ចិន ថា កូរ៉េខាងត្បូង និងជប៉ុន

កំពូលអ្នកការទូតចិន ថា កូរ៉េខាងត្បូង និងជប៉ុន មិនអាចក្លាយជាបស្ចិមប្រទេសទេ និងស្នើឱ្យប្រទេសទាំងពីររួមដៃជាមួយចិន ផ្តល់កម្លាំងឱ្យអាស៊ីវិញ


ប្រមុខការទូតចិនដ៏មានឥទ្ធិពល គឺលោក វ៉ាង យី កាលពីថ្ងៃចន្ទនេះ បាននិយាយបញ្ចុះបញ្ចូលឱ្យកូរ៉េខាងត្បូង និងជប៉ុន ចាប់ដៃគ្នាជាមួយប្រទេសចិន បង្កើន«ស្វ័យភាពជាយុទ្ធសាស្ត្រ» ពីលោកខាងលិច ហើយសហការគ្នាធ្លុងមួយ«ផ្ដល់កម្លាំងឱ្យអាស៊ីឡើងវិញ»។ លោក វ៉ាងយី ថា ប្រទេសទាំងពីរ បើទោះជាស្និទ្ធនឹងប្រទេសលោកខាងលិចក្តី ក៏ពួកគេមិនអាចក្លាយខ្លួនជាលោកខាងលិចបានឡើយ ព្រោះអាស៊ីមានគុណតម្លៃផ្សេងខុសពីបស្ចិមលោក។
កំពូលអ្នកការទូតចិន ថា កូរ៉េខាងត្បូង និងជប៉ុន មិនអាចក្លាយជាបស្ចិមប្រទេសទេ និងស្នើឱ្យប្រទេសទាំងពីររួមដៃជាមួយចិន ផ្តល់កម្លាំងឱ្យអាស៊ីវិញ
ដោយ

ការថ្លែងឡើងបែបនេះធ្វើឡើងចំពេលដែល ភាពតានតឹងបាននិងកំពុងកើនឡើងរវាងមហាយក្សចិននិងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកទាំងពីរនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិCNN។
វេទិកាអន្តរជាតិមួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្រីភាគីរវាងចិន កូរ៉េខាងត្បូង និងជប៉ុន ត្រូវបានរៀបចំឡើងនៅទីក្រុងឈិងតាវ ភាគខាងកើត ប្រទេសចិន ដោយមានការចូលរួមពីភ្ញៀវកិត្តិយសមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាច្រើននាក់។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) និងលោក ផាក ជីន (Park Jin) រដ្ឋមន្ត្រីការបរទកូរ៉េខាងត្បូងបានចូលរួមក្នុងព្រឹត្តិការណ៍នេះពីចម្ងាយតាមប្រព័ន្ធវីដេអូ។ កាលពីថ្ងៃចន្ទ លោក វ៉ាង យី បាននិយាយតាមរយៈខ្សែវីដេអូទៅកាន់ភ្ញៀវជប៉ុននិងភ្ញៀវកូរ៉េដែលមកចូលរួមក្នុងវេទិកានោះថា ភាគច្រើននៃជនជាតិអាមេរិកនិងជនជាតិអឺរ៉ុប មិនអាចបែងចែករវាងចិន កូរ៉េខាងត្បូង និងជប៉ុនទេ។
លោកបានបន្ថែមក្នុងសម្ដីដើមថា៖ «មិនថាអ្នកលាបពណ៌សក់របស់អ្នកពណ៌ទុងដែងប៉ុណ្ណា ធ្វើច្រមុះរបស់អ្នកឱ្យស្រួចប៉ុណ្ណាទេ អ្នកមិនអាចក្លាយជាជនជាតិអឺរ៉ុបឬជនជាតិអាមេរិកបានទេ អ្នកមិនអាចប្រែជាជនបស្ចិមប្រទេសបានឡើយ»។ លោក វ៉ាង បានបន្តក្នុងសម្ដីដើមទៀតថា៖ «យើងត្រូវដឹងពីឫសគល់របស់យើងចេញពីណា»។
លោកវ៉ាងបានអំពាវនាវឱ្យជប៉ុន និងកូរ៉េខាងត្បូង ធ្វើការជាមួយចិន ដើម្បីការរីកចម្រើនទាំងអស់គ្នា ធ្វើឱ្យតំបន់អាស៊ីបូព៌ា និងអាស៊ីទាំងមូល មានកម្លាំងឡើងវិញ និងផ្ដល់ផលប្រយោជន៍ឱ្យពិភពលោក។
ការថ្លែងនៅក្នុងព្រឹត្តិការណ៍វេទិកាអន្តរជាតិដោយប្រមុខអ្នកការទូតចិនបែបនេះ វាមិនមែនជារឿងចៃដន្យទេ។ វាបានកើតឡើងចំពេលដែលប្រទេសអាស៊ីបូព៌ាទាំងពីរបាននិងកំពុងចូលជិតសហរដ្ឋអាមេរិកកាន់តែស្អិតល្មួត និងថែមទាំងបានផ្សះផ្សាទំនាក់ទំនងទ្វេភាគីរវាងគ្នានឹងគ្នាទៀតផង។ ការណ៍នេះហើយបានធ្វើឱ្យទីក្រុងប៉េកាំងមានការព្រួយបារម្ភជារួម ចំពោះឥទ្ធិពលបស្ចឹមលោកនៅអាស៊ី ខណៈដែលកូរ៉េនិងជប៉ុនក៏ព្រួយបារម្ភអំពីការកើនឡើងឥទ្ធិពលចិន និងការពង្រីកអំណាចយោធាចិនកាន់តែខ្លាំងដែរនៅក្នុងតំបន់។
យ៉ាងណាមិញ ក្រោយវេទិកានោះ ក្រសួងការបរទេសចិនចេញសេក្តីថ្លែងការណ៍មួយថា ការថ្លែងឡើងរបស់លោក វ៉ាង បានបញ្ជូនសញ្ញាយ៉ាងច្បាស់មួយទៅកាន់ប្រទេសក្បែរខាងទាំងពីរថា «វាដល់ពេលហើយ ដើម្បីរួបរួមគ្នាឡើងវិញ»។ សេចក្តីថ្លែងការណ៍នោះសរសេរបន្ថែមថា លោក វ៉ាង យី ក៏បានអំពាវនាវឱ្យជប៉ុននិងកូរ៉េខាងត្បូង«លើកកម្ពស់គុណតម្លៃអាស៊ីជារួម និងជំរុញឱ្យមានស្វ័យភាពជាយុទ្ធសាស្រ្ត រក្សាឯកភាព និងស្ថិរភាពក្នុងតំបន់ ដើម្បីទប់ទល់នឹងការវិលត្រឡប់មកវិញនៃផ្នត់គំនិតសង្រ្គាមត្រជាក់ និងស្ថិតនៅឆ្ងាយពីការបង្ខិតបង្ខំពីប្រទេសអនុត្តរភាព»។ លោក វ៉ាង បញ្ជាក់ក្នុងសម្ដីផ្ទាល់ថា «ជោគវាសនានៃតំបន់គឺស្ថិតនៅក្នុងដៃរបស់យើងផ្ទាល់»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមរដ្ឋបាលលោក ចូ បៃដិន អាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួបបង្រួមសម្ព័ន្ធមិត្ត និងដៃគូដែលមានគំនិតដូចគ្នា ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងជាមួយកូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតទាំងពីររបស់ខ្លួននៅអាស៊ី។ ចំណងត្រីភាគីរបស់ពួកគេត្រូវបានពង្រឹងបន្ថែមទៀតដោយសារមានការព្រួយបារម្ភផ្នែកសន្តិសុខដែលបង្កឡើងដោយកូរ៉េខាងជើង។ ម្យ៉ាងវិញទៀត ប្រទេសទាំងបីក៏បានធ្វើសមយុទ្ធយោធារួមគ្នាជាច្រើនដងនៅឆ្នាំនេះ ដើម្បីត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង។ លើសពីនេះទៅទៀត ពួកគេក៏បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ដែលជាតំបន់មួយដែលទាំងទីក្រុងតូក្យូ ទាំងទីក្រុងសេអ៊ូល បាននិយាយថា មានសារៈសំខាន់ចំពោះសន្តិសុខរៀងៗខ្លួន។ ការណ៍នេះតែងធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាប្រចាំ ព្រោះចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសរបស់ខ្លួន ខណៈដែលលោកខាងលិចនិងសម្ព័ន្ធមិត្តហាក់លើកទឹកចិត្តឱ្យតៃវ៉ាន់ជាប្រទេសឯករាជ្យ ទោះបីជាមានគោលនយោបាយចិនតែមួយក្ដី៕




អត្ថបទបន្ទាប់


ចិនជំរុញឱ្យមានសាមគ្គីភាពក្នុងអង្គការសហប្រតិបត្តិការសៀងហៃ ឯរុស្ស៊ីអរគុណសម្ព័ន្ធមិត្តចំពោះការគាំទ្រខ្លួនក្នុងរឿងទាហានបះបោរ

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារ ទី ៤ ខែកក្កដា បានជំរុញឱ្យមេដឹកនាំនៃប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងរដ្ឋសមាជិកផ្សេងៗទៀតក្នុងអង្គ…

អាជ្ញាធរព្រមានចាត់វិធានការអ្នករកស៊ីក្នុងវិស័យអចលនវត្ថុណា ដែលអនុវត្តខុសច្បាប់ និងកឹបកេងផលចំណេញពីអ្នកប្រើប្រាស់

ព័ត៌មាន
ជាមួយនឹងការរីកលូតលាស់ខ្លាំងដែលមិនអាចគ្រប់គ្រងបាននៅក្នុងវិស័យអចលនទ្រព្យ វាបានបង្កឱ្យមានការប្រកួតប្រជែងយ៉ាងផុលផុស ក្នុងវិស័យជួញដូរអចលនទ្រព្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ