ក្រៅពីស្ពានទាំងពីរ ដែលមានទំហំទឹកប្រាក់វិនិយោគរាប់សិបលានដុល្លារនេះ រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចដកយកតំបន់អង្គរ ពីក្រុមហ៊ុនលោកឧកញ៉ា សុខ គង់ មកឲ្យរដ្ឋគ្រប់គ្រងកាលពីឆ្នាំ២០១៦ ក្រោយមានការរិះគន់ខ្លាំងៗពីពលរដ្ឋ។
ក្រៅពីនេះ រដ្ឋាភិបាលក៏បានដកយកផ្លូវជាតិលេខ៤ពីក្រុមហ៊ុនឯកជនមួយទៀត ដើម្បីឲ្យរដ្ឋគ្រប់គ្រងឡើងវិញផងដែរ។ ការដកយកគម្រោងវិនិយោគឯកជនដើម្បីប្រគល់ឲ្យរដ្ឋជាអ្នកគ្រប់គ្រង ត្រូវបានពលរដ្ឋអបអរសាទរជាខ្លាំង ពីព្រោះ ការសម្រេចនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋទូទាំងប្រទេស។
ទាក់ទងបញ្ហានេះ លោកបណ្ឌិត តេង ដឺលុច សាស្រ្តាចារ្យសេដ្ឋកិច្ច បានអត្ថាធិប្បាយថា ជាទូទៅ រដ្ឋមិនពុំមានថវិកាគ្រប់គ្រាន់ក្នុងការកសាងគម្រោងធំៗទេ គឺមានតែសហការជាមួយវិស័យឯកជន ដើម្បីធ្វើការវិនិយោគ។
លោកបន្តថា ភាពជាដៃគូរវាងរដ្ឋនិងឯកជន គឺជាផលចំណេញទាំងសងខាង ពោល ពលរដ្ឋឆាប់បានប្រើប្រាស់ ឯវិស័យឯកជនទទួលបានផលចំណេញ។
លោកអត្ថាធិប្បាយថា៖ «ការដកយកសម្បត្តិឯកជនដោយមិនទាន់ចប់កុងត្រាត្រឹមត្រូវ នឹងប៉ះពាល់ទំនុកចិត្តដល់វិនិយោគិន មកលើប្រព័ន្ធច្បាប់នៅកម្ពុជា»។
យ៉ាងណាក៏ដោយ លោក តេង ដឺលុច អះអាងថា ការដកយកគម្រោងវិនិយោគពីវិស័យឯកជននេះ គឺជារឿងល្អសម្រាប់ពលរដ្ឋនិងរដ្ឋាភិបាល។ លោកយល់ថា មុនការដកយកគម្រោងវិនិយោគពីក្រុមហ៊ុនណាមួយ រដ្ឋនិងក្រុមហ៊ុននោះប្រាកដជាមានការព្រមព្រៀងគ្នាជាមិនខាន។
សូមបញ្ជាក់ថា តាមរយៈទំព័រហ្វេសប៊ុក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចយកស្ពានកោះកុងពីក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ មកឲ្យរដ្ឋគ្រប់គ្រងជំនួសវិញ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា តទៅ។
ស្ពានកោះកុងនេះ គឺជាស្ពានឆ្លងដៃសមុទ្រពីទីរួមខេត្តកោះកុង ភ្ជាប់ទៅច្រកអន្តរជាតិ ចាំយាម រវាង កម្ពុជា-ថៃ។ ស្ពាននេះកសាងតាំងពីឆ្នាំ២០០២មកម៉្លេះ ដែលមានប្រវែង១៩០០ម៉ែត្រ៕