វិស័យកសិកម្ម

ពលរដ្ឋខេត្តកំពង់ធំ មានក្តីរំពឹងខ្ពស់លើគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ


ការដាំបន្លែក្នុងផ្ទះសំណាញ់ជាគម្រោងផលិកម្មកសិកម្មដ៏ទំនើបមួយ ដែលអាចផ្តល់លទ្ធភាពឱ្យកសិករអាចដាំដុះបន្លែបានច្រើនដងក្នុងមួយឆ្នាំ និងផ្តល់ទិន្នផលខ្ពស់ជាងការដាំនៅតាមទីវាល។ ការដាំបន្លែក្នុងផ្ទះសំណាញ់មិនត្រឹមតែជួយផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយក្នុងការជួយធានាសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារនៅកម្ពុជាផងដែរ ដ្បិតថា ការដាំបន្លែរបៀបនេះធ្វើឡើងតាមធម្មជាតិ មិនមានការប្រើប្រាស់ថ្នាំគីមីនោះទេ។
វិស័យកសិកម្ម
ដោយ

ជាក់ស្តែងការដាក់ឱ្យអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នៅសហគមន៍កសិកម្មជ្រលងពន្លឺមានជ័យ ស្ថិតនៅស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះរំពឹងថា ការដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមសត្វ នឹងជួយលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ប៉ុន្តែអ្នកជំនាញអះអាងថា ការដាំបន្លែរបៀបនេះ គឺទាមទារឱ្យមានបច្ចេកទេស និងការសិក្សាពីទីផ្សារផងដែរ។

ប្រធានសហគមន៍កសិកម្មជ្រលងពន្លឺមានជ័យ លោកស្រី លឹម ហៃ ដែលទើបអនុវត្តការដាំបន្លែក្នុងផ្ទះសំណាញ់នៅឆ្នាំនេះមានក្តីសង្ឃឹមយ៉ាងមុតចំពោះគម្រោងដាំបន្លែបែបធម្មជាតិនេះក្នុងការជួយលើកកម្ពស់ជីវភាពរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ។ ការបង្ហាញក្តីរំពឹងបែបនេះធ្វើឡើងក្រោយ​លោកស្រី សិក្សាឃើញថា ការដាំបន្លែរបៀបនេះអាចផ្តល់លទ្ធភាពឱ្យលោកស្រីអាចដាំបន្លែបានចន្លោះពី៦ ទៅ៨ដង ក្នុង១ឆ្នាំ តាមប្រភេទបន្លែនីមួយៗ និងផ្តល់ប្រាក់ចំណេញខ្ពស់ជាងដាំនៅតាមទីវាល បើទោះបីការអនុវត្តផលិតកម្មកសិកម្មតាមរបៀបនេះត្រូវចំណាយដើមទុនខ្ពស់លើកការសាងសង់ផ្ទះសំណាញ់នៅពេលចាប់ផ្តើមដំបូងក៏ដោយ​។ ជាមួយគ្នានេះ ប្រធានសហគមន៍រូបនេះ ស្នើឱ្យពលរដ្ឋងាកមកដាំបន្លែក្នុងផ្ទះសំណាញ់ និងជួយគាំទ្របន្លែដាំក្នុងស្រុក។

​ជាមួយគ្នានេះ លោក ឡឹក សុផល កសិករដាំបន្លែម្នាក់នៅស្រុកតាំងគោក ខេត្តកំពង់ធំ បានអះអាងថា ក្រោយលោកងាកពីការដាំបន្លែតាមទីវាលមកដាំបន្លែក្នុងផ្ទះសំណាញ់ ជីវភាពរបស់គ្រួសារលោកហាក់មានភាពល្អប្រសើរជាងមុនច្រើន ដ្បិតការដាំបន្លែរបៀបនេះលោកអាចរកប្រាក់ចំណូលបានចន្លោះពីជាង១លានរៀលទៅ២លានរៀលសម្រាប់ការដាំក្នុងផ្ទះសំណាញ់១០ម៉ែត្រគុណ២៥ម៉ែត្រមួយលើក ដែលមានអាយុកាលជាង១ខែ។

​ដោយឡែក លោក ណុប នុន ប្រធានសមាគមកសិកម្ម តាសី សាមគ្គី បានអះអាងថា ការដាំបន្លែក្នុងផ្ទះសំណាញ់ គឺវាមានភាពទៀងទាត់ និងអាចផលិតបានតាមតម្រូវការទីផ្សារ ដោយខុសពីការដាំនៅតាមទីវាល ដែលអាចប្រែប្រួលទៅតាមអាកាសធាតុ និងរដូវកាល។ បន្ថែមលើនេះ ការដាំបន្លែក្នុងផ្ទះសំណាញ់ចំណាយដើមទុនតិច និងផ្តល់ទិន្នផលខ្ពស់ ពោល​បើដាំក្នុងទំហំផ្ទៃដី១០ម៉ែត្រគុណនឹង២៥ម៉ែត្រដូចគ្នាការដាំក្នុងផ្ទះសំណាញ់អាចផ្តល់ទិន្នផលចន្លោះពី៧០០គីឡូក្រាមទៅជាង១តោន ខណៈដាំនៅតាមទីវាលផ្តល់ផលចន្លោះពី៤០០ទៅ៦០០គីឡូក្រាម។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា មិនថាដាំនៅក្នុងផ្ទះសំណាញ់ ឬតាមទីវាលនោះទេ គឺទាមទារឱ្យកសិករចេះបច្ចេកទេសដាំដុះ និងត្រូវសិក្សាពីតម្រូវការទីផ្សារ។

​ជាមួយគ្នានេះ ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ក្រុមការងាររាជរដ្ឋាភិបាល ចុះពង្រឹងមូលដ្ឋានខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២៥។

ក្នុងជំនួបជជែកពិភាក្សាដ៏សាមញ្ញនៅលើកៅស៊ូក្រោមដើមស្វាយជាមួយប្រជាកសិករនៅស្រុកតាំងគោក ខេត្តកំពង់ធំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ការដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំនេះ គឺធ្វើពិត ពុំមែនសម្តែងល្ខោននោះទេ។ ជាមួយគ្នានេះ ឯកឧត្តម បានសំណូមពរឱ្យប្រជាពលរដ្ឋសហគមន៍ត្រូវចូលរួមការបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហ៍ព្យាយាម និងត្រូវមានសាមគ្គីភាពល្អ ដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។ ទន្ទឹមនេះ អាជ្ញាធរដែនដី ខេត្ត ស្រុក ឃុំ ភូមិ មន្ត្រីកសិកម្មឃុំ ផ្នែកជំនាញពាក់ព័ន្ធ ត្រូវចូលរួមសម្របសម្រួល និងគាំទ្រការអនុវត្តគម្រោងដោយការទទួលខុសត្រូវ ហើយត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមដែលកើតមាន ដើម្បីចូលរួមចំណែកអនុវត្តឱ្យុបានជោគជ័យ ស្របតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នូវអភិក្រមចំនួន៣ គឺ«ជួយបង្កើនចំណូលគ្រួសារ ធានាសន្តិសុខស្បៀង និងធានាសុវត្ថិភាពចំណីអាហារ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានណែនាំឱ្យក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ និងក្រុមការងារវិស័យពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលសហគមន៍បានលើកឡើង ជាអាទិ៍ ដូចជា តម្រូវការបច្ចេកទេស, ការដោះស្រាយបញ្ហាទីផ្សារ, ការគ្រប់គ្រងប្រើប្រាស់និងចាត់ចែងហិរញ្ញវត្ថុ, ការត្រួតពិនិត្យតាមដានការអនុវត្តគម្រោងជាប្រចាំ និងត្រូវរៀបចំបង្កើត និងបង្កើនក្រុមផលិតឱ្យបានច្រើន ដើម្បីធានាភាពជាម្ចាស់របស់សហគមន៍ដែលអាចរស់បានដោយខ្លួនឯងនាពេលអនាគត ហើយនាពេលបន្ទាប់នឹងរៀបចំឱ្យមានការប្រឡងប្រណាំងសហគមន៍ដែលអនុវត្តគម្រោងបានជោគជ័យក្នុងខេត្តកំពង់ធំ ទៀតផង។

គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានដាក់ចេញដោយឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។ គម្រោងនេះ មានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនេះនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ បន្ថែមលើផលិតកម្មកសិកម្មគោល ដូចជា ការដាំបន្លែ, ការចិញ្ចឹមសត្វ, ការផលិតជីសរីរាង្គ, និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ តាមរយៈការចូលរួមផ្តល់ទុនបដិភាគ (ចូលរួមជាភាគហ៊ុនក្នុងមុខរបរសហគមន៍កសិកម្ម) និងចូលរួមសម្របសម្រួល និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការជំរុញកសាងខ្សែច្រវាក់តម្លៃកសិកម្មនៅតាមបណ្ដាមូលដ្ឋាន/សហគមន៍។

គម្រោងនឹងត្រូវអនុវត្តក្នុងរយៈពេល ៤ឆ្នាំ (២០២៥-២០២៨) ដោយផ្តល់ជាទុនបដិភាគដល់សហគមន៍កសិកម្មចំនួន ៧៥ (ដែលបានចុះបញ្ជី និងកំពុងមានសកម្មភាពផលិតកម្មកសិកម្ម ឬតាមស្ថានភាពជាក់ស្តែង នៅក្នុងបណ្តាស្រុក/ក្រុងទាំង ៩ នៃខេត្តកំពង់ធំ) និងសម្រាប់ចំណាយគាំទ្រប្រតិបត្តិការ និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងមានទឹកប្រាក់សរុបប្រមាណជាង ៤០ ម៉ឺនដុល្លារអាម៉េរិក ដែលគាំទ្រដោយថវិកាផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត និងក្រុមការងារ ព្រមទាំង​​សប្បុរសជន៕




អត្ថបទបន្ទាប់


កម្ពុជា និងវៀតណាម ជំរុញការអនុវត្តយន្ដការបន្ថែម ដើម្បីឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ២០ពាន់លានដុល្លារ

ប្រទេសវៀតណាម និងកម្ពុជា បាននិងកំពុងជំរុញការអនុវត្តយន្ដការបន្ថែម ដើម្បីឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លារ ដែលថ្នាក់ដឹកនាំក…

កម្ពុជា រំពឹងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ជួយស្រូបទាញការវិនិយោគ និងភ្ញៀវទេសចរពីចិនចូលកម្ពុជាកាន់តែច្រើន

សមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន West Sea Tourism Services បានសហការរៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ក្រោមប្រធានបទ«គន្លឹះឆ្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ