កិច្ចព្រមព្រៀងAUKUS

ចិនមិនសប្បាយចិត្ត ខណៈបារាំងខាតប្រយោជន៍ ក្រោយអាមេរិកនិងសម្ព័ន្ធមិត្តចុះកិច្ចសហប្រតិបត្តិការថ្មីមួយ ពង្រឹងយោធាជើងទឹក


សហរដ្ឋអាមេរិក អូស្ត្រាលី និង ចក្រភពអង់គ្លេស បានបង្ហាញនូវកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពសន្តិសុខសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យប្រទេសអូស្ត្រាលី ដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងដែនសមុទ្របាន ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលយោជាជើងទឹករបស់ប្រទេសចិន។
ចិនមិនសប្បាយចិត្ត ខណៈបារាំងខាតប្រយោជន៍ ក្រោយអាមេរិកនិងសម្ព័ន្ធមិត្តចុះកិច្ចសហប្រតិបត្តិការថ្មីមួយ ពង្រឹងយោធាជើងទឹក
ដោយ

កិច្ចព្រមព្រៀង សន្តិសុខ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នេះ បាន​ធ្វើ​ឲ្យ​ភាគី​ចិន​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​បាន​ចោទប្រកាន់​ប្រទេស​ទាំង​បី​ថា កំពុង​ធ្វើសង្គ្រាម​ត្រជាក់ ផ្នែក​ចិត្តសាស្ត្រ  ជាមួយ​ប្រទេស​ដទៃ​។ ក្រុង​ប៉េ​កាំ​ង តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន បាន​ប្រតិកម្ម​រិះគន់​ថា គេ​មិន​គួរ​បង្កើត​ក្រុម​ប្រទេស​សម្ព័ន្ធភាព​មួយ ដើម្បី​សំដៅ​វាយប្រហារ​ផលប្រយោជន៍​របស់​ប្រទេស​ទី​បី​នោះ​ទេ​។ ប្រទេស​ទី​បី​ដែល​ចិន​ទំនងជា​ចង់​សំដៅលើ​ខ្លួនឯង​ផ្ទាល់​តែ​ម្តង​។

តាម​រយៈ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​កាលពី​ថ្ងៃ​ពុធ ទី​១៥ កញ្ញា សម្ព័ន្ធមិត្ត​ទាំង​បី​រួម​មាន​អា​មេ​រិ​ក អូស្ត្រាលី និង​អង់គ្លេស នឹង​ឈាន​ទៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ឲ្យ​កាន់តែ​រឹង​មាំ មិន​ធ្លាប់​មាន​ពី​មុន​នោះ​ទេ ក្នុង​សតវត្ស​ន៍ទី​២១​នេះ នៅ​ក្នុង​ការ​ការពារ​ជាតិ ដែល​រួម​បញ្ចូល​វិស័យ​ជា​ច្រើន​ដូច​ជា បញ្ញា​សិប្បនិម្មិត​(A.I.) បច្ចេកវិទ្យា អិន​ធឺ​ណែ​ត និង ប្រព័ន្ធ​អុ​ប​ទិច​ក្រោម​បា​តុ​សមុទ្រ​ជាដើម​។

កិច្ច​សហប្រតិបត្តិការ​ថ្មី​ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា អូ​កឺ​ស (AUKUS) និង ចាប់ផ្តើម អនុវត្ត​តាម​រយៈ​ជំនួយ​ដល់​ប្រទេស​អូស្ត្រាលី ក្នុង​ការ​ទទួល​បាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដំបូង​គេ​របស់​ខ្លួន​។ នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ដែល​មាន​សំឡេង​ស្ងាត់​ជាង មាន​ល្បឿន​លឿន​ជាង មុជ​ទៅ​ក្នុង​ជំរៅ​ទឹក​ជ្រៅ​ជាង និង បាន​យូរ​ជាង នាវា​ធម្មតា​។ នាវា​នេះ​ទំនងជា​ត្រូវ​ទទួល​បាន​ជំនួយ​ផ្នែក​បច្ចេកទេស​ពី​សហរដ្ឋអាមេរិក និង អង់គ្លេស​សម្រាប់​ការ​ផលិត​ថ្មី​តែ​ម្តង​។

យ៉ាងណាមិញ ភាគី​ទាំង​បី បាន​បញ្ជាក់​ហើយ​ថា ទោះបី​នាវា​ខាងលើ​ដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ​មែន ប៉ុន្តែ​នាវា​នេះ​នឹង​មិន​មាន​បំពាក់​មក​ជាមួយ​នូវ​អាវុធ នុយក្លេអ៊ែរ​នោះ​ទេ​។

មិន​ត្រឹមតែ​ប្រទេស​ចិន​នោះ​ទេ​ដែល​បាន​បរិហារ និង​រិះគន់​កិច្ចព្រមព្រៀង​ខាងលើ ជុំវិញ​បញ្ហា​នាវាមុជទឹក​នេះ​ដែរ បារាំង​បាន​សម្តែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង និង​បាន​រិះគន់​កិច្ចព្រមព្រៀង AUKUS ថា​បាន​សម្លាប់​កិច្ចសន្យាលក់​នាវាមុជទឹក​បារាំង​។

បារាំង​ខឹងសម្បា​គឺ​ដោយសារ បារាំង​បាន​បាត់បង់​ប្រយោជន៍​ដែល​មាន​តម្លៃ​ទឹកប្រាក់​ដ៏​ច្រើន​មហាសាល​។ នៅ​បន្ទាប់​ពី​បាន​បង្កើត​កិច្ចព្រមព្រៀង​សន្តិសុខ ជាមួយ​អា​មេ​រិ​ក និង​អង់គ្លេស លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត មូ​រី​សុ​ន បាន​ប្រកាស លុប​ចោល​កិច្ចសន្យា​ទិញ​នាវាមុជទឹក​តម្លៃ ៥០​ពាន់​លាន​ដុល្លារ​អូស្ត្រាលី ដែល​អូស្ត្រាលី​បាន​ចុះហត្ថលេខា​ជាមួយ បារាំង កាលពី​ឆ្នាំ ២០១៦​។

គួរ​រំឭក​ថា​កាលពី​ឆ្នាំ​២០១៦ អូស្ត្រាលី​ធ្លាប់​បាន​ចុះ​កិច្ចសន្យា​ទិញ នាវាមុជទឹក​ពី​បារាំង ចំនួន ១២​គ្រឿង​។ តាម​កិច្ចសន្យា​ទិញ​លក់​នាវាមុជទឹក​ជាមួយ​បច្ចេកវិទ្យា​របស់​បារាំង​នេះ ការដ្ឋាន​សាងសង់​នាវា​ក្នុង​ទឹកដី​អូស្ត្រាលី នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២២ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០៣០​ខាង​មុខ​។

គួរ​កត់សម្គាល់​ឲ្យ​ដឹង​ថា ការ​រួម​សហការ​គ្នា​រវាង​ប្រទេស​ធំ​ៗ​ទាំង​បី​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​យុទ្ធសាស្ត្រ​ថ្មី​១ របស់ សហរដ្ឋអាមេរិក ដើម្បី​ប្រមូលផ្តុំ​កម្លាំង​បន្ថែម​ពី​សម្ព័ន្ធមិត្ត​របស់​ខ្លួន ឲ្យ​ចូល​មក​ក្នុង​ដែន​យុទ្ធសាស្ត្រ នៃ​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក សម្រាប់​ទប់ទល់​នឹង​វត្តមាន​របស់​យោធា​ជើង​ទឹក​ចិន នៅ​ក្នុង​តំបន់​មួយ​នេះ​ដែរ ជា​ពិសេស​ការ​ប្រមូលផ្តុំ​កម្លាំង​សម្រាប់​ទប់ទល់​នឹង​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន កំពុង​កើន​កំ​ដៅ​ខ្លាំង​។

យ៉ាងណាមិញ នាយក​រដ្ឋមន្ត្រី​អង់គ្លេស និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​អះអាង​ផ្ទាល់​ថា តាម​រយៈ កិច្ចព្រមព្រៀង​លើក​នេះ ប្រទេស​សម្ព័ន្ធមិត្ត ទាំង​បី អូស្ត្រាលី អា​មេ​រិ​ក និង​អង់គ្លេស នឹង​ខិតចូល​ជិត​គ្នា​កាន់តែ​ខ្លាំង​។ មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បញ្ជាក់​បន្ថែម​ថា កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ អា​មេ​រិ​ក​គ្មាន​គោលដៅ ប្រឆាំង​នឹង​ប្រទេស​ណា​នោះ​ទេ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ គឺ​មាន​គោលដៅ​ធានា​សន្តិសុខ ស្ថិរភាព​នៅ​ក្នុង​តំបន់ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។

សូម​ជម្រាប​ដែរ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​ក៏​នឹង​បើក​កិច្ចប្រជុំ​ដោយឡែក​មួយទៀត នៅ​ចុងខែ​កញ្ញា​នេះ ជាមួយនឹង​សម្ព័ន្ធមិត្ត​ចតុ​ភាគី​ហៅ​កាត់​ថា ខ្វ​ត (Quad) ដែល​មាន​សមាជិក​ដូច​ជា អា​មេ​រិ​ក ជប៉ុន ឥណ្ឌា និង អូស្ត្រាលី​។ មេដឹកនាំ​កំពូល​ប្រទេស​ទាំង​៤​នេះ នឹង​ជួប​ពិភាក្សា​គ្នា​ផ្តោត​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​លើ​វិស័យ​ផ្សេង​ៗ ដូច​ជា​ការ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ ភាព​ជា​ដៃគូ​លើ​បច្ចេកវិទ្យា​ដែល​កំពុង​រីក​ចម្រើន និង ការ​ជំរុញ​ឱ្យ​មាន​សេរីភាព​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​កដោយ​គ្មាន​ការ​គំរាម​ពី​ប្រទេស​នានា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះតៃវ៉ាន់ គ្រោងពង្រីកការចំណាយលើយោធាបន្ថែមជិត៩ពាន់លានដុល្លារ ចំពេលការគំរាមកំហែងកើនឡើងកាន់តែខ្លាំង

ព័ត៌មាន
កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានដាក់សំណើពង្រីកការចំណាយបន្ថែមលើវិស័យយោធាប្រមាណជិត ៩ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ឆ្នាំ…

អគារ អាយ អេស អាយ៖អគារការិយាល័យទំនើបដំបូងបង្អស់ក្នុង តំបន់វេងស្រេងត្រៀមខ្លួនរួចរាល់សម្រាប់ការជួល

ព័ត៌មាន
ភ្នំពេញ (១៦ កញ្ញា ២០២១) អគារ អាយ អេស អាយ (ISI Tower) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ហើយមានទីតាំងនៅតាមបណ្តោយមហាវិថីវេង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ