ស្ករត្នោត

លក្ខណៈពិសេស ៥យ៉ាង ដែលធ្វើឲ្យស្ករត្នោតខ្មែរ ជាប់លេខ១ជាផលិតផលល្អបំផុតនៅអាស៊ាន


កម្ពុជា ជាប្រទេសតែមួយគត់ ដែលមានដើមត្នោតច្រើន ហើយប្រទេសនានាជុំវិញពិភពលោកមិនមានដូចកម្ពុជា។ ដើមត្នោត បានក្លាយជាអត្តសញ្ញាណរបស់ជនជាតិខ្មែរ។ អត្ថប្រយោជន៍របស់ដើមត្នោតមានច្រើនឥតគណនាចំពោះប្រជាជនកម្ពុជា។
ស្ករត្នោតសរីរាង្គ ត្រូវបានប្រទេសអាស៊ានផ្តល់ពានមាសជាប់លេខ១ ជាផលិតផលល្អបំផុតប្រចាំឆ្នាំ២០១៧
ដោយ

ដើមត្នោត អាចយកទៅធ្វើជាគ្រឿងសង្ហារិមជាច្រើនប្រភេទ ខណៈទឹកត្នោត គេអាចផលិតជាស្ករ ទឹកខ្មេះ និងស្រាជាដើម។ ចំណែក ស្លឹកត្នោត គេអាចច្នៃប្រក់ដំបូលផ្ទះ ធ្វើជាកន្ទេល និងរបស់របរប្រើប្រាស់ជាច្រើនទៀត។ រីឯផ្លែត្នោត គេអាចយកទៅធ្វើបង្អែមនិងនំត្នោតជាដើម។  

តាមការសិក្សាស្រាវជ្រាវអំពីសក្តានុពលដើមត្នោតនៅកម្ពុជារបស់ជនជាតិបារាំងម្នាក់ ដែលសហការណ៍ជាមួយអង្គការសេដាកកាលពីឆ្នាំ២០១៣ បានរកឃើញថា ដើមត្នោតនៅកម្ពុជា មានចំនួនប្រហែលជិត៣លានដើម ក្នុងនោះខេត្តកំពង់ស្ពឺមានច្រើនជាងគេ បន្ទាប់មក គឺខេត្តកំពង់ឆ្នាំង និងចុងក្រោយ គឺខេត្តពោធិ៍សាត់ ព្រមទាំងមានដើមត្នោតរាយបាយនៅតាមបណ្តាខេត្តនានាស្ទើរទូទាំងប្រទេស។   ការសិក្សាដដែលនេះ រកឃើញថា នៅកម្ពុជា មានពលរដ្ឋខ្មែរ ដែលប្រកបរបរឡើងត្នោត មានចំនួនជាង២ម៉ឺនគ្រួសារ។ 

ផលិតផលដែលលេចធ្លោជាងគេរបស់ត្នោត គឺស្ករត្នោតសរីរាង្គ ត្រូវបានប្រទេសអាស៊ានផ្តល់ពានមាសជាប់លេខ១ ជាផលិតផលល្អបំផុតប្រចាំឆ្នាំ២០១៧ នៅក្នុងការប្រកួតប្រជែងក្នុងសន្និសីទម្ហូបអាហារ អាស៊ានលើកទី ១៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០១៧។ 

លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុន Confirel ដែលនាំស្ករត្នោតសរីរាង្គចេញទៅក្រៅប្រទេស  បានថ្លែងប្រាប់សារព័ត៌មានខេមបូណូមីសយ៉ាងដូច្នេះថា៖«ខ្ញុំសប្បាយចិត្ត ដែលស្ករត្នោតខ្មែរ យើង ត្រូវបានគេទទួលស្គាល់ពីគុណភាពនៅលើឆាកអន្តរជាតិ»។ 

ស្ករ​ត្នោត​ខ្មែរ ជាប់​ពាន​រង្វាន់​ផលិតផល​ល្អ​បំផុត​ ប្រចាំ​ឆ្នាំ​២០១៧ នៅ​ក្នុង​អាស៊ាន។

បើតាម លោក ហ៊ឹម ពិសិដ្ឋ ក្នុងរយៈពេល២ឆ្នាំម្តង ប្រទេសទាំង១០នៅអាស៊ាន បានជួបប្រជុំគ្នាម្តង ដោយឆ្នាំនេះ វៀតណាមធ្វើជាម្ចាស់ផ្ទះ ហើយនៅពេលប្រជុំគ្នានេះ ប្រទេសនីមួយៗបានយកផលិតផលរបស់ខ្លួនទៅតាំងពិព័រណ៍ ដោយជ្រើសរើសផលិតណា ដែលមានគុណភាពល្អបំផុត។ ក្នុងការតាំងពិព័រណ៍នេះ ស្ករត្នោតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១។   

លក្ខណៈសម្បត្តិ៥យ៉ាង ដែលធ្វើស្ករត្នោតខ្មែរ ជាប់ពានរង្វាន់លេខ១នៅអាស៊ាន 

បើតាម លោក ហ៊ឹម ពិសិដ្ឋ ស្ករត្នោតខ្មែរ មានលក្ខណៈពិសេស៥យ៉ាង ដែលធ្វើឲ្យប្រទេសអាស៊ាន ផ្តល់ពានរង្វាន់ជាប់លេខ១ជាផលិតផលល្អបំផុតប្រចាំឆ្នាំ២០១៧។ 

  1. ស្ករត្នោតខ្មែរ គឺជាស្ករសរីរាង្គ ដែលមានសារធាតុចិញ្ចឹមច្រើនប្រភេទ មានគុណភាពសម្រាប់សុខភាពអ្នកប្រើប្រាស់។ 
  2. ស្ករត្នោតសរីរាង្គនេះ ធ្លាប់ត្រូវបានទទួលស្គាល់អំពីគុណភាព ដោយសហគមន៍អឺរ៉ុប អាមេរិក និងប្រទេសជប៉ុន។
  3. ការវេចខ្ចប់របស់ស្ករត្នោតខ្មែរ គឺប្រកបដោយអនាម័យខ្ពស់ និងមានភាពច្នៃប្រឌិតគួរឲ្យទាក់ទាញ។ ក្រុមហ៊ុន Confirel បានប្រើស្លឹកត្នោត ដើម្បីវេចខ្ចប់ ដែលបង្ហាញពីភាពគ្មានផ្លាស្ទិកជួយដល់ផ្នែកបរិស្ថាន។  
  4. ស្ករត្នោតខ្មែរ ជាផលិតផលដែលកើតចេញពីគំនិតជំនួញបែបសង្គម ពោល គឺ អ្នកជំនួញបានបង្រៀនជំនាញដល់ប្រជាជន និងផ្តល់ប្រាក់ចំណេញច្រើនបំផុតដល់ពលរដ្ឋនៅមូលដ្ឋាន។      
  5. ស្ករត្នោតខ្មែរ ជាស្ករគ្មានពីរនៅលើពិភពលោក ពោល គឺប្រទេសដទៃទៀត នៅលើពិភពលោក ពុំមានស្ករត្នោតឡើយ។  

លោកបង្ហាញថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់ខ្លួន បាននាំចេញស្ករត្នោតសរីរាង្គចំនួនជាង២០០តោនក្នុងមួយឆ្នាំ ទៅប្រទេសនៅអឺរ៉ុប ដូចជា៖ បារាំង ហូឡង់ និងអាឡឺម៉ង់ជាដើម។ បើតាម លោក ហ៊ឹម ពិសិដ្ឋ ស្ករត្នោតខ្មែរ ក៏ធ្លាប់ទទួលបានពានមាស ក្នុងការពិព័រណ៍ពាណិជ្ជកម្ម Natexpo នៅរដ្ឋធានីប៉ារីស ប្រទេសបារាំងក្នុងឆ្នាំ២០០៥ និងក្លាយជាផលិតផលដែលត្រូវបានចុះបញ្ជីសម្គាល់ភូមិសាស្រ្ត(GI)កាលពីដើមឆ្នាំ២០១៧ផងដែរ។ លោក

បញ្ជាក់យ៉ាងដូច្នេះថា៖ «ពលរដ្ឋចាប់ផ្តើមលែងគិតថា ស្ករត្នោតខ្មែរ លែងស្ថិតនៅតែក្នុងស្រែទៀតហើយ។ តាមរយៈការកែច្នៃ និងការវេចខ្ចប់របស់ក្រុមហ៊ុន បានធ្វើឲ្យស្ករត្នោត មានគុណភាពល្អ ដើម្បីសុខភាពអ្នកប្រើប្រាស់ និងចូលរួមជួយសង្គមផងដែរ»។  

លោក ហ៊ឹម ពិសិដ្ឋ បន្តថា បច្ចុប្បន្ន មានពលរដ្ឋជាង១០០គ្រួសារក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ កំពុងទទួលផលពីការនាំស្ករត្នោតទៅលក់នៅក្រៅប្រទេស។ 

ក្រៅពីស្ករត្នោត ក្រុមហ៊ុននេះ បានសហការណ៍ជាមួយសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ ដើម្បីកែច្នៃទឹកត្នោត ទឹកខ្មេះ និងស្រាត្នោត នាំចេញទៅលក់លើទីផ្សារអន្តរជាតិផងដែរ៕




អត្ថបទបន្ទាប់


កម្ពុជារក​បាន​ចំណូល​ពី​ទេសចរណ៍​ច្រើន តែ​ធ្លុះ​ធ្លាយ​ទៅវិញ​ក៏​ច្រើន។ ​ហេតុអ្វី?

ព័ត៌មាន
នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុកដាក់​ជ្រោម​ជ្រែង​ជា​ខ្លាំង ខណៈ​ដែល​វិស័យ​នេ…

ឃួន សុភ័ទ្ទ សហគ្រិនឌីជីថល​ ដែល​កំពុង​​ទទួល​បាន​ការ​ចាប់អារម្មណ៍ខ្លាំង

ព័ត៌មាន
លោក ឃួន សុភ័ទ្ទ ជា​អគ្គនាយក​ក្រុមហ៊ុន «Morakot Technology» ដែល​ឈរ​ជើង​ក្នុង​ទីផ្សារ​កម្ពុជា​បាន​២​ឆ្នាំ​មក​ហើយ និង​មាន​ចំណូល​ជាង​កន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ