នាពិធីបើកពិព័រណ៍«ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា«រសជាតិកសិផលខ្មែរ» ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅផ្សារទំនើប ជីបម៉ុង២៧១ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១របស់កម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើតជាស្មារតីជាតិនិយមគាំទ្រកសិផលខ្មែរ ទាំងនៅក្នុងជីវភាពប្រចាំថ្ងៃ និងនៅពេលរៀបចំកម្មវិធីផ្សេងៗផងដែរ។ បើតាមការបញ្ជាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមហ៊ុនម្ហូបការ ភោជនីយដ្ឋាន និងសណ្ឋាគារ មិនថាតូចក្តីធំក្តី គឺបានដើរតួយ៉ាងសំខាន់ក្នុងការប្រើប្រាស់ផលិតផលខ្មែរ និងកសិផលរបស់ខ្មែរ។
តែយ៉ាងណា លោកជំទាវបណ្ឌិត បានអំពាវនាវលើកទឹកចិត្តដល់ក្រុមហ៊ុនផ្ដល់សេវាកម្មអាហារដទៃទៀត ព្រមទាំងសមាគមនចុងភៅ សមាគមទេសចរណ៍ និងភោជនីយដ្ឋាននានា ត្រូវចូលរួមកាន់តែច្រើនថែមទៀតក្នុងចលនាគាំទ្រកសិផលខ្មែរនេះ និងលើកទឹកចិត្តឱ្យមានការចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មខ្មែរផងដែរ។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ សហគមន៍កសិកម្ម ដែលជាអ្នកផលិត ត្រូវបង្កើនការយកចិត្តទុកដាក់លើផលិតកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព គុណភាព សុវត្ថិភាព និងបន្តកសាងពង្រឹងទំនុកចិត្តឱ្យគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏លើកទឹកចិត្តឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យមានការរៀបចំកម្មវិធីតាំងពិព័រណ៍ភូមិកសិផលខ្មែរនេះជារៀងរាល់ឆ្នាំ ដើម្បីបន្តពួនជ្រុំស្មារតីជាតិនិយមគាំទ្រកសិផលខ្មែរ ប្រកបដោយមោទនភាពជាតិ។ និងលើកទឹកចិត្តឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនការផ្សព្វផ្សាយ និងការគាំទ្រប្រជាកសិករ សហគមន៍កសិកម្មក្នុងការអនុវត្តកសិកម្មល្អ ការចិញ្ចឹមសត្វល្អ ការធ្វើវារីវប្បកម្មល្អ ដើម្បីធានានៅការផ្គត់ផ្គង់កសិផលខ្មែរ បន្លែត្រីសាច់ឆ្លើយតបទៅនឹងតម្រូវការផ្នែកបរិមាណគុណភាពសុវត្ថិភាព និងតម្លៃ៕