វិស័យដឹកជញ្ជូន និងឡូជីស្ទិក

ការសិក្សាគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មនៅភ្នំពេញ កំពុងរាំងស្ទះដោយសារកូវីដ-១៩


មន្ត្រីជាន់ខ្ពស់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បាននិងកំពុងធ្វើឲ្យសកម្មភាពមួយចំនួននៃសិក្សាគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មនៅរាជធានីភ្នំពេញរបស់ក្រុមហ៊ុនសិង្ហបុរី YCH ត្រូវបានពន្យារពេល។ ទោះយ៉ាងណា ក្រសួងសាធារណៈការនៅតែមានក្ដីសង្ឃឹមថា ការសិក្សាលើគម្រោងនេះ នឹងឈានទៅបញ្ចប់តាមការគ្រោងទុកនៅឆ្នាំ២០២២ ខណៈបច្ចុប្បន្នក្រុមហ៊ុន YCH កំពុងប្រើប្រាស់វិធីសាស្ត្រសិក្សាតាមប្រព័ន្ធអនឡាញវិញ។
ការដឹកជញ្ជូនទំនិញតាមកំពង់ផែនៅកម្ពុជា (រូបភាព៖ http://www.pas.gov.kh)
ដោយ

ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការសិក្សាលើគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មនៅរាជធានីភ្នំពេញពីសំណាក់ក្រុមហ៊ុន YCH របស់សិង្ហបុរី ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានរាំងស្ទះ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានការខកខានដល់សកម្មភាពមួយចំនួន។ បើទោះបីជា មិនអាចបញ្ជូនក្រុមជំនាញមកសិក្សាផ្ទាល់ តែក្រុមហ៊ុនបាននិងកំពុងប្រើប្រាស់វិធីសាស្ត្រសិក្សាលើគម្រោងនេះជាបណ្តើរៗហើយដែរ តាមរយៈប្រព័ន្ធអនឡាញ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន YCH របស់សិង្ហបុរីនេះ នឹងបញ្ជូនក្រុមការងារជំនាញរបស់ខ្លួនឲ្យមកសិក្សាលើគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មនេះដោយផ្ទាល់ ក្រោយស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយ។ តែយ៉ាងណា ឯកឧត្តម រំពឹងថា គម្រោងនេះនឹងបញ្ចប់ការសិក្សាក្នុងរយៈពេល៩ខែតាមការគ្រោងទុក មុនឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ការសិក្សា និងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២២។  

ឯកឧត្តម ឈៀង ពេជ្រ បានរៀបរាប់ពីអត្ថប្រយោជន៍ នៃការសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះថា មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងបែងចែង និងចែកចាយទំនិញនៅកម្ពុជា ដ្បិតរាជធានីភ្នំពេញជាចំណុចប្រសព្វ ដែលអាចបង្កលក្ខណៈងាយស្រួលដល់ដឹកទំនិញពីភ្នំពេញទៅបណ្តាខេត្តផ្សេងៗ។ លើសពីនេះវានឹងជួយរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ និងកាត់បន្ថយគ្រោះថ្នាក់ និងកកស្ទះចរាចរណ៍ផងដែរ។

ជាមួយគ្នានេះដែឬ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងថា គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មនេះ មិនត្រឹមតែជាមជ្ឈមណ្ឌលបែងចែង និងចែកចាយទំនិញ ប៉ុណ្ណោះទេ តែវាជាកន្លែងប្រមូលផ្តុំដោយស្ថាប័នធំៗដូចជាគយ កន្លែងត្រួតពិនិត្យទំនិញ និងស្ថាប័នផ្តល់សេវាកម្មផ្សេងៗ ដែលអាចជួយសម្រួលឲ្យការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។ 

បើតាមឯកឧត្តម ឈៀង ពេជ្រ មុនសម្រេចជ្រើសរើសឲ្យក្រុមហ៊ុន YCH របស់សិង្ហបុរីសិក្សាលើគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ កម្ពុជាបានពឹងឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB សិក្សាម្តងរួចមកហើយ។ ក្រោយការសិក្សា ADB អះអាងថា គម្រោងនេះអាចប្រព្រឹត្តទៅបាន ហើយថែមទាំងអាចផ្តល់ប្រាក់ចំណេញដល់ក្រុមហ៊ុនវិនិយោគលើគម្រោងនេះទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងហិរញ្ញវត្ថុថៃស្នើឲ្យធនាគាររដ្ឋទាំងអស់ពិចារណាទម្លាក់អត្រាការប្រាក់រហូតដល់ ០%

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុថៃ បានស្នើដល់ធនាគាររដ្ឋទាំងអស់ឲ្យពិចារណាទម្លាក់អត្រាការប្រាក់ឲ្យនៅកាន់តែទាបជាងមុន ទៅដល់សូន្យភាគរយតែម្ដងរហូតដល់ចុងឆ្នាំនេ…

ក្រុមកសិករស្នើធនាគាររដ្ឋ ARDB ទម្លាក់ទុនកម្ចីបន្ថែម និងបន្ធូរលក្ខខណ្ឌកម្ចី

ព័ត៌មាន
សមាគមអ្នកចិញ្ចឹមសត្វ និង ក្រុមកសិករដាំដុះដំណាំកសិកម្ម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា​តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​(ARDB) ទម្លាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ