
កោះត្រល់ បានជែងឈ្នះកោះបាលីរបស់ឥណ្ឌូនេស៊ី ជាលើកដំបូងក្លាយជាកោះដ៏ស្រស់ស្អាតបំផុតប្រចាំអាស៊ីសម្រាប់ឆ្នាំ២០២៥ នេះ។ នៅក្នុងការបោះឆ្នោត កោះត្រល់ទទួលបាន ៩៥,៥១ពិន្ទុ ដោយកើនឡើង០,១៥ពិន្ទុ បើធៀបនឹងឆ្នាំ២០២៤ ដោយក្លាយជាជ័យលាភីម្ចាស់ពានរង្វាន់ប្រចាំឆ្នាំ Readers' Choice Awards របស់ទស្សនាវដ្តីអាម៉េរិក Condé Nast Traveler។
ជាមួយគ្នានេះ កោះ Langkawi របស់ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ២ ចំណែកឯកោះ Samui របស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ៣ ខណៈកោះបាលី ដែលកាន់កាប់តំណែងកំពូលកាលពីឆ្នាំមុនបានធ្លាក់ចំណាត់ថ្នាក់ទៅដល់លេខ៦ នៅឆ្នាំនេះ បន្ទាប់ពីកោះ Boracay និងកោះ Palawan នៃប្រទេសហ្វីលីពីន។
កោះត្រល់ បានក្លាយជាកោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់វៀតណាម ក្នុងឆ្នាំនេះ។ កោះនេះទាក់ទាញភ្ញៀវទេសចរបរទេសបានចំនួន១,២លាននាក់នៅចន្លោះខែមករា និងខែកញ្ញា ឆ្នាំនេះ ដោយកើនឡើង៦៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបានកើនលើសពីគោលដៅភ្ញៀវទេសចរបរទេស១លាននាក់សម្រាប់ឆ្នាំនេះរួចទៅហើយ។
យោងតាមមន្ទីរទេសចរណ៍ខេត្តអាន ញ៉ាង (An Giang) បានឱ្យដឹងថា គិតចាប់ពីដើមឆ្នាំមកទល់ពេលនេះ កោះត្រល់ទាក់ទាញភ្ញៀវទេសចរបានចំនួន៦,៥លាននាក់ រួមទាំងទេសចរក្នុងស្រុក ដែលលើសពីចំនួនទេសចរសរុប៥,៩លាននាក់របស់កោះនេះកាលពីឆ្នាំមុនរួចទៅ
ហើយ។
សូមបញ្ជាក់ថា ការស្ទង់មតិរបស់ទស្សនាវដ្ដី Condé Nast Traveler មានអ្នកចូលរួមស្ទង់មតិជិត៧៦ម៉ឺននាក់ ដោយចែករំលែកមតិរបស់ពួកគេលើបទពិសោធធ្វើដំណើរកម្សាន្តផ្សេងៗរបស់ពួកគេរួមទាំងទីក្រុង កោះ សណ្ឋាគារ រីហ្សត នាវាកម្សាន្ត ស្ប៉ា និងក្រុមហ៊ុនអាកាសចរណ៍ផងដែរ។ ពានរង្វាន់ប្រចាំឆ្នាំ Readers' Choice Awards របស់ទស្សនាវដ្តីអាម៉េរិក Condé Nast Traveler ដែលជាពានរង្វាន់ដ៏ចំណាស់បំផុតក្នុងឧស្សាហកម្មទេសចរណ៍បានវាយតម្លៃដោយផ្ដោតសំខាន់លើភាពល្អឥតខ្ចោះផ្នែកសណ្ឋាគារ រីហ្សត និងគោលដៅទេសចរណ៍នានាជុំវិញពិភពលោក៕
ដោយ: តែម សុខុម