ត្រីក្នុងស្រុក​ពិបាកប្រជែងទីផ្សារជាមួយត្រីនាំចូល

តើត្រីក្នុងស្រុកពិតជាមិនអាចប្រកួតប្រជែង នឹងតម្លៃត្រីនាំចូលពីក្រៅប្រទេស​មែនទេ? ហេតុអ្វី?


បញ្ហាខ្វះឈ្មួយទិញ បាននិងកំពុងធ្វើឲ្យត្រីក្នុងស្រុកចាល់រាប់ពាន់តោននៅតាមអាងចិញ្ចឹមត្រីនៅទូទាំងប្រទេស ហើយវាក៏កំពុងចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់វារីវប្បករ(អ្នកចិញ្ចឹមត្រី)នៅកម្ពុជា។ ទន្ទឹមនឹងនេះ បញ្ហាក៏នៅតែជាប្រធានបទក្តៅមួយ ដែលទាមទារឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយសម្រាប់អ្នកចិញ្ចឹមត្រីក្នុងស្រុកផងដែរ។
កសិដ្ឋាន​ចិញ្ចឹម​ត្រីនៅកម្ពុជា កំពុងចាល់ត្រី​លក់មិនចេញ
ដោយ

ពាក់ព័ន្ធនឹងបញ្ហាចាក់ស្រេះក្នុងការផ្គត់ផ្គង់ត្រីនេះ ត្រូវបានអ្នកចិញ្ចឹមត្រីក្នុងស្រុកអះអាងថា ដោយសារកម្ពុជាបើកឲ្យមានការនាំចូលត្រីពីក្រៅប្រទេសច្រើនពេក ខណៈក្រសួងកសិកម្ម វិញអះអាងថា បញ្ហានេះអាចបណ្តាលមកពីតម្លៃត្រីក្នុងស្រុកថ្លៃជាងត្រីនាំចូល។ សំណួរថា តើតម្លៃត្រីក្នុងស្រុកពិតជាថ្លៃជាងតម្លៃត្រីនាំចូលដែរឬយ៉ាងណា? ហើយបើថ្លៃជាង មកពីមូលហេតុអ្វី?

 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ពលរដ្ឋខ្មែរពិតជាមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការចិញ្ចឹមត្រីប្រកបដោយគុណភាពនិងបរិមាណ ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងស្រុក។ ប៉ុន្ដែ ក្រសួងកសិកម្មលើកឡើងថា តម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមមិនទាន់អាចដោះស្រាយបាននៅឡើយទេ។

កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការដោះសា្រយបញ្ហារបស់ក្រសួងកសិកម្ម គឺបញ្ហាប្រកួតប្រជែងទីផ្សារត្រីក្នុងស្រុក។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងកសិកម្មកត់សម្គាល់ឃើញថា ត្រីចិញ្ចឹមនៅក្នុងស្រុក នៅតែមានថ្លៃដើមខ្ពស់ជាងត្រីនាំចូលពីក្រៅប្រទេស ដែលជាហេតុធ្វើឲ្យត្រីក្នុងស្រុកមានការពិបាកក្នុងការប្រជែងដណ្តើមទីផ្សារជាមួយត្រីនាំចូល ដ្បិតវាមានតម្លៃថ្លៃជាងត្រីនាំចូល។ 

ពាក់ព័ន្ធបញ្ហានេះ ក្រុមអ្នកចិញ្ចឹមត្រីនៅកម្ពុជាទទួលស្គាល់ថា ត្រីចិញ្ចឹមដោយពលរដ្ឋក្នុងស្រុកមានតម្លៃថ្លៃជាងត្រីនាំចូលពីក្រៅប្រទេសតិចតួចប៉ុណ្ណោះ។ ពលរដ្ឋអះអាងទៀតថា កត្តាដែលធ្វើឲ្យត្រីចិញ្ចឹមក្នុងស្រុកមានតម្លៃត្រីនាំចូលដោយសារការចិញ្ចឹមត្រីក្នុងស្រុកចំណាយដើមទុនច្រើនជាងត្រីនាំចូល ព្រោះរាល់វត្ថុធាតុដើមដូចជាកូនត្រី និងចំណីជាដើមភាគច្រើននាំចូលពីបរទេស។

បើតាមរបាយការរបស់សមាគមវារីវប្បករកម្ពុជាបច្ចុប្បន្នកម្ពុជានៅសល់ត្រីល្មមចាប់ជាង១ម៉ឺនតោនកំពុងចាល់តាមអាងចិញ្ចឹមត្រីដោយសារខ្វះឈ្មួយចុះទៅទិញ។ បញ្ហាត្រីចាល់នេះ ត្រូវបានក្រុមអ្នកចិញ្ចឹមត្រីនៅកម្ពុជាកត់សម្គាល់ឃើញថា ដោយសារតម្រូវការត្រីក្នុងស្រុកមានថយចុះ គួបផ្សំការនាំចូលត្រីពីក្រៅប្រទេសនៅមានបរិមាណច្រើន។

ឆ្លើយតបនឹងការលើកឡើងរបស់ពលរដ្ឋ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ក្រសួងកសិកម្ម មាននាយកដ្ឋានរដ្ឋបាលជនផលជាសេនាធិការ មិនបានចេញលិខិតអនុញ្ញាតឲ្យនាំចូលប្រភេទត្រីមាននៅក្នុងស្រុកពីក្រៅប្រទេសនោះទេ បើមានក៏មានក្នុងបរិមាណតិចតួចបំផុត។ ឯកឧត្តមទទួលស្គាល់ថាការចិញ្ចឹមត្រីរបស់ពលរដ្ឋក្នុងស្រុកមានការចំណាយដើមទុនច្រើនជាងត្រីនាំចូល ហើយតម្លៃលក់ចេញទៀតសោតក៏មានតម្លៃខ្ពស់ជាងផងដែរ។ ប៉ុន្តែឯកឧត្តមជឿជាក់ថា ប្រសិនបើមានការរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់ និងបង់ពន្ធនាំចូលត្រឹមត្រូវ នោះតម្លៃត្រីនាំចូល នឹងមានប្រហាក់ប្រហែលនឹងតម្លៃត្រីចិញ្ចឹមក្នុងស្រុក ដែលអាចប្រកួតប្រជែងគ្នាបាន។

ក្រុមអ្នកចិញ្ចឹមនៅកម្ពុជា បានលើកឡើងដែរ ចំពោះការចិញ្ចឹមត្រីក្នុងស្រុក គឺអនុវត្តតាមបច្ចេកទេស និងក្បួនខ្នាតត្រឹមត្រូវគ្មានការប្រើសារធាតុជំរុញឲ្យឆាប់ធំ ដែលធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកបរិភោគ ខុសពីត្រីនាំចូលពីក្រៅប្រទេសមួយចំនួន ដែលប្រើអ័រម៉ូនជំរុញឲ្យឆាប់ធំ។ បើតាមអ្នកជំនាញចិញ្ចឹមត្រីនៅកម្ពុជា ការចិញ្ចឹមត្រីបែបធម្មជាតិអាចចំណាយពេលរហូតជាង៣ខែទើបល្មមចាប់លក់បាន ខណៈការចិញ្ចឹមដោយប្រើអ័រម៉ូនជំរុញ គឺប្រើពេលវេលាតែជាង១ខែ ឬពីរប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រុមវារីវប្បករកម្ពុជាស្នើឲ្យឈ្មួញ និងប្រជាពលរដ្ឋកម្ពុជាជួយគាំទ្រត្រីចិញ្ចឹមក្នុងស្រុក ដ្បិតវាមានគុណភាព រស់ជាតិឆ្ងាញ់ជាងត្រីនាំចូលពីក្រៅប្រទេស ដែលភាគច្រើនចិញ្ចឹមដោយមិនគិតពីសុខភាពរបស់អ្នកបរិភោគ។ ការបរិភោគត្រីចិញ្ចឹមក្នុងស្រុកមិនត្រឹមតែជួយលើកកម្ពស់សុខភាពពលរដ្ឋ និងវិស័យវារីវប្បកម្មនៅកម្ពុជានោះទេ តែជាការរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ដោយសារតែមានគោលនយោបាយជំរុញពីរាជរដ្ឋាភិបាល បានធ្វើឲ្យផលិតកម្មវារីវប្បកម្មនៅកម្ពុជានៅឆ្នាំ២០២០ បានកើនឡើងដល់ទៅ៣០% ធៀបនឹងឆ្នាំ២០១៩៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឥន្ធនៈនៅកម្ពុជាហក់ឡើង ស្របពេលតម្លៃប្រេងឆៅពិភពលោកក៏កើនកាន់តែខ្ពស់

ព័ត៌មាន
តម្លៃប្រេងឆៅលើទីផ្សារពិភពលោកនៅតែបន្ដហក់ឡើងខ្ពស់ដដែលមកទល់ថ្ងៃនេះ ដោយតម្លៃប្រេងឆៅមួយបារ៉ែលបានកើនឡើងដល់ទៅជាង ៧២ដុល្លារអាមេរិកហើយ។ ការក...

តើកម្ពុជាអាចមានសមត្ថភាពដាំលម៉ើនាំចេញបានទេ?

ព័ត៌មាន
ដំណាំលម៉ើ បានដាំដុះនៅកម្ពុជាយូរឆ្នាំមកហើយដែរ ប៉ុន្ដែ មិនទាន់សូវមានការដាំដុះទូលំទូលាយ និងទ្រង់ទ្រាយធំនៅឡើយទេ។ ទោះយ៉ាងណា អ្នកជំនាញ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ