ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញក្តីរំពឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា ការប្រមូលចំណូលពន្ធនៅក្នុងឆ្នាំ២០២៦ នឹងអាចសម្រេចបានខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុប្រមាណ២,៨% ក្រោយនៅឆមាសទី១ឆ្នាំនេះប្រមូលចំណូលសម្រេចបានជាង៥៧% នៃផែនការច្បាប់ហិរញ្ញវត្ថុ។ ក្នុងនោះចំណូលពន្ធគយសម្រេចបានជាង១ពាន់៥រយលានដុល្លារស្មើនឹងជាង៥១% នៃផែនការច្បាប់ និងត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានរហូតដល់ជិត១០៣% នៅដំណាច់ឆ្នាំនេះ ខណៈការប្រមូលចំណូលពន្ធដារនៅរយៈពេលដូចគ្នានេះសម្រេចបានជាង២ពាន់លានដុល្លារស្មើនឹងជាង៦២% នៃផែនការច្បាប់ និងត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានជាង១០២% នៅដំណាច់ឆ្នាំនេះ។
ទោះជាយ៉ាងណាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្រមានពីបញ្ហាប្រឈម និងហានិភ័យមួយចំនួន ដែលអាចរាំងស្ទះដល់ការប្រមូលចំណូលពន្ធនៅក្នុងឆ្នាំ២០២៦ ផងដែរដូចជាភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយសកល, ការចែកចាយផលិតផលក្លែងក្លាយ, ការប្រែប្រួលនៃរំហូរពាណិជ្ជកម្ម និងការវិនិយោគ, ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ, មូលដ្ឋានពន្ធគយកាន់តែតូចចង្អៀត ដោយសារកំណើននៃការលើកទឹកចិត្តពន្ធ និងការបន្តកើតមានឡើងនូវការគេចវេះ និងបន្លំពន្ធដែលមានលក្ខណៈជាប្រព័ន្ធ និងស្មុគស្មាញជាដើម។
ពាក់ព័ន្ធបញ្ហានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានគូសបញ្ជាក់ថា កត្តាប្រឈមធំៗដែលនាំឱ្យរាំងស្ទះដល់ការប្រមូលចំណូលពន្ធរបស់រដ្ឋរួមមានគម្លាតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការគេចវេះពន្ធ, បញ្ហារត់គេចពន្ធគយ និងការកែប្រែប្រភពដើមទំនិញ ដែលចន្លោះប្រហោងនៅតាមច្រកព្រំដែន, ភាពស្មុគស្មាញនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាកម្ម និងការប្រែប្រួលរចនាសម្ព័ន្ធពាណិជ្ជកម្ម។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីដោះស្រាយបញ្ហានេះ គឺទាមទារឱ្យមានការទប់ស្កាត់ចន្លោះប្រហោង និងការកែទម្រង់រចនាសម្ព័ន្ធប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
គួររំលឹកថា ការរត់ពន្ធទំនិញខុសច្បាប់បានបណ្តាលឱ្យរដ្ឋខាតបង់ចំណូលយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែង គ្រាន់តែការរត់ពន្ធផលិតផលបារីមួយមុខរដ្ឋត្រូវខាតបង់ថវិកាជិត៤០លានដុល្លារក្នុងមួយឆ្នាំ ខណៈបារីដែលកំពុងលក់នៅលើទីផ្សារជិត៥០% គឺជាផលិតផលគេចពន្ធ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវកាលពីឆ្នាំ២០២៥ កន្លងទៅ៕