
លោក លាង ហុង អ្នកគ្រប់គ្រងផលិតកម្ម និងសុវត្ថិភាព នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជាក់ថា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានមហិច្ឆតាក្នុងការឈរជើងលើទីផ្សារឱ្យបានដល់លើស ១០០ឆ្នាំ ក្នុងនាមជារោងចក្រផលិតភេសជ្ជៈឈានមុខគេនៅទីផ្សារក្នុងស្រុក និងមានការទទួលស្គាល់នៅក្នុងតំបន់។ តាមរយៈចក្ខុវិស័យដ៏មុតស្រួចទាំងអស់នេះហើយ ទើបជំរុញឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្តេជ្ញាក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន ហើយទទួលបានពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក ដូចទៅនឹងក្រុមហ៊ុនយក្សនៅក្នុងពិភពលោកដែរ។



តើអ្វីទៅជាការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក? ហើយវាមានសារសំខាន់អ្វីខ្លះ?
បើតាមការបញ្ជាក់របស់លោក អាកមាត សូឡេហ៊ូឌីន (Achmad Sholehuddin) អ្នកជំនាញ និងជាអ្នកគ្រប់គ្រងអន្តរជាតិ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនប្រឹក្សាអន្តរជាតិ អ៊ីហ្វេសូ (EFESO Consulting) ដែលជាក្រុមហ៊ុនផ្ដល់សេវាប្រឹក្សាលើការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក សម្រាប់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា «ការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក គឺជា ការគ្រប់គ្រងប្រតិបត្តិការជាប្រព័ន្ធ ដើម្បីសម្រេចបាននូវសមិទ្ធផលគ្រប់គ្រងរោងចក្រលំដាប់ពិភពលោក ហើយការអនុវត្តនេះអាចសម្រេចប្រកបដោយជោគជ័យបាន លុះត្រាមានការចូលរួមពីបុគ្គលិកទាំងអស់យ៉ាងយកចិត្តទុកដាក់។»



លោក អាកមាត បន្ថែមថា ការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងលើគោលការណ៍ ធ្វើឱ្យដំណើរការផលិតកម្មប្រកបដោយប្រសិទ្ធភាព, ការអភិវឌ្ឍឥតឈប់ឈរ, ការដាក់ចេញនូវយុទ្ធសាស្ត្របានត្រឹមត្រូវ និងការផ្ដោតលើតម្រូវការអតិថិជន។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា នៅកម្ពុជា ទើបតែមានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មួយគត់ ដែលក្រុមហ៊ុនប្រឹក្សាអន្តរជាតិ អ៊ីហ្វេសូ (EFESO Consulting) មានផ្ដល់ជូនសេវាកម្មផ្នែកប្រឹក្សាលើសង្វាក់ផលិតកម្មលំដាប់ពិភពលោក ដែលនេះសបញ្ជាក់ឱ្យឃើញពីការតាំងចិត្តយ៉ាងមុតមាំ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនខ្មែរមួយនេះ។



លោក អាកមាត មានប្រសាសន៍យ៉ាងដូច្នេះថា « ហេតុអ្វី ខ្មែរ ប៊ែវើរីជីស កំពុងធ្វើការអនុវត្តការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោ ក? ការអនុវត្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នេះ គឺជាការបោះជំហានជាយុទ្ធសាស្ត្រ ក្នុងការរក្សាជំហរជារោងចក្រគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក។ ហើយការអនុវត្តនេះ មិនត្រឹមតែ ធ្វើឱ្យការប្រតិបត្តិការមានភាពល្អប្រសើរនោះទេ ប៉ុន្ដែ វាក៏ចូលរួមនៅក្នុងភាពជោគជ័យរបស់ក្រុមហ៊ុន ភាពរីកចម្រើន និងនិរន្តភាពរបស់រោងចក្រ នៅក្នុងបរិយាកាសប្រកួតប្រជែងរបស់ទីផ្សារនាពេលបច្ចុប្បន្នផងដែរ។»



ចាប់តាំងពីមានការចាប់ផ្ដើមអនុវត្តការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោកក្នុងឆ្នាំ២០១៨ រហូតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានកត់សម្គាល់ឃើញនូវការអភិវឌ្ឍយ៉ាងខ្លាំងទាំងផ្នែកការងារផលិតកម្ម ការគ្រប់គ្រងធនធានមនុស្ស និងការទទួលស្គាល់គុណភាពផលិតផលពីស្ថាប័នអន្តរជាតិធំៗជាច្រើនរួមមានស្ថាប័នអន្តរជាតិវាយតម្លៃគុណភាពផលិតផល Monde Selection។
ការអនុវត្តការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក គឺជាកត្តាយុទ្ធសាស្ត្ររយៈវែងដ៏សំខាន់មួយ ដែលក្រុមហ៊ុនធំៗនៅក្នុងស្រុក ត្រូវនាំគ្នាគិតគូចូលរួមអនុវត្ត ដើម្បីជា ការលើកស្ទួយគុណភាព និងកេរ្ដិ៍ឈ្មោះផលិតផលក្នុងស្រុក ព្រមទាំងពង្រឹង និងពង្រីកសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លានៅលើឆាកអន្តរជាតិ៕


