យោងតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA ការថ្លែងរបស់លោកគីម ជុនអ៊ុននេះ ធ្វើឡើងនៅក្នុងជំនួបប្រជុំមួយជាមួយគណៈកម្មការយោធាកណ្តាលរបស់លោក។ លោក Pak Su Il ត្រូវបានដកតំណែងពីតួនាទីប្រធានអគ្គសេនាធិការយោធា ជំនួសមកវិញដោយលោក Ri Yong Gil ដោយមិនបានប្រាប់ពីមូលហេតុច្បាស់លាស់។ គេមិនទាន់ដឹងច្បាស់ទេថាតើឧត្តមសេនីយ៍ Ri Yong Gil នឹងនៅបន្តកាន់តំណែងរដ្ឋការពារជាតិឬយ៉ាងណា ខណៈដែលលោកក៏កំពុងកាន់តំណែងជាមេបញ្ជាការកំពូលនៃកងទ័ពទូទៅរបស់កូរ៉េខាងជើងដែរ។
តាមKNCA លោកគីមបានអំពាវនាវឱ្យមានការពង្រីកសមត្ថភាពផលិតអាវុធ និងការធ្វើសមយុទ្ធយោធាឱ្យបានញឹកញាប់ជាមួយនឹងសព្វាវុធទំនើបៗចុងក្រោយរបស់ខ្លួន ដើម្បីត្រៀមខ្លួនសមា្រប់ការប្រយុទ្ធ។ កាលពីសប្តាហ៍មុន លោកគីម ជុនអ៊ុនបានទៅទស្សនារោងចក្រសព្វាវុធ និងបានអំពាវនាវឱ្យមានការបង្កើនការផលិតមីស៊ីល កាំភ្លើងធំ និងអាវុធថ្មីៗផ្សេងទៀត។
ដោយឡែក កូរ៉េខាងជើងត្រូវបានរាយការណ៍មកថា នឹងត្រៀមគ្រោងនឹងធ្វើព្យុហយាត្រារបស់កងទ័ពខ្លួន នៅថ្ងៃទី៩ខែកញ្ញាខាងមុខ ដើម្បីប្រារព្ធខួបនៃចាប់កំណើតឡើងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK)។ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងក៏នឹងធ្វើសមយុទ្ធយោធានៅចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែសីហានេះ ដែលកូរ៉េខាងជើងមើលឃើញថា ជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន៕