ចិន-តៃវ៉ាន់

មេដឹកនាំតៃវ៉ាន់បារម្ភពីការជ្រៀតជ្រែករបស់ចិនលើការបោះឆ្នោតនៅឆ្នាំក្រោយ


មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនទំនងជាមិនវាយប្រហារ ឬឈ្លានពានលើកោះតៃវ៉ាន់ នាពេលខាងមុខនេះនោះទេ ដោយសារតែបញ្ហាប្រឈមក្នុងស្រុក។ ប៉ុន្តែលោកស្រីព្រមានថា ទីក្រុងប៉េកាំងអាចនឹងព្យាយាមជ្រៀតជ្រែករំខានដល់ដំណើរការបោះឆ្នោតជាតិ នាពេលខាងមុខ ដែលត្រៀមរៀបចំឡើងនៅថ្ងៃទី១៣ មករា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ចិន-តៃវ៉ាន់
ដោយ

ក្នុងបទសម្ភាសមួយជាមួយកាសែត New York Times កាលពីថ្ងៃពុធ លោកស្រី សៃ អ៊ីងវេន បាននិយាយថា ចិនមានបញ្ហាផ្ទៃក្នុងច្រើនពេកហើយក្នុងពេលឥលូវនេះ ក្នុងការពិចារណាឈ្លានពានលើតៃវ៉ាន់​​។

លោកស្រីបានបន្ថែមថា ភាគច្រើនដោយសារតែបញ្ហាសេដ្ឋកិច្ចផ្ទៃក្នុង និងហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាប្រឈមខាងនយោបាយ ខណៈដែលសហគមន៍អន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា សង្រ្គាមមិនមែនជាជម្រើសទេ ហើយសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលបម្រើផលប្រយោជន៍របស់មនុស្សគ្រប់គ្នា។

ការថ្លែងឡើងបែបនេះរបស់លោកស្រី កើតឡើងចំពេលដែលតៃវ៉ាន់ កំពុងធ្វើយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ខាងមុខ។

ហើយលោកស្រី ក៏ដូចជារដ្ឋាភិបាលលោកស្រី បានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការចរចាជាមួយចិន ប៉ុន្តែត្រូវបានបដិសេធ ខណៈទីក្រុងប៉េកាំង ចាត់​ទុកលោកស្រី និងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់លោកស្រីដែលកំពុងកាន់អំណាចថា ជាក្រុមបំបែកខ្លួនចង់បានឯករាជ្យ។

យោងតាមការស្ទង់មតិបង្ហាញថា លោក Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្នដែលមកពីគណបក្ស DPP នេះ ទំនងជានឹងទទួលបានការគាំទ្រនាំមុខគេក្នុងការធ្វើជាប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់ ជំនួសពីលោកស្រី សៃ អ៊ីងវេន។

ទោះជាយ៉ាងណាក៏ដោយ ក្នុងបទសម្ភាស​កាលពីថ្ងៃពុធ លោកស្រី សៃ ក៏បាននិយាយត្រង់ៗថា ក្នុងការបោះឆ្នោតខាងមុខប្រទេសចិនប្រាកដជានឹងព្យាយាមជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតរបស់តៃវ៉ាន់។ តែលោកស្រីថា ការព្យាយាមនោះទំនងជានឹងមិនទទួលជោគជ័យឡើយ ដោយសារតែនៅទីនេះ គឺជាលទ្ធិប្រជាធិបតេយ្យ ហើយប្រជាជនតៃវ៉ាន់ដឹងយ៉ាងច្បាស់ថា នរណាស័ក្តិសមធ្វើជាប្រធានាធិបតីបន្ទាប់សម្រាប់កោះតៃវ៉ាន់។

ស្របពេលជាមួយគ្នានេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន កាលពីថ្ងៃពុធ បានចេញមុខវាយប្រហារពាក្យសម្តីបេក្ខភាពប្រធានាធិបតី លោក Lai Ching-te ថា ឯករាជ្យតៃវ៉ាន់មានន័យថា សង្គ្រាម ដោយថា គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងជំរុញឱ្យមានឯករាជ្យភាពតៃវ៉ាន់ នឹងបំពុលផលប្រយោជន៍ និងសុខុមាលភាពរបស់ជនរួមជាតិនៅលើកោះនេះ។

យ៉ាងណា ឆ្លើយតបនឹងការលើកឡើងនេះ លោក Chiu Tai-san ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់បាននិយាយថា «ពួកគេមិនយល់ពីអ្វីដែលហៅថា នយោបាយប្រជាធិបតេយ្យ និងការបោះឆ្នោតនៅទីនេះនោះទេ»។

ដោយឡែក ស្របពេលដែលទីក្រុងប៉េកាំង កំពុងប្រើប្រាស់សាច់ដុំសេដ្ឋកិច្ចដាក់សម្ពាធលើអ្នកបោះឆ្នោតនៅតៃវ៉ាន់នាពេលខាងមុខ មន្រ្តីជាន់ខ្ពស់តៃវ៉ាន់ម្នាក់បានប្រាប់កាសែត Nikkei Asia កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនតៃវ៉ាន់ បានបែរងាកទៅបណ្តាក់ទុនកាន់តែច្រើននៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងជំនួសឱ្យប្រទេសចិនវិញក្នុងឆ្នាំ២០២២។

លោកស្រី Wang Mei-hua រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់បានឱ្យដឹងថា ជាលើកទីមួយហើយក្នុងឆ្នាំ២០២២ ដែលការវិនិយោគរបស់តៃវ៉ាន់នៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងពិតជាមានប្រៀបជាងនៅក្នុងប្រទេសចិន។

លោកស្រីថា ការវិនិយោគរបស់តៃវ៉ាន់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង រួមទាំងឥណ្ឌាបានឈានដល់៥,២ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលលើសពី៥ពាន់លានដុល្លារ ដែលបានចូលប្រទេសចិនក្នុងរយៈពេលដូចគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងតែរៀបចំកែសម្រួលពន្ធលើភេសជ្ជៈ ដើម្បីគាំទ្រ និងជំរុញវិស័យទេសចរណ៍

ព័ត៌មាន
ដើម្បីគាំទ្រ និងជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេស អាជ្ញាធរ និងអ្នកជំនាញថៃ កំពុងតែរិះរកគ្រប់ មធ្យោបាយ។ សារព័ត៌មាននៅក្នុងប្រទេសនេះ បានរា…

មេធំក្រុមហ៊ុន ជីប ម៉ុង អះអាងថា ដើម្បីកសាងក្រុមហ៊ុនមួយឈរជើងបានរាប់រយឆ្នាំ ត្រូវការការរៀនសូត្រ និងអនុវត្តឲ្យទាន់និន្នាការស្ដង់ដារពិភពលោក

ព័ត៌មាន
ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអះអាងថា ការកសាងក្រុមហ៊ុនមួយឲ្យឈានដល់ភាពជោគជ័យ រឹងមាំ និងឈរជើងបានរាប់រយឆ្នាំ មិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ