របាយការណ៍ស្តីពីគោលនយោបាយសារពើពន្ធសម្រាប់ស្ថិរភាពសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបានអះអាងថា សេដ្ឋកិច្ចឡាវនឹងកើនឡើងក្នុងអត្រា៤,១ភាគរយ នៅក្នុងឆ្នាំ២០២៤ ខាងមុខ ប៉ុន្តែបញ្ហាប្រឈមនឹងនៅតែមានដោយសារតែអតិផរណាកើនឡើងខ្ពស់ គួបផ្សំបញ្ហាបំណុលខាងក្រៅស្ថិតក្នុងកម្រិតដ៏ខ្ពស់ និងបញ្ហាកង្វះកម្លាំងពលកម្ម។
តាមសេចក្តីរាយការណ៍ដែលបានផ្សាយនៅលើកាសែតវៀងច័ន្ទថាម ភាពប្រសើរឡើងនៃសេដ្ឋកិច្ចនៃប្រទេសដីគោកសុទ្ធនេះ គឺភាគច្រើនពឹងផ្អែកលើវិស័យទេសចរណ៍ ការដឹកជញ្ជូន សេវាកម្ម និងការវិនិយោគបរទេស។
ជុំវិញបញ្ហានេះធនាគារពិភពលោកបានអះអាងថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចឡាវហាក់ប្រសើរជាងមុនក៏ពិតមែន ប៉ុន្តែអតិផរណាក៏កំពុងតែមានសភាពកើនឡើង ជាពិសេសកំណើននៃតម្លៃវត្ថុប្រើប្រាស់ និងចំណាយអាជីវកម្ម ដែលនាំឱ្យពលរដ្ឋឡាវព្យាយាមកាត់បន្ថយការចំណាយគ្រួសារលើអាហារ ការអប់រំ និងសុខភាព។
ក្រៅពីនោះក៏មានសេចក្តីរាយការណ៍ផងដែរថា ស្ថានភាពអតិផរណាក៏បានបង្កការព្រួយបារម្ភនាំឱ្យពលរដ្ឋឡាវកាត់បន្ថយការសន្សំផងដែរ ដែលអាចនាំឲ្យគ្រួសារជាច្រើននៅក្នុងប្រទេសនេះប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រ។
ធនាគារពិភពលោកបាននិយាយថា ទោះបីជាតម្លៃសកលនៃទំនិញនាំចូលមួយចំនួនបានធូរស្រាលក៏ដោយ តែអតិផរណានៅឡាវនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដោយកម្រិតអតិផរណាឡើងដល់ទៅ២៦ភាគរយកាលពីខែតុលា កន្លងទៅថ្មីៗនេះ។ សម្រាប់អតិផរណាតម្លៃម្ហូបអាហារត្រូវបានគេរាយការណ៍ថា មានរហូតដល់២៩ភាគរយ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គ្រួសារក្រីក្រនៅក្នុងទីក្រុង។
អ្នកសេដ្ឋកិច្ចបានព្រមានថា ការចុះខ្សោយនៃរូបិយប័ណ្ណជាតិ គឺជាមូលហេតុចម្បង ដូច្នេះអតិផរណានឹងនៅតែខ្ពស់រហូតដល់អត្រាប្តូរប្រាក់មានស្ថិរភាព។ នៅក្នុងខែតុលា ប្រាក់គីបរបស់ឡាវបានបន្តធ្លាក់ថ្លៃ ដោយបានធ្លាក់ចុះក្នុងតម្លៃ២៩ភាគរយ បើធៀបនឹងប្រាក់បាតថៃ និង រហូត២១ភាគរយបើធៀបនឹងប្រាក់ដុល្លារ។
លោក អាឡិច គ្រីម័រ (Alex Kremer) នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកប្រចាំប្រទេសឡាវបានមានប្រសាសន៍ថា ការប្រមូលពន្ធទាបកំពុងធ្វើឱ្យខូចដល់ស្ថិរភាពសេដ្ឋកិច្ច និងទស្សនវិស័យអភិវឌ្ឍន៍របស់ប្រទេសឡាវ។ ដើម្បីស្ដារស្ថិរភាពសេដ្ឋកិច្ច ឡាវកំពុងគិតគូរពិនិត្យអាករលើតម្លៃបន្ថែម ហើយពន្ធលើថ្នាំជក់ និងគ្រឿងស្រវឹងក៏ត្រូវបានរៀបចំឡើងវិញ ដោយឡែកផែនការស្វែងរកប្រាក់ចំណូលកាន់តែច្រើនត្រូវបានលើកឡើងដើម្បីការពារការចំណាយលើវិស័យសុខាភិបាល និងការអប់រំ៕
ដោយៈ សរ សុជាតិ