វៀតណាមជាមជ្ឈមណ្ឌល នៃខ្សែចង្វាក់ផ្គត់ផ្គង់នៅអាស៊ាន

ការស្ទង់មតិរបស់ JETRO ៖ វៀតណាមជាមជ្ឈមណ្ឌល នៃខ្សែចង្វាក់ផ្គត់ផ្គង់នៅអាស៊ានសម្រាប់ជប៉ុន


អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ឬហៅកាត់ JETRO បានអះអាងថា តួនាទីកាន់តែសំខាន់ខ្លាំងឡើងរបស់វៀតណាម នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់អាស៊ាន កំពុងនាំមកនូវការវិនិយោគពីប្រទេសជប៉ុនកាន់តែច្រើនឡើងចូលទៅក្នុងប្រទេសមួយនេះ រួមទាំងការវិនិយោគនៅក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិកជាដើម ខណៈដែលវៀតណាមបច្ចុប្បន្ន ក៏មានការយល់ដឹងអំពីបញ្ហាសិទ្ធិមនុស្សកាន់តែប្រសើរឡើងដែរ។
វៀតណាមជាមជ្ឈមណ្ឌល នៃខ្សែចង្វាក់ផ្គត់ផ្គង់នៅអាស៊ានសម្រាប់ជប៉ុន

កត្តាទាំងនេះ កំពុងធ្វើឲ្យអ្នកវិនិយោគជប៉ុន បានដាក់គោលដៅវិនិយោគនៅក្នុងប្រទេសវៀតណាម សម្រាប់ផែនការរើប្រតិបត្តិការចេញពីប្រទេសចិន ដោយសារតែរងសម្ពាធនៃភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្មហែកហួររវាងអាមេរិក និងចិន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។

លោក Matsumoto Nobuyuki ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានអះអាងថា មានរោងចក្រផលិតជាច្រើនបានវិនិយោគនៅក្នុងការផលិតឧបករណ៍កម្រិតខ្ពស់ និងវិស័យផ្សេងៗទៀតនៅវៀតណាម ដោយសារតែវាជាផ្នែកមួយនៃការឧបត្ថម្ភធនរបស់រដ្ឋាភិបាលជប៉ុន ដើម្បីដកប្រតិបត្តិការចេញពីប្រទេសចិន និងការធ្វើពិពិធកម្មផលិតផលកម្មនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

អង្គការ JETRO ថ្មីៗនេះ បានធ្វើការស្ទង់មតិក្រុមធុរជនជប៉ុន ដោយបង្ហាញឲ្យឃើញថា គោលដៅពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅក្នុងតំបន់ គឺជាប្រទេសវៀតណាម ដែលជាទីតាំងមានការផលិតផលិតផលអេឡិចត្រូនិកធំៗដូចជា ក្រុមហ៊ុន Sharp និង Murata ជាដើម។

ទោះយ៉ាងណា ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន លោក Matsumoto បញ្ជាក់ថា បញ្ហាបង្ក្រាបបំពើពុករលួយ ការិយាធិបតេយ្យហួសហេតុ កង្វះខាតជំនាញ និងការបិទខ្ទប់ដោយសារកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់បរិយាកាសធុរកិច្ចនៅក្នុងប្រទេសវៀតណាមផងដែរ ហើយបញ្ហាដូចជាការប្រែប្រួលអាកាសធាតុ ក៏កំពុងបន្ថែមភាពស្មុគស្មាញសម្រាប់ការធ្វើអាជីវកម្មដូចគ្នា។

បញ្ហាសិទ្ធិមនុស្ស ក៏ជារឿងសំខាន់ដែរ សម្រាប់បរិយាកាសធុរកិច្ច ដើម្បីពង្រឹងនូវខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ហើយបើតាមការស្ទង់មតិរបស់ JETRO បញ្ហាសិទ្ធិមនុស្សនៅវៀតណាម គឺមានភាពល្អប្រសើរឡើងច្រើនហើយនាពេលបច្ចុប្បន្ន។ ថ្នាក់ដឹកនាំរបស់អង្គការ JETRO ដដែលនេះ បានគូបញ្ជាក់ថា ក្រុមហ៊ុននៅអាមេរិក និងអឺរ៉ុប គឺមានការទាមទារឲ្យក្រុមហ៊ុនជាដៃគូរបស់ពួកគេត្រូវគិតគូរឲ្យបានត្រឹមត្រូវពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនេះ ហើយក្រុមហ៊ុនជប៉ុនដែលមានរោងចក្រនៅវៀតណាម គឺមិនមែនផលិតនាំចេញតែទៅទីផ្សារជប៉ុននោះទេ គឺនាំចេញទៅទីផ្សារលោកខាងលិចដូចគ្នា ដូច្នេះ វាជារឿងចាំបាច់ណាស់ដែលគេត្រូវមើលឲ្យបានល្អិតល្អន់ទៅលើបញ្ហាសិទ្ធិមនុស្ស។

សហរដ្ឋអាមេរិកកាលពីខែមិថុនាឆ្នាំមុន បានដាក់ចេញនូវច្បាប់ការពារជនជាតិអ៊ុយហ្គ័រពីការធ្វើការងារដោយបង្ខំ ហើយក៏បានព្រមានប្រាប់វៀតណាមផងដែរថា កុំឲ្យមានជាប់ពាក់ព័ន្ធផ្នែកផលិតកម្មជាមួយនឹងការរំលោភបំពានសិទ្ធិមនុស្សជនជាតិភាគតិចនៅក្នុងប្រទេសចិនទាំងនេះឲ្យសោះ។

សូមបញ្ជាក់ថា តាមការស្ទង់មតិលើក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម បង្ហាញថា មាន៦០% នៃអ្នកដែលបានស្ទង់មតិ បានអះអាងថា ពួកគេមានផែនការនឹងពង្រីកប្រតិបត្តិការនៅក្នុងប្រទេសវៀតណាមនៅនៅឆ្នាំក្រោយ ឬ២ឆ្នាំទៀត បន្ទាប់ពីប្រទេសឥណ្ឌា និងបង់ក្លាដេស។

ប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកវិនិយោគបរទេសលំដាប់កំពូលទាំងពីរបស់វៀតណាម ដោយក្នុងនោះទីក្រុងតូក្យូកាលពីឆ្នាំ២០២០ ក៏បានដាក់ចេញនូវការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនជប៉ុន ដែលមានការបង្វែរប្រតិបត្តិការចេញពីប្រទេសចិន មកកាន់តំបន់អាស៊ីអាគ្នេយ៍ផងដែរ៕




អត្ថបទបន្ទាប់


ការសិក្សាបង្ហាញថា ប្រទេសចិនជាមហាអំណាចដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ប្រទេសចិនត្រូវបានគេមើលឃើញថា ជាមហាអំណាចសេដ្ឋកិច្ច និងនយោបាយដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ធៀបនឹងមហាអំណាចផ្សេងទៀត ដូ…

ចិន និងអាមេរិក នឹងចូលរួមក្នុងកិច្ចប្រជុំតុមូលថ្មីមួយជាលើកដំបូង ស្តីពីបញ្ហាបំណុលប្រទេសក្រីក្រនៅចុងសប្តាហ៍នេះ

មន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត និងក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬហៅកាត់ថា G7 នឹងចូលរួមក្នុងកិច្ចប្រជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ