
ចំណុចសំខាន់នៅក្នុងកិច្ចប្រជុំ គឺការស្នើអនុម័តគម្រោងជាច្រើនរបស់សហគ្រិនខ្មែរ ដើម្បីឆ្លើយតបឲ្យទាន់នឹងសភាពការណ៍ សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងនោះរួមមាន៖
-កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ លើកទី១៣ បន្តបើកពាក្យ និងផ្តល់ជំនួយហិរញ្ញវត្ថុដល់សហគ្រិនក្នុងស្រុកទូទាំង ប្រទេសសំដៅ លើការអភិវឌ្ឍផលិតផល និងពង្រីកទីផ្សារ។
-កម្មវិធីសហគ្រិនវិទ្យាល័យ និង កម្មវិធីសហគ្រិនមហាវិទ្យាល័យ ក៏បានពង្រីកវិសាលភាព និងជំរុញភាពប្រកួតប្រជែង កាន់តែស្វិតស្វាញនៅទូទាំងប្រទេស។ កម្មវិធីទាំងពីរនេះបានសាបព្រោះវប្បធម៌សហគ្រិនភាពដោយផ្ទាល់ទៅកាន់ សិស្សានុសិស្សនិងនិស្សិតសរុបជាង ៨.៣០០ នាក់ដែលបានដាក់ពាក្យចូលរួមបង្ហាញគំនិតអាជីវកម្មរបស់ពួកគេនៅ ក្នុងឆ្នាំនេះ។
-យុទ្ធនាការដែលសហគ្រិនខ្មែរគ្រោងនឹងធ្វើឡើងបណ្តាក់គ្នាក្នុងអំឡុងពេលខាងមុខនេះក៏ជាយន្តការជំរុញ និងលើកទឹកចិត្តសហគ្រិនយ៉ាងផុសផុលដូចជា៖
១) ការប្រគល់ពានរង្វាន់សហគ្រិនឆ្នើមជាច្រើនផ្នែក រាប់ចាប់ពីវិទ្យាល័យរហូតដល់កម្រិតសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ២) ការជួបជុំសហគ្រិនក្នុងស្រុកដើម្បីចែករំលែកបទពិសោធន៍ក្នុងការជំរុញលទ្ធភាពទទួលបានការ វិនិយោគពីវិនិយោគិនក្នុងនិងក្រៅប្រទេស។ ៣) ការកសាងទំនាក់ទំនងជាមួយស្ថាប័នកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពមកពីតំបន់អាស៊ី។ ៤) ការផ្គូផ្គង សហគ្រាសជាមួយតំណាងផ្សារទំនើបក្នុងស្រុកនានាជាដើម។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ហែម វណ្ណឌី បានមានប្រសាសន៍ថា៖ “គម្រោងផ្តួចផ្តើមរបស់ សហគ្រិនខ្មែរ បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការគាំទ្រសហគ្រិនក្នុងស្រុក និងបង្កើតឱកាសការងារ។ សហគ្រិនខ្មែរ នៅតែបន្តរក្សាកម្មវិធីស្នូលដែលមានស្រាប់,ពង្រីកគម្រោងយុទ្ធសាស្រ្តបន្ថែម,និងដើរតួនាទីជាស្ពានដ៏សំខាន់មួយរវាងសហគ្រាសធុនតូចនិងមធ្យមជាមួយសហគ្រាសខ្នាតធំដើម្បីជំរុញឲ្យមានភាពប្រទាក់ក្រឡាគ្នាដែលមានភាពធន់និងនិរន្តរភាព។ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីនេះបន្ថែមទៀត យើងត្រូវបណ្តុះផ្នត់គំនិតសហគ្រិនបន្ថែម រីឯធុរកិច្ចថ្មី និង សហគ្រាស ធុនតូចនិងមធ្យម គួរសហការគ្នាដើម្បី សម្រេចបាននូវកម្លាំងប្រមូលផ្តុំ លើកកម្ពស់ភាពច្នៃប្រឌិត ការរៀនសូត្រ និងការរីកចម្រើនរួមគ្នា”។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានបញ្ជាក់ពី គោលជំហរថា៖"សហគ្រិនខ្មែរ បាននិងកំពុងចូលរួមជាកម្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ ការបង្កើត ផលិតផល និងសេវាកម្ម ដែលមានភាពច្នៃប្រឌិត និងមានតម្រូវការទីផ្សារជាក់ស្តែង។ ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ការជំរុញធុរកិច្ចថ្មីក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ជារបត់ដ៏សំខាន់មួយដើម្បីធានាបាននូវការរីកចម្រើន ភាពបត់បែន និងភាពធន់។ លើសពីនេះទៅទៀត ការផ្សារភ្ជាប់សហគ្រាសធុនតូចនិងមធ្យម ទៅនឹងបុគ្គលិកមានជំនាញជាជម្រើស អាទិភាពដើម្បីបង្កើតឱកាសការងារ និងលើកកម្ពស់ភាពប្រកួតប្រជែង"។
នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាល បានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាង ប្រព័ន្ធនវានុវត្តន៍, ជំរុញកំណើនធុរកិច្ច, និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនៅក្នុង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា។



