កំពង់ផែអន្តរជាតិកំពត

តើអ្នកជំនាញមានការរំពឹងបែបណាចំពោះកំពង់ផែអន្តរជាតិកំពត ដែលគ្រោងដាក់ឱ្យប្រើប្រាស់នៅអំឡុងខែមិថុនា ខាងមុខ?


បើតាមការអះអាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពង់ផែអន្តរជាតិ កំពត ដែលជាកំពង់ផែទឹកជ្រៅថ្មីមួយរបស់កម្ពុជានឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរំពឹងថា ក្រោយកំពង់ផែទឹកជ្រៅនេះដាក់ឱ្យដំណើរការ វានឹងជួយធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវរបស់កម្ពុជា ពិសេសនៅខេត្តកំពតកាន់តែមានភាពងាយស្រួលជាងមុន ហើយវានឹងក្លាយជាទីតាំងសម្រាប់លើកដាក់ ផ្ទេរទំនិញចេញ-ចូល ដ៏សំខាន់មួយរបស់កម្ពុជា និងទៅកាន់ទីផ្សារអន្តរជាតិ។
កំពង់ផែអន្តរជាតិកំពត
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅតែជាកត្តាសំខាន់ក្នុងការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិ បើទោះបីការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស មានការរីកចម្រើនយ៉ាងណាក្តី ក្នុងនោះការធ្វើពាណិជ្ជកម្មនៅលើសកលលោកប្រមាណ៩០% នាពេលបច្ចុប្បន្ននេះនៅតែចរាចរតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក។

បើតាមសម្តេចធិបតី ដោយមើលឃើញពីសក្តានុពលដ៏​សំខាន់នៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ​កំពុងខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកជាបន្តបន្ទាប់ ដើម្បីឱ្យកំពង់ផែនៅកម្ពុជា ​មានដំណើរការកាន់តែល្អ និងមានការរីកចម្រើនបន្ថែមទៀត។ តួយ៉ាង សម្តេចធិបតី នឹងអញ្ជើញទៅសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែអន្តរជាតិ កំពត ដែលជាកំពង់ផែទឹកជ្រៅថ្មីមួយសម្រាប់កម្ពុជា នៅដើមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

​ជុំវិញបញ្ហានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានអះអាងថា នៅពេលកំពង់ផែអន្តរជាតិ កំពត ដាក់ឱ្យដំណើរការ នោះវានឹងក្លាយជាកំពង់ផែទឹកជ្រៅមួយដែលអាចអនុញ្ញាតិឱ្យកប៉ាល់ធំៗអាចចូលចតបាន ដូច្នេះវានឹងធ្វើឱ្យការដឹកទំនិញកាន់តែងាយស្រួលនិងដឹកបានច្រើនជាងមុន និងធ្វើឱ្យការធ្វើពាណិជ្ជកម្មដោះដូរទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ កាន់តែមានភាពល្អប្រសើរជាងមុន។ ក្រៅពីជួយសម្រួលដល់ការដោះដូរ និងលើកដាក់ទំនិញ កំពង់ផែទឹកជ្រៅនេះ នឹងក្លាយជាផ្នែកមួយក្នុងការជួយជំរុញកំណើនវិនិយោគនៅតំបន់នោះ និងក្បែរៗនោះផងដែរ។ លើសពីនេះកំពង់ផែនេះ នឹងជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ពលរដ្ឋនៅក្នុងខេត្តកំពតផងដែរ។ ​

​បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែអន្តរជាតិ កំពតនេះ គឺជាកំពង់ផែទឹកជ្រៅដែលវិនិយោគដោយក្រុមហ៊ុនឯកជនមួយ ហើយកំពង់ផែនេះនឹងបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា វត្ថុធាតុដើម ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរផងដែរ។ ក្រោយកំពង់ផែនេះដាក់ឱ្យដំណើរការ វាមានសម្ថតភាពទទួលនាវាធំៗ ដែលផ្ទុកទំនិញរហូតដល់២ម៉ឺនតោន អាចចូលចតបាន។ កំពង់ផែអន្តរជាតិ កំពតនេះ គឺជាកំពងផែទឹកជ្រៅទី២របស់កម្ពុជា ដែលមានជម្រៅទឹក ១៣ម៉ែត្រ និងមានចំណតផែកុងតឺន័រប្រវែង៥០០ម៉ែត្រ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនមុនបោះទុនវិនិយោគនៅកម្ពុជាតែងសួរពីធនធានមនុស្ស និងតម្លៃភ្លើង ចុះវិនិយោគិនអាម៉េរិក?

ព័ត៌មាន
គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ពីក្រុមវិនិយោគិនអន្តរជាតិ ឱ្យចុះមកសិក្សាពីសក្ដានុពល និង…

តើការចងក្រងជាសហគមន៍កសិកម្មទំនើប អាចជួយការពារ និងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កសិករ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកឱ្យកសិករដាំស្វាយចន្ទី ដែលខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ និងងាយរងហានិភ័យពីការប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ