អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះថ្មីៗនេះ ភាគីចិន ក៏បានបង្ហើបពីគោលបំណងអនុញ្ញាតឲ្យប្រជាជនរបស់ខ្លួនដែលចាក់វ៉ាក់រួចកូវីដ-១៩ រួចអាចធ្វើដំណើរមកកម្សាន្ដនៅកម្ពុជា ដោយប្រើបណ្ណបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ នេះផងដែរ។
ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍
បានបញ្ជាក់ថា កម្ពុជាកំពុងពិចារណាបើកឲ្យភ្ញៀវទេសចរ និងវិនិយោគិនបរទេស
អាចធ្វើដំណើរចេញចូលកម្ពុជា ដោយប្រើប្រាស់លិខិតបញ្ជាក់សុខភាព
និងលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩
ដូចទៅនឹងប្រទេសដទៃទៀតកំពុងរៀបចំធ្វើដែរ
សំដៅធ្វើយ៉ាងណាជួយស្តារសេដ្ឋកិច្ចជាតិ ជីវភាពរបស់ប្រជាពលរដ្ឋ
និងវិស័យទេសចរណ៍កម្ពុជា ដែលកំពុងរងផលប៉ះពាល់ដោយសារកូវីដ-១៩។
ជុំវិញទៅនឹងការទទួលភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួចនេះដែរ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន១លាន៥សែនដូស ដែលកម្ពុជាបញ្ជាទិញពីចិនកាលពីថ្ងៃទី២៦ ខែមីនាថា ចិនរីករាយក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការប្រើប្រាស់លិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងការជំរុញការធ្វើដំណើរចេញចូលនៃប្រទេសទាំងពីរ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ប្រាប់ខេមណូមីសនាពេលថ្មីៗនេះដែរថា ខាងសមាគមកំពុងត្រៀមធ្វើកិច្ចព្រមព្រៀងជាមួយអ្នកពាក់ព័ន្ធនៅក្នុងស្រុក និង ថ្នាក់តំបន់អាស៊ានផងដែរ ដើម្បីទទួលយកភ្ញៀវទេសចរអន្តរជាតិក្រោយពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ។ លោកស្រី ឆាយ ស៊ីវលីន ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល ឲ្យគិតគូរ និងរៀបចំគម្រោងបើកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសណា ដែលបានចាក់វ៉ាក់សាំងកូវីដ រួចនេះឲ្យបានឆាប់ដើម្បីស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ៕