អ្នកជំនាញរំពឹងថា នៅពេលកំពង់ផែនេះលេចចេញជារូបរាងជាស្ថាពរ វានឹងក្លាយជាទីតាំងដ៏សំខាន់ក្នុងការលើកដាក់ ផ្ទេរទំនិញចេញ-ចូលដ៏សំខាន់មួយរបស់កម្ពុជា និងទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្ដម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានឱ្យដឹងថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដែលមានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កំពុងចាក់ដីបំពេញតាមផែនការគម្រោង និងពុំទាន់បានសាងសង់លេចចេញជារូបរាងនៅឡើយទេ។ ថ្នាក់ដឹកនាំរូបនេះបានគូសបញ្ជាក់ថា ការចាក់ដីបំពេញក្នុងគម្រោងទៀតសោត ក៏អាចមានភាពយឺតយ៉ាវខ្លះដែរ ដោយសារតែផលប៉ះពាល់នៃសេដ្ឋកិច្ចជាសកល។
ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនេះដែរ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថា កំពង់ផែនេះ នឹងក្លាយជាទីតាំងដ៏សំខាន់ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវទិសដៅកំណើនសេដ្ឋកិច្ចតាមការរំពឹងទុក។
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពតនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតរបស់កម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ សម្រាប់អ្នកជំនាញរូបនេះ គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែ ដែលមានស្រាប់ដូចជា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញការអនុវត្តឱ្យបានជោគជ័យនូវផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចេញនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ជាងនេះទៅទៀត គម្រោងនេះនឹងចូលរួមចំណែកផងដែរ ក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម និងជួយបំពេញនូវគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕