តាមសារព័ត៌មាន The Nation បានឲ្យដឹងថា ធនាគារលំនៅដ្ឋានរដ្ឋាភិបាលថៃ (GHB Bank)បាននិយាយថា តម្លៃដីនៅទីក្រុងបាងកក និងជាយក្រុងរបស់ខ្លួនបានកើនឡើងខ្ពស់នៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ប៉ុន្តែក្នុងល្បឿនយឺតជាងនៅត្រីមាសទីមួយ និងឆ្នាំមុន។
លោកបណ្ឌិត វីឆែ វីរ៉ាត់កាផាន ( Vichai Viratkapan) នាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារខាងលើ បាននិយាយថា សន្ទស្សន៍តម្លៃដីដែលគ្មានការសាងសង់អគារនៅទីក្រុងបាងកក និងជាយក្រុងក្នុងត្រីមាសទីពីរឆ្នាំនេះ គឺនៅក្នុងកម្រិត ១៧៦,៥ ពិន្ទុ កើនឡើងប្រមាណជាជាង ៦% ប្រសិនបើប្រៀបធៀបកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបើធៀបនឹងត្រីមាសទី១ គឺ ធ្លាក់ចុះ ២,៤% ។
លោកបាននិយាយថា អត្រានៃការកើនឡើងតម្លៃដីនៅទីក្រុងបាងកក និងជាយក្រុងមានល្បឿនយឺតជាងបើប្រៀបធៀបទៅនឹងតម្លៃមធ្យមរយៈពេលប្រាំឆ្នាំមុនការរាតត្បាតនៃមេរោគកូវីដ ១៩ និងត្រីមាសមុន។
ទោះយ៉ាងណា តម្លៃដីធ្លីបានកើនឡើងជិត ១៥% បើធៀបនឹងតម្លៃមធ្យមពីឆ្នាំ ២០១៥ដល់ឆ្នាំ២០១៩ ប៉ុន្តែកើនឡើងជាង៤%ប៉ុណ្ណោះ បើធៀបនឹងត្រីមាសទីមួយ។
លោក វីឆៃ បានអះអាងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចថៃនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ និងការសម្រេចចិត្តរបស់ធនាគារកណ្តាលពាក់ព័ន្ធនឹងសេវាកម្មអចលនទ្រព្យ ស្ថានភាពបំណុលគ្រួសារខ្ពស់ និងនិន្នាការកើនឡើងនៃអត្រាការប្រាក់គឺសុទ្ធតែជះឥទ្ធិពលដល់ស្ថានភាពកំណើនបែបនេះ។
អ្នកជំនាញអចលនទ្រព្យរូបនេះ បាននិយាយទៀតថា អត្រាបំណុលគ្រួសារនៅថៃនៅតែខ្ពស់ ពោលគឺមានរហូតដល់ ៩០% នៃផលិតផលក្នុងស្រុកសរុប ខណៈដែលអត្រាការប្រាក់កើនឡើងបានធ្វើឱ្យមនុស្សស្ទាក់ស្ទើរក្នុងការទិញផ្ទះ រីឯអ្នកអភិវឌ្ឍន៍អចលនទ្រព្យក៏បានផ្អាកគម្រោងលំនៅដ្ឋានថ្មីចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះផងដែរ។
លើសពីនេះ ការប្រកាសរបស់រាជរដ្ឋាភិបាលថៃ ក្នុងការចាប់ផ្ដើមប្រមូលពន្ធលើដីធ្លីក្នុងអត្រាពេញលេញចាប់ពីឆ្នាំនេះ ក៏បានធ្វើឲ្យអ្នកអភិវឌ្ឍន៍មានការស្ទាក់ស្ទើរក្នុងការទិញដីស្តុកទុកផងដែរ។
នៅពេលនេះតម្លៃដីដែលថ្លៃបំផុតគឺនៅតំបន់សុខុមវីត ដែលដីនោះទីនោះមានតម្លៃរហូតដល់ទៅ ជាង ២៥ ០០០ ដុល្លារនៅក្នុងមួយម៉ែត្រការ៉េ ហើយ តម្លៃដីនៅជាយក្រុងវិញជាមធ្យម គឺប្រមាណជា ៥០០ ដុល្លារ ។
ដោយៈ សរ សុជាតិ