
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កត់សម្គាល់ឃើញថា ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលខ្មែរបានជំរុញឱ្យអ្នកផលិតក្នុងស្រុកបង្កើតម៉ាក និងបង្កើនការផលិតយ៉ាងសម្បូរបែប។ បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ អ្នកផលិតក្នុងស្រុកបាននាំគ្នាមកស្នើសុំចុះបញ្ជីម៉ាកផលិតក្នុងស្រុកមានការកើនឡើងយ៉ាងគំហុក ក្រោយការគាំទ្រផលិតខ្មែរពីសំណាក់ពលរដ្ឋការកើនឡើងខ្លាំង។ តែយ៉ាងណាការស្នើសុំចុះម៉ាកសញ្ញាផលិតខ្មែរត្រូវការពេលវេលាយូរបន្តិច ដោយសារត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីកុំឱ្យជាន់គ្នាជាមួយម៉ាកសញ្ញារបស់អ្នកផ្សេង ពិសេសម៉ាកសញ្ញាអន្តរជាតិ ដើម្បីឱ្យស្របតាមគោលការណ៍ច្បាប់នៃការធ្វើពាណិជ្ជកម្ម។
អ្នកនាំពាក្យរូបនេះ សង្កេតឃើញថា ក្រោយថៃ បិទច្រកទ្វារព្រំដែនជាមួយកម្ពុជា បានជំរុញទំនិញថៃ នៅលើទីផ្សារកម្ពុជា មានការហក់ឡើងថ្លៃបន្តិច ដោយសារផ្លាស់ប្ដូររបៀបដឹកជញ្ជូន និងត្រូវបាននាំចូលតាមច្រកទី៣ មកក្នុងស្រុក ពីព្រោះនៅតែមានតម្រូវការ។ បើតាមអ្នកនាំពាក្យរូបនេះ ទោះបីតម្រូវការផលិតផលក្នុងស្រុកមានការកើនឡើង តែផលិតផលខ្មែរមិនមានការលក់ឡើងថ្លៃនោះទេ។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន សុវិជាតិ អំពាវនាវដល់អាជីវករ ដែលកំពុងដំណើរការផលិតផលិតផល និងកំពុងចរាចរលក់នៅលើទីផ្សារ គួរនាំគ្នាមកចុះបញ្ជីម៉ាកសញ្ញាកម្មសិទ្ធិបញ្ញា ដើម្បីទទួលបានអត្ថប្រយោជន៍ និងទទួលបានការគាំពារនានាពីក្រសួងពាណិជ្ជកម្ម និងចូលរួមពង្រីក និងពង្រឹងសមត្ថភាពផលិត ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច ពិសេសដើម្បីឆក់ឱកាសនាំចេញទៅទីផ្សារអន្តរជាតិ៕
អត្ថបទ៖ ជា ម៉ារ៉ា