ផែនការមេដើម្បីកែលម្អែប្រព័ន្ធភស្តុភារកម្មនេះ បានចាប់ផ្តើមពីពាក់កណ្ដាលឆ្នាំ២០១៨នេះតទៅ ដែលអនុវត្តន៍ដោយអង្គការ JICA និងមានការសិក្សាផ្នែកខ្លះ ដោយធនាគារពិភពលោក។ ការកែលម្អប្រព័ន្ធភស្ដុភារកម្ម គឺជាការកែលម្អលើ៥ចំណុច រួមមាន៖ សមត្ថភាពដឹកជញ្ជូនគ្រប់គ្រាន់ សេវាកម្ម និងការដឹកជញ្ជូនពហុមធ្យោបាយ សេវាកម្មភស្តុភារដែលជឿទុកចិត្តបាន សេវាកម្មភស្តុភារសម្បូរបែប (អ្នកផ្តល់សេវាកម្មឯកជនក្នុងទីផ្សារប្រកបដោយតម្លាភាព និងស្មើភាព និង បច្ចេកវិទ្យាទំនើប និងអាជីវកម្មសម្រាប់ទសវត្សរ៍ថ្មី (ICT) ពោល គឺកាត់បន្ថយការប្រើប្រាស់ឯកសារសរសេរដោយដៃ ដែលកន្លងមកត្រូវចំណាយពេលយូរ។
គម្រោងនេះ ផ្តោតយុទ្ធសាស្រ្តចំនួន៥ រួមមាន៖ ១. ការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ច និងច្រកទ្វារអន្តរជាតិ ២. ការអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្ដុភារសម្រាប់ការដឹកជញ្ជូនពហុមធ្យោបាយ ៣. ការកែលម្អែ ការគ្រប់គ្រងច្រកឆ្លងកាត់ព្រំដែន និងនីតិវិធីពាណិជ្ជកម្ម ៤. លើកកម្ពស់សេវាភស្ដុភារកម្មឯកជន ៥. ពង្រឹងក្របខណ្ឌច្បាប់ និងស្ថាប័ន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្នុងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ លោក សានុយ កាហ្សូម៉ាសា ប្រធានទីប្រឹក្សា JICA បានថ្លែងថា ដើម្បីចូលរួមជួយវិស័យដឹកជញ្ជូន ប្រទេសជប៉ុនបានជួយសាងសង់ស្ពានអ្នកលឿងដែលតភ្ជាប់ទៅតំបន់អាស៊ាន និងសង់ចំណតពហុបំណងរបស់កំពង់ផែក្រុងព្រះសីហនុ ដែលទើបសម្ពោធកាលដើមសប្តាហ៍នេះ ហើយ JICA បានចាប់ផ្តើមគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មរយៈពេល៥ឆ្នាំនេះផងដែរ ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រព័ន្ធដឹកជញ្ជូនទំនិញ ដែលមានតម្លៃប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ។
លោកថ្លែងថា៖ «នៅក្នុងតំបន់អាស៊ាន មានវិនិយោគិនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកដាក់ទុនវិនិយោគ ហេតុនេះ ប្រព័ន្ធនៃការដឹកជញ្ជូន គឺមានការប្រកួតប្រជែងក្នុងថ្នាក់អន្តរជាតិ និងវាបានបញ្ជាក់ពីគុណភាពនៃការរស់នៅរបស់ប្រជាជនផងដែរ។ ទន្ទឹមនឹងឱកាស កម្ពុជាក៏មានការគំរាមកំហែង នោះ គឺការកើនឡើងតម្លៃពលកម្មនៅកម្ពុជានៅខាងមុខ ដែលជាកត្តាមួយ អាចនាំបាត់បង់ការប្រកួតប្រជែងផងដែរ។ អ្វីដែលខ្ញុំលើកឡើងមុននេះ គឺជាកាលានុវត្តភាព និងកត្តាគំរាមកំហែងខ្លះ យើងគួរធ្វើអ្វីខ្លះ ដើម្បីកែលម្អែ និងទប់ស្កាត់បញ្ហាទាំងនេះ»។
បើតាមអ្នកជំនាញវិស័យដឹកជញ្ជូនរូបនេះ កំណើនប្រជាជនកម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើន ១,១៣ ដង ខណៈទំហំនៃកំណើនសេដ្ឋកិច្ច ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានកំណើន ១,៦៥ដង ដែលវិស័យភស្តុភារកម្ម ត្រូវតែពង្រីកបន្ថែមជាចាំបាច់ ជាពិសេសការពង្រីកសមត្ថភាពនៅតាមច្រកទ្វារអន្តរជាតិសំខាន់ៗរបស់កម្ពុជា។
លោកបន្តថា ដើម្បីឲ្យវិស័យ Logistics រីកចម្រើន គឺទាមទារឲ្យមានការចូលរួមច្រើនពីភាគីពាក់ព័ន្ធ។ លើសពីនេះ JICA កំពុងបន្តគម្រោងលើកកម្ពស់សមត្ថភាពគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ធ្វើឲ្យប្រព័ន្ធបែបបទពន្ធគយកាន់តែល្អប្រសើរជាងមុន ប្រព័ន្ធត្រួតពិនិត្យការចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត និងពង្រីកផ្លូវជាតិលេខ៥ពី២គន្លងមក៤គន្លងជាដើម។
ការសិក្សារបស់ JICA បានរកឃើញថា នៅកម្ពុជាមានតម្លៃ Logistic ថ្លៃជាងប្រទេសជិតខាង ដោយសារតែនៅកម្ពុជា អ្នកដឹកជញ្ជូនត្រូវចំណាយ៦០ដុល្លារក្នុងមួយកុងតឺន័រសម្រាប់តម្លៃនៃការត្រួតពិនិត្យទំនិញរបស់ស្ថាប័នកាំកុងត្រូល ខណៈប្រទេសដទៃទៀត មិនមានការចំណាយរបៀបនេះឡើយ។ លើសពីនេះ តម្លៃនៃការបំពេញបែបបទរដ្ឋបាលរបស់ពន្ធគយកម្ពុជា ក៏មានតម្លៃកម្រិតខ្ពស់ទៀតផង។
លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងបានស្នើសុំឲ្យ JICA ជួយលើការកែលម្អប្រព័ន្ធភស្ដុភារកម្មនេះ ដើម្បីឲ្យប្រព័ន្ធនៃការដឹកជញ្ជូនកម្ពុជា កាន់តែល្អ និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ខណៈដែលរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដុតដៃដុតជើងពន្លឿនក្នុងការពង្រីកផ្លូវជាតិលេខ៥ដែលជាច្រកឆ្ពោះទៅកាន់ច្រកអន្តរជាតិប៉ោយប៉ែត ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ គ្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងសាងសង់ល្បឿនលឿនភ្នំពេញ-ច្រកព្រំដែនបាវិត ហើយបច្ចុប្បន្នរដ្ឋាភិបាលកំពុងតែចរចារជាមួយមិត្តចិន ដើម្បីធ្វើផ្លូវមួយខ្សែពីខេត្តប៉ៃលិនឆ្ពោះទៅខេត្តកោះកុងទៀតផង។
លោកថ្លែងយ៉ាងដូច្នេះថា៖ «បណ្ដាញដឹកជញ្ជូនល្អ មាន៣សំខាន់ គឺចំណាយពេលពេលវេលាតិច តម្លៃថោក និងគួរឲ្យជឿទុកចិត្តបាន មានន័យថា បើគេកម៉្មង់ទំនិញពេលណា ត្រូវដឹកឲ្យគេដល់ពេលហ្នឹង។ បច្ចុប្បន្ន ក្រសួងដែលជាសេនាធិការរបស់រដ្ឋាភិបាលបានប្រឹងប្រែង ដើម្បីពង្រីកផ្លូវ និងសាងសង់ផ្លូវបន្ថែម ព្រោះ បើផ្លូវល្អស្អាត ការដឹកជញ្ជូនក៏បានលឿន និងចំណេញពេលវេលាតាមហ្នឹងដែរ»៕