ការចាប់ខ្លួនរបស់លោក កឹម សុខា ពីបទក្បត់ជាតិ មានរយៈពេលជាង២ឆ្នាំមកហើយ ខណៈដែលសហគមន៍អឺរ៉ុប បានចាប់ផ្តើមដំណើរការនីតិវិធីផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអនុគ្រោះពន្ធ EBA បន្ទាប់ពីមានការព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។
ការសម្រេចបន្ធូរបន្ថយនេះកើតឡើង បន្ទាប់ពីការមកដល់ប្រទេសម៉ាឡេស៊ីរបស់អតីតមេដឹកនាំបក្សប្រឆាំងម្នាក់ទៀត គឺលោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានសាលាដំបូងរាជធានីភ្នំពេញ លោក កឹម សុខា បានគោរពត្រឹមត្រូវតាមកាតព្វកិច្ចនៃការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងមានកិច្ចសហការល្អ។ ហេតុដូច្នេះហើយ ចៅក្រមបានកែប្រែកាតព្វកិច្ចមួយចំនួន ដោយមានលក្ខខណ្ឌតែបីទេ នោះគឺមិនឱ្យចាកចេញពីកម្ពុជា មិនឲ្យធ្វើនយោបាយ និងត្រូវឆ្លើយមុខសមត្ថកិច្ច ពេលកោះហៅ។
អតីតសមាជិកសភាហ្វ៊ីលីពីន លោក Teddy Baguilat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបន្ធូរបន្ថយលក្ខខណ្ឌនេះ ជាការប៉ុនប៉ងរបស់នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មអន្តរជាតិលើរូបលោក និងរដ្ឋាភិបាលរបស់លោក។
លោក Teddy Baguilat បាននិយាយដូច្នេះថា «អាជ្ញាធរកម្ពុជាត្រូវតែប្រគល់សិទ្ធិទាំងអស់ជូនលោក កឹម សុខា ជាបន្ទាន់ រួមទាំងសិទ្ធិក្នុងការធ្វើដំណើរ និងសិទ្ធិក្នុងការចូលរួមក្នុងនយោបាយ និងកិច្ចការសាធារណៈ និងទម្លាក់ចោលរាល់ការចោទប្រកាន់ខាងនយោបាយប្រឆាំងនឹងរូបលោក។»
លោក Teddy Baguilat បានបន្តថា «លោក [កឹម សុខា] ក៏គួរតែត្រូវបានផ្តល់សិទ្ធិទទួលបានយុត្តិធម៌និងសំណងសម្រាប់ការឃុំខ្លួនខុសច្បាប់លើរូបលោក។»
លោក Phil Robertson មកពីអង្គការអ្នកឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា គេពុំគួរភ្លេចឡើយថា ខណៈពេលដែលលោក កឹម សុខា ត្រូវបានគេឃុំឃាំងក្នុងផ្ទះ អាជ្ញាធរកម្ពុជាបានចាប់សកម្មជនគណបក្សសង្គ្រោះជាតិ នៅទូទាំងប្រទេស ប្រមាណជា ៨០នាក់ ដោយចោទប្រកាន់ថាមានផែនការធ្វើរដ្ឋប្រហារ។
លោក Phil Robertson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ករណីប្រឆាំងសកម្មជនទាំងអស់នេះ ក៏គួរតែត្រូវបានគេទម្លាក់ការចោទប្រកាន់ជាបន្ទាន់ ហើយពួកគេគួរតែត្រូវបានដោះលែងឱ្យវិលត្រឡប់ទៅជួបជុំគ្រួសាររបស់ពួកគេវិញ ទាន់ពេលវេលាដើម្បីរីករាយចូលរួមពិធីបុណ្យអុំទូក»៕