ទេសចរណ៍ប្រវត្តិសាស្ត្រ

អ្នកជំនាញស្នើឱ្យអាជ្ញាធររក្សាស្នាមរបួសសង្គ្រាម និងរៀបចំតំបន់ទាំងនោះជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ


អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមស្នើឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំតំបន់មួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែន ដែលរងការវាយប្រហារយ៉ាងដំណំពីសំណាក់យោធាថៃ ធ្វើជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីស្រូបទាញភ្ញៀវទេសចរ ក្រោយជម្លោះព្រំដែនត្រូវបានដោះស្រាយចប់សព្វគ្រប់។ ការរក្សានូវស្លាកស្នាមនៃការបំផ្លិចបំផ្លាញទាំងនោះ មិនត្រឹមតែដើម្បីទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែជាការចារទុកនូវប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរគ្រប់ជំនាន់ឱ្យបានដឹង និងបានឃើញពីព្រឹត្តិការណ៍ពិតនៃការរំលោភបំពានរបស់យោធាថៃ។
ទេសចរណ៍ប្រវត្តិសាស្ត្រ
ដោយ

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំកម្ពុជា បានលើកឡើងថា តំបន់ដែលរងការវាយប្រហារ និងការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ ជាពិសេសនៅក្បែរប្រាសាទបុរាណ មិនគួរត្រូវបានសាងសង់ថ្មី ឬជួសជុលលុបដានចាស់ចោលនោះឡើយ។ លោកយល់ថា អាជ្ញាធរគួររក្សាទុកទិដ្ឋភាពទាំងនោះឱ្យនៅដដែល ដើម្បីបង្ហាញពិភពលោកពីសកម្មភាពរំលោភបំពានរបស់ថៃ និងជាការដាស់ស្មារតីចងចាំដល់ប្រជាជាតិខ្មែរ​។ លោកបន្ថែមថា ដើម្បីរក្សាតំបន់ទាំងនោះបានទាល់តែរដ្ឋាភិបាលរៀបចំ និងសាងសង់លំនៅឋាននៅទីតាំងថ្មីជូនពលរដ្ឋដែលរងផលប៉ះពាល់។

​ទន្ទឹមនឹងនេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានព្រឹត្តិការណ៍​សង្គម ក៏បានគាំទ្រចំពោះគំនិតនេះដែរ។ លោកបានបញ្ជាក់ថា នៅពេលស្ថានភាពព្រំដែនមានភាពធូរស្រាល អាជ្ញាធរគួរប្រមូលចងក្រងរាល់ឯកសារ រូបភាព និងវត្ថុតាងនានាពីសមរភូមិប្រយុទ្ធ ដើម្បីបង្កើតជាទិសដៅទេសចរណ៍ប្រវត្តិសាស្ត្រ។ អ្នកជំនាញរូបនេះជឿជាក់ថា ការធ្វើបែបនេះ នឹងក្លាយជាការកត់ត្រានូវរឿងរ៉ាវពិតដែលបានកើតឡើងក្នុងសមរភូមិទាំងពីរលើកចុងក្រោយនេះឱ្យនៅគង់វង្ស។

​តាមទស្សនៈរបស់អ្នកជំនាញ ការចងក្រងរឿងរ៉ាវនៃការវាយប្រហាររបស់យោធាថៃ មកលើកម្ពុជា គឺជាកិច្ចការដ៏សំខាន់បំផុត ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងមនសិការកូនខ្មែរជំនាន់ក្រោយ មិនឱ្យបំភ្លេចនូវព្រឹត្តិការណ៍ដ៏រន្ធត់ និងការលះបង់របស់កងទ័ពក្នុងកិច្ចការពារបូរណភាពទឹកដី៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងវិស័យអចលនទ្រព្យនឹងចាប់ផ្ដើមងើបឡើងវិញនៅក្នុងឆ្នាំ២០២៦

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា ប្រសិនបើមិនមានឧបសគ្គអ្វីធំដុំកើតឡើងជាយថាហេតុទេ នោះទីផ្សារអចលនទ្រព្យកម្ពុជានឹងចាប់ផ្ដើមស្ទុះងើបឡើងវិ…

ក្រុងប៉េកាំង កោតសរសើរកម្ពុជា ចំពោះកិច្ចសហការល្អក្នុងការធ្វើបត្យាប័នបញ្ជូនខ្លួនមេខ្លោងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី ទៅចិន

កម្ពុជា បានធ្វើបត្យាប័នបញ្ជូនខ្លួនលោក ចេន ហ្ស៊ី (Chen Zhi) ទៅកាន់ប្រទេសចិន ដោយលោកត្រូវបានចោទប្រកាន់ពីបទធ្វើជាមេខ្លោងធំនៃបណ្តាញឧក្រិដ្ឋកម្មឆ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ