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​នឹង​មាន​កំណើន​ខ្ពស់​ដើមឆ្នាំ​២០២២ ខាង​មុខ ក្រោយ​មាន​ជើងហោះហើរ​កាន់តែ​ច្រើន​។

ទាក់ទង​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​នេះ​ដែរ ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រំពឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​នឹង​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​ច្រើន ក៏​ព្រោះតែ​ខេត្ត​នេះ នឹង​មានការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ជា​ច្រើន​នា​ពេល​ខាង​មុខ ជា​ពិសេស​វេទិកា​ទេសចរណ៍​អាស៊ាន​ពី​ថ្ងៃ​ទី​១៦-២២ ខែមករា ឆ្នាំ​២០២២ ដែល​រំពឹង​នឹង​មាន​អ្នកចូលរួម​ប្រមាណ​៦០០​នាក់​។ លើស​ពី​នេះ​នៅ​ចុងឆ្នាំ​២០២២ ខេត្ត​នេះ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​មហាសន្និបាត​ក្លឹ​ប​ឆ្នេរ​អន្តរជាតិ និង​ការ​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ជាដើម​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅទីបំផុតសហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងកូវីដ១៩អូមីក្រុងជាលើកដំបូងលើអ្នកបានចាក់វា់ក់សាំងរួច

ព័ត៌មាន
រយៈពេលមិនដល់១ខែផង កូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង បាននិងកំពុងវាយលុយពាសពេញប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលមេរោគកូវីដប្រភេទថ្មីនេះ ត្រ...

អង្គការសហប្រជាជាតិ បានសម្រេចពន្យាពេលជ្រើសរើសតំណាងយោធាភូមា និងក្រុមតាលីបង់ចូលរួមមហាសន្និបាត

ព័ត៌មាន
គណៈកម្មាធិការមួយនៃអង្គការសហប្រជាជាតិ នៅថ្ងៃពុធទី០១ខែធ្នូ បានសម្រេចពន្យារពេលជ្រើសរើសតំណាង ប្រទេសភូមា និងប្រទេសអាហ្វហ្គានីស្ថាន សម្រាប់កិច្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ